Ad Code

ស្ត្រី​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បង្ក​របួស​ដល់​មនុស្ស​២០​នាក់​ក្នុងការ​វាយប្រហារ​លើក​ដំបូង​នៅ​ទីក្រុង Tunis



​អាជ្ញាធរ​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ភេទ​ស្រី​ម្នាក់​បាន​បង្ក​របួស​ដល់​មនុស្ស​ចំនួន​២០​នាក់​នៅលើ​ផ្លូវ​ដ៏​មមាញឹក​មួយ​នៅ​កណ្តាល​រដ្ឋធានី​របស់​ប្រទេស​ទុយ​នេ​ស៊ី​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​នៃ​ការវាយប្រហារ​ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​នៅក្នុង​ទីក្រុង​។​

អ្នកនាំពាក្យ​ប៉ូលិស​លោក Walid Ben Hkima បាន​និយាយថា ចំនួន​អ្នករងរបួស​ត្រូវបាន​គេ​កែតម្រូវ​ពី​៩​ទៅ​២០​នាក់​រួមទាំង​មន្ត្រីប៉ូលិស​១៥​នាក់​និង​ក្មេង​ជំទង់​ពីរ​នាក់​ផងដែរ​ប៉ុន្តែ​មិនមាន​អ្នករបួសធ្ងន់​ទេ​។​
​ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក Sofiene Zaag បាន​ប្រាប់ AFP ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​បាន​បំផ្ទុះ​ខ្លួនឯង​នៅ​កណ្តាលថ្ងៃត្រង់​ក្បែរ​រថយន្ត​ប៉ូលិស​នៅ​ចំណុច Avenue Habib Bourguiba ក្នុង​ទីក្រុង Tunis ។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងមហាផ្ទៃ​បានកំណត់​អត្តសញ្ញាណ​ជនល្មើស​ជា​ស្ត្រី​អាយុ​៣០​ឆ្នាំ​ដែល​មិនមាន​ទំនាក់ទំនង​ជ្រុលនិយម​ហើយ​គ្មាន​ក្រុម​ណា​ទទួលខុសត្រូវ​ភ្លាមៗ​ទេ​។​
​ក្រសួង​បាន​និយាយថា នាង​បាន​ស្លាប់​ភ្លាមៗ​។​

ប្រភព​ប៉ូលិស​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​ទំនងជា​មិនបាន​ពាក់​ឬ​កាន់​ខ្សែក្រវ៉ាត់​បំផ្ទុះ​ទេ​ប៉ុន្តែ​ជំនួស​វិញ​ដោយ “​គ្រាប់បែក​ធ្វើ​ដោយ​ខ្លួនឯង​”​។​
​អ្នកកាសែត AFP បាន​និយាយថា កងកម្លាំង​យោធា​សំខាន់ៗ​បាន​ទៅដល់​កន្លែងកើតហេតុ​យ៉ាង​លឿន​ហើយ​មាន​មនុស្ស​យ៉ាងតិច​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

មិនយូរប៉ុន្មាន​មុន​ការផ្ទុះ​នេះ បាតុករ​មួយក្រុម​តូច​បានធ្វើ​ការតវ៉ា​នៅលើ​ផ្លូវ​ប្រឆាំងនឹង​ការសម្លាប់​ក្មេង​ជំទង់​ម្នាក់​ដោយ​ភ្នាក់ងារ​គយ​ម្នាក់​នៅ​ជិត​ទីក្រុង Tunis កាលពី​សប្តាហ៍​មុន​។​

គួរ​បញ្ជាក់ថា ការវាយប្រហារ​នេះ​គឺជា​លើកដំបូង​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​ទុយ​នេ​ស៊ី​ចាប់តាំងពី​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៥​មក​នៅពេល​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​បានសម្លាប់​ភ្នាក់ងារ​សន្តិសុខ​១២​នាក់​នៅលើ​រថយន្ត​មួយគ្រឿង​របស់​ឆ្មាំ​ប្រធានាធិបតី​។ ការវាយប្រហារ​នោះ​ត្រូវបាន​អះអាង​ដោយ​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​។​

ចាប់តាំងពី​ការបះបោរ​ឆ្នាំ​២០១១​ដែល​បាន​ផ្តួលរំលំ​ជន​ផ្តាច់ការ Zine El Abidine Ben Ali មក​, ការវាយប្រហារ​របស់​ពួក​ជី​ហាដ​នៅ​ប្រទេស​ទុយ​នេ​ស៊ី​បានសម្លាប់​សមាជិក​កង​កម្លាំង​សន្តិសុខ​និង​ភ្ញៀវទេសចរ​បរទេស​រាប់​សិប​នាក់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu