ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា រយៈពេល៩ខែដើមឆ្នាំ២០១៨នេះ ក្រសួងការពារជាតិ បានធ្វើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗតាមព្រំដែនបានចំនួន៤,២៣៣លើក ហើយក្នុងនោះ នៅព្រំដែនកម្ពុជា-ថៃ ចំនួន២,០៥៤លើក និងព្រំដែនកម្ពុជា-វៀតណាម ចំនួន១,០០៨លើក ហើយព្រំដែនកម្ពុជា-ឡាវ ចំនួន១,១៧១លើក។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់យ៉ាងនេះថា “រយៈពេល៣ត្រីមាសមកនេះ កងយោធពលខេមរភូមិន្ទ ក៏បានសហការជាមួយក្រុមហ៊ុនរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន ៥៦៦ធាតុ ក្នុងនោះរកឃើញដោយ យោធភូមិភាគពិសេសចំនួន៥២ធាតុ យុទ្ធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ ចំនួន១២២ធាតុ យោធភូមិភាគទី៤ចំនួន៩០ធាតុ និងយោធភូមិភាគទី៥ ចំនួន ៥៩ធាតុ។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្ដុំអនុវត្តភារកិច្ចរបស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីការងារ ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាបន្តបន្ទាប់។
ការអនុវត្តភារកិច្ចការពារប្រជាធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងប្រៀប ការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវ ទៅចូលរួមទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ៕
Source: Kampuchea Thmey Daily
0 Comments