ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា សកម្មភាពលះបង់ក្នុងបុព្វហេតុជាតិ មាតុភូមិ របស់កងយោធពលខេមរភូមិន្ទ គួរត្រូវបានកោតសរសើរ និងលើកទឹកចិត្ត ប៉ុន្តែបុគ្គលមួយចំនួន មិនដែលទទួលស្គាល់នូវការខិតខំបម្រើជាតិ របស់កងយោធពលខេមរភូមិន្ទទេ ហើយតែងបន្តុះបង្អាប់ទៀតផង ធ្វើយ៉ាងណាបំពេញចិត្តចៅហ្វាយនាយបរទេសរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ លើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី០៥ ខែតុលា និងបន្ទាប់ពីមានការរិះគន់មួយចំនួន ទាក់ទងការជ្រើសរើសទាហានថ្មីរបស់ក្រសួងការពារជាតិ។ លោកថ្លែងថា ការជ្រើសរើសទាហានថ្មីឲ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ គឺជាពង្រឹងនូវកិច្ចការពារជាតិ បូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រជាជាតិកម្ពុជាទាំងមូល ហើយឆ្លើយតប និងជំនួសកម្លាំងមន្ត្រីយោធា ដែលចូលនិវត្តន៍ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា ការជ្រើសរើសទាហានថ្មី គឺអនុវត្តស្របទៅតាមគោលនយោបាយការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ ទៅតាមតម្រូវការចាំបាច់ ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ បានចូលរួមបម្រើការពារជាតិ មាតុភូមិ ដែលមិនមែនជារឿងថ្មីនោះទេ។ មិនតែប៉ុណ្ណោះ ការពង្រឹងបន្ថែមនូវកម្លាំងការពារជាតិនេះ ក៏សមាមាត្រទៅនឹងការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច និងប្រជាជនកម្ពុជាយើងផងដែរ។
តាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ប្រជាពលរដ្ឋខ្មែរ បានអបអរសាទរ និងគាំទ្រដល់គោលនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជូនកូនចៅ មកចុះឈ្មោះចូលធ្វើទាហានថ្មីយ៉ាងច្រើនកុះករ ហើយទាហានថ្មីទាំងនោះ ក៏ត្រូវបានបណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ ដើម្បីបំពេញភារកិច្ចរៀងៗខ្លួន។ កន្លងមក កងយោធពលខេរមភូមិន្ទ ដែលមានការចូលរួមពីទាហានថ្មីនេះ បានខិតខំបំពេញការងារមិនខ្លាចនឿយហត់ ដោយការចូលរួមពង្រឹងការល្បាតការពារតាមតំបន់ព្រំដែន (គោក ទឹក អាកាស), ពង្រឹងសន្តិសុខ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ដែលបម្រើឲ្យការងារគ្រប់គ្រងសន្តិសុខ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវរាល់បទល្មើស ភាពអនាធិបតេយ្យផ្សេងៗ។ កៅពីនោះ យើងបានចូលរួមការងារសង្គម និងមនុស្សធម៌សំខាន់ៗផ្សេងទៀត តាមរយៈការកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់ផ្សេងៗ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ចូលរួមសង្គ្រោះប្រជាជនដែលរងគ្រោះមហន្តរាយផ្សេងៗ ហើយថែមទាំងទៅបេសកកម្មរក្សាសន្តិភាពជូនពិភពលោក ក្រោមឆត្រអង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសថែមទៀត ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះកងទ័ពកម្ពុជា និងជាតិកម្ពុជា លេចត្រដែតត្រដឹមនៅលើឆាកអន្តរជាតិ គួរជាទីមោទនៈ។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អះអាងថា សកម្មភាពលះបង់ក្នុងបុព្វហេតុជាតិមាតុភូមិរបស់កងយោធពលខេមរភូមិន្ទនេះ គួរត្រូវបានកោតសរសើរ និងលើកទឹកចិត្តជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែបុគ្គលមួយចំនួន មិនដែលទទួលស្គាល់នូវការខិតខំបម្រើជាតិ របស់បងប្អូនកងយោធពលខេមរភូមិន្ទយើងទេ ហើយតែងបន្តុះបង្អាប់កិត្តិយសរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើងជាបន្តបន្ទាប់ ដើម្បីធ្វើយ៉ាងណាបំពេញចិត្តចៅហ្វាយនាយបរទេសរបស់ពួកគេ។
មួយវិញទៀត ចំពោះការរិះគន់ថា កម្ពុជាមិនចាំបាច់ជ្រើសរើសទាហានថ្មី ដោយសារតែមិនមានសង្គ្រាមនោះ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ថា នោះជាទស្សនៈមិនសមហេតុផលទាល់តែសោះ ព្រោះជាធម្មតាប្រទេសដែលមានគោលនយោបាយច្បាស់លាស់នោះ ទោះជាមិនមានសង្គ្រាម ក៏វិស័យការពារជាតិត្រូវការពង្រឹងជាបន្តបន្ទាប់ដែរ ដើម្បីត្រៀមបម្រុងទុក មិនមែនទាល់តែមានសង្គ្រាម ទើបចាប់ផ្តើមរើសកងទ័ពនោះទេ៕
Source: Kampuchea Thmey Daily
0 Comments