ប្រទេសជាប់ទន្លេមេគង្គទាំង៥គឺមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាមបានបញ្ជូនក្រុមជម្រើសជាតិក្រោមអាយុ១៧ឆ្នាំ (U17) ចូលរួមប្រកួតក្នុងពានរង្វាន់ JENESYS 2018 Japan-Mekong U-17 Football Exchange Tournament នៅប្រទេសជប៉ុន បូកជាមួយក្រុមចំនួន៣ទៀតរបស់ម្ចាស់ស្រុកក៏ចូលរួមដែរ។
ក្រុម U-17 កម្ពុជាស្ថិតក្នុងពូល A មានជម្រើសជាតិជប៉ុនវ័យក្រោម១៧ឆ្នាំ,មីយ៉ាន់ម៉ា និងវៀតណាម ខណៈពូល Bមាន U17 ថៃ ក្រុមយុវជនរបស់សាលា Japan High School Team, Japan Youth Team និងជម្រើសជាតិវ័យក្រោម១៧ឆ្នាំឡាវ។ ចំណែកកាលបរិច្ឆេទប្រកួតចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៨ ដោយប្រើប្រាស់ទីលាន២គឺកីឡដ្ឋាន National Training Center J-Village ក្នុងតំបន់ Futaba ខេត្តFukushima។
ថ្ងៃប្រកួតបើកឆាកក្រុម U17កម្ពុជា បានប្រកួតចាញ់ក្រុម U17ជប៉ុន ដោយលទ្ធផល៥ទល់០។ កីឡាករKANO Kanato,OHORI Ryonosuke,WAKATSUKI Yamato,TAKADA Soya,HOKAZONO Ryuichi ជាម្ចាស់គ្រាប់បាល់ក្នុងប្រកួតនេះ។ ចំណែកនៅពូលជាមួយគ្នាក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមវៀតណាម ១-០។ ចំណែកប្រកួតបន្ទាប់របស់ក្រុមកម្ពុជា ត្រូវប៉ះក្រុមវៀតណាម មុនបន្តប៉ះក្រុមមីយ៉ាន់ម៉ា។
សម្រាប់ក្រុម U17របស់កម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅរួមមាន ថា ច័ន្ទឬទ្ធី, វី អាមីលីន, សៀន សុភត្ត្រា, សៀង ចន្ធា, សឿត ណាវ៉ា, ធី វ៉ាឈុន, សៅ វ៉ៃហ្វី,ពៅ ចាន់ថេត, អាត អូនតូច, ផន អយ, ភេម តៅ សិញ, មិត សាមើល, កយ សាលីម, ស្រ៊ី ពិសិដ្ឋ,កាយ ហេងលី,ហ៊ត ឈិនជិន, ដោរ រ៉ូហ្ស៉ាន់,ជុំ សាវង្ស,អ៊ឹម វីនុន, ជួង មករា។ យោងតាមការកំណត់របស់គណៈកម្មការប្រកួតក្រុមទាំងអស់អនុញ្ញាតិឲ្យយកកីឡាករវ័យ១៧ឆ្នាំចុះក្រោម ក្នុងមួយក្រុមមានកីឡាករចុះឈ្មោះ២០នាក់។ ក្រុមទាំង៨បែងចែកជា២ពូល ក្នុងមួយពូលមាន៤ក្រុម។ ការប្រកួតធ្វើឡើងក្នុងលក្ខណៈវិលជុំដើម្បីរក២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ តែម្តង៕
Source: Kampuchea Thmey Daily
0 Comments