សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរំសាយសមាជិក១៦ ដែលធ្លាប់បានស្នាក់នៅ រៀនសូត្រ និងហ្វឹកហាត់បាល់ទាត់ នៅមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ក្រោយពួកគេបានផុតកិច្ចសន្យា ដើម្បីផ្ដល់ឱកាសដល់ពួកបានចូលលេងឲ្យក្លិបអាជីពនានា។
កីឡាករទាំង១៦នាក់នោះមាន សេត ម៉ាន់ស៊ូ, ហេង ទីណា,រ័ត្ន ប៊ុននូ,ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ,សឿត ណាវ៉ា,គង់ ពីលត់, ផុន តៃនិញ, ឡុង ម៉េងហាវ, ទូច គឹមឆាយ, អាត អូនទូច, ទៀត គឹមហេង,ផាច សុវិឡា, ឈឿង វិស៊ីនុ, លន ថេន និងសឿន សុភក្ត្រា។ កីឡាករទាំង១៦នាក់នេះត្រូវបានក្លិបចំនួន៤នៅលីគកំពូលកម្ពុជា បានចុះឈ្មោះឲ្យចូលរួមក្នុងក្រុម។ ក្លិបទាំង៤នោះមានវិសាខា បឹងកេត ណាហ្គាវើល និងអគ្គីសនីកម្ពុជា។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា «យើងគិតថាយើងកំពុងត្រូវការកម្លាំងយុវជន និងដើម្បីជួយក្លឹបតាមលីគរបស់យើងឲ្យខ្លាំង។ អ៊ីចឹងមិនទាន់មានគោលការណ៍ទារតម្លៃពីក្លិបទេគ្រាន់តែមានលក្ខខណ្ឌឲ្យក្លឹបធ្វើតាម ដោយត្រូវយកក្មួយៗទាំងនេះទៅដោយផ្តល់ឲ្យមានការហ្វឹកហាត់ស្ដង់ដារដូចនៅបាទីដែរ ត្រូវហ្វឹកហាត់មានបច្ចេកទេស លក្ខណៈយុវជនត្រឹមត្រូវ និងមានការប្រកួតត្រូវតាមកម្រិតដើម្បីឲ្យពួកគេមានសមត្ថភាពកាន់តែល្អប្រសើរ ហើយបើមានការប្រមូលផ្ដុំជម្រើសជាតិយុវជន ក្លិបត្រូវអនុញ្ញាតឲ្យក្មួយៗមកជួយដល់ក្រុមយុវជនវិញ។ មួយទៀតត្រូវបង្កឱកាសឲ្យបានរៀន ទោះបីលេងបាល់ល្អយ៉ាងណាក៏ត្រូវផ្ដល់ឱកាសដល់ក្មួយៗក្នុងការសិក្សា ព្រោះកីឡាករបាល់ទាត់មិនអាចប្រកបអាជីពបាល់ទាត់រហូតនោះទេ»។
ចំណែកសាលាបាល់ទាត់ជាតិមានយុវជន២កម្រិតគឺអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ បង្កើតឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធនានាដូចជា ក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបណ្ដុះបណ្ដាលពង្រឹងធនធានកីឡាករបាល់ទាត់របស់កម្ពុជា នៅថ្ងៃអនាគត ជាពិសេសត្រៀមទទួលធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខ។ សាលានេះមានទីតាំង នៅមជ្ឈមណ្ឌលជាតិទន្លេបាទី ក្នុងខេត្តតាកែវ៕
Source: Kampuchea Thmey Daily
0 Comments