ភ្នំពេញ ៖ ម្ចាស់បទ ស្រណោះម៉ែចាស់ លោក សុផល ទីទី ថ្មីៗនេះត្រូវបានប្រភពចេញពីចង្កោមអ្នកសិល្បៈ ដែលជារៀមច្បងចេញមុខទម្លាយប្រាប់ជាសាធារណៈនូវប្រវត្តិពិតរបស់តារាចម្រៀងរូបនេះ ដែលធ្លាប់ឆ្លងកាត់ការលំបាកជាច្រើននៅក្នុងខ្សែជីវិតរបស់ខ្លួនទម្រាំនិងមានឈ្មោះល្បីលើវិថីសិល្បៈដូចពេលនេះ។
ផ្អែកតាមការបញ្ជាក់នៅលើផេក Movie star research របស់អ្នកនាង ស៊ិន ឧត្តមផល្លា បានរៀបរាប់ដូច្នេះថា ដោយសារតែមានការសំណូមពរពីបងប្អូនទស្សនិកជនជាច្រើន បានស្នើសុំឲ្យ Movie star research ចុះផ្សាយព័ត៌មានលំអិត អំពីជីវប្រវត្តិរបស់តារាចម្រៀងគឺលោក សុផល ទីទី ដោយមានការគាំទ្រនិងផ្ទុះយ៉ាងខ្លាំងតាមរយៈបទ ( ស្រណោះម៉ែចាស់ ) កាលពីរដូវ ភ្ជុំបិណ្ឌ កន្លងមកនេះ។
លោក សុផល ទីទី មានស្រុកកំណើតមកពី ស្រុកស្អាង ខេត្តកណ្ដាល បច្ចុប្បន្ននេះលោកមានអាយុ២៩ឆ្នាំហើយ លោកមានបងប្អូនទាំងអស់ចំនួន១០នាក់លោកជាកូនទី៧ បងប្អូនរបស់លោកមានគ្រួសារអស់ហើយ ឪពុករបស់លោកជាគ្រូបង្រៀន តែគាត់បានទទួលមរណភាពហើយ។
ចំណែកម្តាយរបស់លោកពីដើមឡើយមក គាត់ប្រកបរបរជាកសិករ តែពេលនេះគាត់ឈប់ហើយដោយសារមានវ័យកាន់តែជរាណាស់ទៅហើយ។
ប្រភពបានបន្តថា លោក សុផល ទីទី ចូលប្រឡូកក្នុងពិភពសិល្បៈនៅក្នុងឆ្នាំ២០១២ និងចាប់ពីឆ្នាំ២០១៤លោក សុផល ទីទី មានការគាំទ្រខ្លាំងតាមរយៈការច្រៀងគ្រប់កម្មវិធីមិនថាកម្មវិធីតាមស្ថានីយទូរទស្សន៍និងតាមកម្មវិធីអាហ្វែជាដើម។ សព្វថ្ងៃនេះ លោក សុផល ទីទី ជាជំហរក្នុងគ្រួសារទទួលបន្ទុកច្រៀងដើម្បីចិញ្ចឹមម្តាយដែលមានវ័យ៧០ឆ្នាំ និងចិញ្ចឹមក្មួយៗចំនួន ៥នាក់ទៀត។ កន្លងមកមុនក្លាយជាតារាចម្រៀងលោក សុផល ទីទី ធ្លាប់ឆ្លងកាត់ជីវិតលំបាកជាច្រើនលោកធ្លាប់ធ្វើជាកម្មករសំណង់ជាអ្នកលាងឡាននិងម៉ូតូ និងជាអ្នករត់តុផងដែរ។
អ្នកនាង ស៊ិន ឧត្តមផល្លា បានលើកឡើងថា ដោយសារតែការខិតខំប្រឹងប្រែង រហូតមកដល់បច្ចុប្បន្ននេះលោកបានទទួលជោគជ័យក្នុងអាជីពជាតារាចម្រៀងដោយត្រូវបានទស្សនិកជនជាច្រើនទទួលស្គាល់តាមរយៈបទ( ស្រណោះម៉ែចាស់ )និង(កុំស្រលាញ់គេក្រៅពីបង )ក្នុងឆ្នាំ២០១៨នេះ ។លោក សុផល ទីទី ក៏និងមានគំរោងចេញទៅសម្តែងនៅឯក្រៅប្រទេសផងដែរ សម្រាប់ឆ្នាំ២០១៨និង២០១៩ខាងមុននេះ មានដូចជា ប្រទេស បារាំងអូស្ត្រាលី និងកាណាដា ជាដើម។
លោក សុផល ទីទីបានបញ្ជាក់ថា បន្ទាប់ពីលោកត្រឡប់មកពីសម្តែងនៅក្រៅប្រទេសវិញ លោកមានគំរោងនិពន្ធបទចម្រៀង ដែលជាស្នាដៃរបស់លោកផ្ទាល់ដើម្បីបម្រើអារម្មណ៍ទស្សនិកជនដែលបានគាំទ្រ។ សូមបញ្ជាក់ដែរថា បច្ចុប្បន្ននេះលោក សុផល ទីទី ច្រៀងនៅក្នុងភោជនីយដ្ឋាន ពិភពរាត្រី រៀងរាល់រាត្រីជាមួយតារារៀមច្បងជាច្រើនដួង៕
Source: Kampuchea Thmey Daily
0 Comments