Ad Code

ផឹក​ស្រវឹង​ បើក​រថយន្ត​ទៅ​បុក​ម៉ូតូ ​លាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​របួសធ្ងន់​៤​នាក់​ នៅ​ប៉ោយប៉ែត​



បន្ទាយមានជ័យ ៖ មាន​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​រវាង​បុរស​ម្នាក់​ចេញពី​កន្លែង​ផឹក​ស៊ី​ស្រវឹង​ បើករថយន្ត​ពាក់​ស្លាក​ខេមរភូមិន្ទ ​ទៅបុក​ម៉ូតូ​លាន់​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​របួស​អ្នកជិះ​នៅលើ​ម៉ូតូ​ធ្ងន់​៤​នាក់ ​កាលពី​វេលា​ម៉ោង​១១​និង​២៣​នាទី​យប់ ​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០១៨ នៅ​ចំណុច​B1 តាម​បណ្ដោយ​ផ្លូវលំ​ចាក់​បេតុង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​នោះ គេ​ឃើញ​រថយន្ត​ចង្កូត​ស្ដាំ ​ម៉ាក​ហ្វ​ត អេ​វើ​រ៉េ​ស្ត​(Ford EVEREST) ពណ៌​ត្រេអ៊ី ស្លាក​លេខ ខេមរភូមិន្ទ​09 2-1208 ចេញពី​កម្មវិធី​ផឹកស៊ី​​ក្នុង​ស្ថានភាព​ស្រវឹង ពី​ជើង​ទៅ​ត្បូង ​បើក​ក្នុង​ល្បឿន​លឿន ​ដោយ​អំណាច ​នៃ​ស្រា​ចូល​ពោះ​ខ្លាំង​ បើក​មកដល់​កន្លែងកើតហេតុ​ ស្រាប់តែ​បើក​ទៅបុក​ម៉ូតូ​ទាំង​កម្រោល​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ ម៉ូតូ​ម៉ាក​ហុងដា​ធ្រី​ម អិន​ស៊ីអ៊ិច ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ​បណ្ដាល​ឲ្យ​មាន​មនុស្ស​របួសធ្ងន់​រដូករណែល​៤​នាក់​ពេញ​ថ្នល់ជាតិ​។​

សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ម្ចាស់​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បង្កហេតុ​នោះ​មាន​ឈ្មោះ​ ប៉ែន ប្រុស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ​មុខរបរ​អាជីវក​លក់ដូរ​ផ្សារ​ថៃ ស្នាក់នៅ​ភូមិ​បាលិលេយ្យ​២ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

ចំណែក​ជនរងគ្រោះ អត់​ស្គាល់​អត្តសញ្ញាណ​ទាំង​៤​នាក់​ ក្នុងនោះ​មាន​ក្មេង​ស្រី​២​នាក់ ​និង​មនុស្ស​ប្រុស​២​នាក់ ក្រោយពី​កើតហេតុ​ហើយ​ ជនរងគ្រោះ​ត្រូវបាន​កម្លាំង​ ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​សេនា​តូច​៩១១​ប៉ោយប៉ែត​ ប៉ុស្តិ៍​បឹង​សាគូ ​បាន​ចុះជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត​ដី​ថ្មី សង្កាត់​ផ្សារ​កណ្ដាល ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​ផងដែរ​ ស្របពេលនោះ​នគរបាល​បាន​ឃាត់​រថយន្ត​ និង​ខ្លួន​ជន​បង្ក​ទុក រួច​ប្រគល់​ទៅ​នគរបាល​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ផង​ដែរ ​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​។

​ប្រជាពលរដ្ឋ​ ដោយបាន​ឃើញ​ហេតុការណ៍​នេះ​ពិតៗ​នាំគ្នា​បញ្ចេញមតិ​ថា ​គ្រោះថ្នាក់​ចរាចរណ៍​សព្វ​ថ្ងៃ​នេះ​ផ្ដើម​ឡើង​ចេញពី​អ្នក​ស្រវឹង​ស្ទើរ​ទាំងស្រុង ​ដូច្នេះ​បើទោះបី​សមត្ថកិច្ច​ខិតខំ​បង្ក្រាប​ផង ​ពន្យល់​ណែនាំ​ផង​ ក៏​នៅតែ​គ្មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​អ្នក​ប្រព្រឹត្តិ​មិន​ដែល​ថា​ខ្លួនឯង​ធ្វើ​ខុស​ឡើយ​ យ៉ាង​ច្រើន​ខ្លួន​មាន​លុយ​បង់​ជំងឺ​ចិត្ត​ដល់​អ្នករងគ្រោះ​ជា​ការ​ស្រេច​ ពាក្យ​ស្លោក​តែងតែ​ធ្វើការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ថា បើ​ស្រវឹង​កុំ​បើកបរ​វា​បាន​សេចក្ដី​សុខ​ណាស់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu