Ad Code

តារា​ចម្រៀង Original លោក «​អូន​» ចេញ​អាល់​ប៊ុ​ម​ដំបូងបង្អស់ បង្ហាញ​ពី​ការ​គិត​បែប​សុទិដ្ឋិនិយម លើ​ស្នេហា ជីវិត និង​ការស្វែងរក​សុភមង្គល​



ភ្នំពេញ ​៖ តារាចម្រៀង​ពោរពេញ​ដោយ​ទេពកោសល្យ ដែល​កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍ ពី​សំណាក់​ទស្សនិកជន លោក ពៅ គឹម​អូន ហៅ​កាត់​ថា «OUN (​អូន​)» បានចេញ​នូវ​អាល់​ប៊ុ​ម​ដំបូង​របស់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​សហការគ្នាជាមួយ​នឹង​ផលិតកម្ម​បារមី (Baramey Production)​។

​អាល់​ប៊ុ​ម​របស់លោក អូន ដែលមាន​ឈ្មោះថា «​សម្លឹង​រក​ស្នេហ៍​» ដែល​ក្នុងនោះ​មាន​បទ​ចម្រៀង Original ចំនួន​៦​បទ រួមជាមួយ​នឹង​សារ​មួយ​ដ៏​សំខាន់ បានធ្វើការ​បើក​សម្ពោធ​យ៉ាង​ឱឡារិក ដែល​មាន​ការចូលរួម​សម្ដែង​ពី​សំណាក់​សិល្បករ​ល្បីៗ​ដូចជា ឡ​រា ម៉ម (Laura Mam) និង ក្រុម​ក្មេង​ខ្មែរ (Kmeng Khmer) ក្រុម​រាំ​ខ្នាត​អន្តរជាតិ​ចំនួន​បី​ក្រុម និង អ្នក​រាំ​បែប Hip-hop ជាច្រើន​នាក់ រួមបញ្ចូល​ជា​មួយនឹង​ឧបករណ៍​ភ្លេងខ្មែរ ឃឹម ដើម្បី​បន្ថែម​នៅក្នុង​ពិធី​សម្ពោធ​នេះ​ឲ្យ​កាន់តែ​ពិសេស​អស្ចារ្យ​ទៀត​។​

​បទ​ចម្រៀង​ទាំង​៦​បទ​នេះ រួមបញ្ចូល​ស្ទីល​ខុសៗ​គ្នា ពី​ចម្រៀង​បែប Rap និង​អន្លង់អន្លោច ឆ្លុះបញ្ចាំង​ពី​ជីវិត​ប្រចាំថ្ងៃ ដោយ​ចំណាយ​រយៈពេល​អស់​ជាង​១​ឆ្នាំ​ក្នុង​ការ​សរសេរ និង ផលិត​។

​បទ​ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​តម្លៃ​ជីវិត​» បាន​រៀបរាប់​អំពី​ការ​ថ្លឹងថ្លែង រវាង​ការខិតខំ​ធ្វើការ និង ការ​កម្សាន្ត​។ ចំណែកឯ​បទ​មួយចំនួនទៀត ផ្ដោត​លើ​សារ​អប់រំ​នៅក្នុង​សង្គម​ភាគច្រើន​។

ចំណែក​បទ «​ស្រោម​» បាន​លើកយក​ប្រធានបទ នៃ​ការអប់រំ​ផ្លូវភេទ ដែល​នៅ​ក្នុងនោះ លោក អូន បាន​រៀបរាប់​តាមរយៈ​ឃ្លា​ចម្រៀង ពី​ផលវិបាក​ដែល​គូ​ស្នេហា​មួយគូ ត្រូវ​ប្រឈមមុខ​ជាមួយ​បញ្ហា​ជាច្រើន ក្រោយពី​ពួកគេ​មិនបាន​ប្រុងប្រយ័ត្ន​។ ជាពិសេស​នៅក្នុងពេល​សម្ដែង​បទ​ចម្រៀង​នោះ ស្រោមអនាម័យ ត្រូវបាន​បោះ​ទៅកាន់​ទស្សនិកជន​ជាច្រើន ដែល​បង្ក​ឲ្យ​មានការ​ហ៊ោកញ្ជ្រៀវ​យ៉ាង​ខ្លាំងក្លា​។

​លោក អូន​កំពុងតែ​គាំទ្រ​យុទ្ធនាការ​របស់ Marie Stopes អំពី​ប្រធានបទ «​សិទ្ធ​ក្នុងការ​ជ្រើសរើស​» ដែល​មាន​បំណង​ចង់​ផ្ដល់​កម្លាំងចិត្ត ដល់​នារីៗ​វ័យក្មេង ក្នុង​ការ​ក្ដោបក្ដាប់ និង​គ្រប់គ្រង​ជីវិត​ផ្លូវ​ភេទ របស់​ពួកគេ​ឲ្យ​បាន​ត្រឹមត្រូវ​។​
​នៅក្នុង​កម្មវិធី​សម្ពោធ​នេះដែរ អ្នកចម្រៀង និង អ្នកនិពន្ធ​បទ​ភ្លេង​សញ្ជាតិ​ខ្មែរ ឡ​រា ម៉ម ដែល​ជា​អ្នក​ដឹកនាំ​ផលិតកម្ម បារមី បាន​ថ្លែង​ថា​ ៖ «​ការចេញ​ជា​អាល់​ប៊ុ​ម​លើកដំបូង របស់លោក អូន គឺជា​សញ្ញាណ​ នៃ​ភាព​ជោគជ័យ​មួយ​របស់​យើង​។ យើងខ្ញុំ​កំពុងតែ​ខំប្រឹងប្រែង សហការ​ជាមួយនឹង​ដៃគូ នៅ​ក្នុង​វិស័យ​ជាមួយគ្នានេះ ដើម្បី​ស្ដារ​កេរ្តិ៍​ដំណែល​របស់​កម្ពុជា នៅក្នុង​ពិភពលោក​ឡើងវិញ ក្នុង​ផ្នែក​ចម្រៀង និង​សិល្បៈ​សម្ដែង​»​។ តាមរយៈ​ក្រុមហ៊ុន​របស់ខ្លួន ឡ​រា ម៉ម បាន​កសាង​អាជីព​របស់​ខ្លួន និង ក្រុម​ក្មេង​ខ្មែរ​។

“​សម្រាប់​លោក អូន គឺជា​តារា​ដែល​ខាងយើង​ខ្ញុំ កំពុងតែ​ធ្វើឲ្យ​គាត់​ទទួល​បាន ការទទួលស្គាល់​កាន់​តែ​ច្រើន ពី​សំណាក់​ទស្សនិកជន ដែល​ហ្នឹង​ជះឥទ្ធិពល​ដល់​វិស័យ​បទ​ចម្រៀង​Original នៅ​ប្រទេស​កម្ពុជា​”​។​

​ដោយមាន​ការជំរុញ​ទឹកចិត្ត ពី​តារាចម្រៀង Rap ឈ្មោះថា អា​ពីង (Ah Ping) តាំងពីក្មេង​មក ចំណេះដឹង​លើ​ចម្រៀង​ដែល​លោក អូន មាន​សព្វថ្ងៃ សុទ្ធសឹងតែ​រៀន​ពី​សិល្បករ​មួយ​រូបនេះ​ទាំង​អស់​។ បទ​ចម្រៀង​របស់ Ah Ping បាន​បណ្ដុះ​គំនិត​ឲ្យ​លោក អូន ចង់​មាន​អាជីព​ក្នុង​វិស័យ​ចម្រៀង​នេះ ជំនួស​ឲ្យ​ក្ដី​ស្រមៃ​ពីមុន​របស់លោក អូន ដែល​ចង់​ក្លាយជា​សាស្ត្រាចារ្យ​ខាង​អក្សរសាស្ត្រ​។​

ហេតុនេះហើយ បន្ទាប់ពី​រៀន​ចប់​ថ្នាក់​ទី​១២​មក​ លោក អូន ចាប់ផ្ដើម​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន ដោយ​មិន​ត្រឹមតែ​សិក្សា​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​រៀន​សូត្រ​ពី​អ្នកចម្រៀង​អាជីព​ល្បីៗ នៅ​ក្នុង​វិស័យ​នេះ ដូចជា​កញ្ញា ឡ​រា ម៉ម ដែល​ដឹកនាំ​ផលិតកម្ម​បារមី​ជាដើម​។ បទ​ចម្រៀង​ដំបូង​របស់​លោក អូន មាន​ចំណងជើង​ថា «​ស្នេហ៍​ស្មោះ​ជូន​អូន​» ទទួល​បាន​ភាពជោគជ័យ​យ៉ាងខ្លាំង ហើយ​ថ្មីៗ​នេះ លោក​ក៏បាន​ចេញ​បទ​នេះ​ជា​លក្ខណៈ remix ផងដែរ​។

ស្ទីល​បទ​ចម្រៀង​របស់​អូន គឺ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ទំនុកភ្លេង ដែលមាន​អត្ថន័យ​ជ្រាលជ្រៅ​ជា​មួយ​នឹង​ចង្វាក់ បែប​សប្បាយរីករាយរ​បស់់​ខ្មែរ​។​

​គោលដៅ​ចម្បង គឺ​ចង់​បង្កើន​ចំណាប់អារម្មណ៍ និង​ចំនួន​អ្នកគាំទ្រ​បទ​ចម្រៀង​ខ្មែរ​យើង​។ កត្តា​នេះ គឺជា​បញ្ហា​ប្រឈម​មួយ សម្រាប់​សិល្បករ​ឯករាជ្យ ហេតុនេះហើយ បានជា​លោក អូន ព្យាយាម​បង្កើន​ចំនួន​អ្នកគាំទ្រ​របស់ខ្លួន តាម​បណ្ដាញ​សង្គម ដែល​អាចធ្វើ​ឲ្យ​លោក​ឈានទៅ​កាន់​ទីផ្សារ ផ្សេងទៀត​បាន​។ ការបើកចំហ​បែបនេះ គឺមាន​ទាំង​ចំណុច​វិជ្ជមាន និង អវិជ្ជមាន​។​

“​ខ្ញុំ​ចង់​រំលឹក​អ្នក​ទាំងអស់គ្នា​ថា កុំ​ចូលចិត្ត​ឲ្យ​តម្លៃ​អ្វីដែល​នៅ​ឆ្ងាយ​ពី​ដៃ​។​” ប្រជាជន​កម្ពុជា​ភាគច្រើន ចូលចិត្ត​ឲ្យ​តម្លៃ​ហួសហេតុ ដល់​សិល្បករ​នៅ​ប្រទេស​ដទៃ ជៀស​ជាង​ប្រទេស​ខ្លួន​។

បទ​ចម្រៀង​មួយ​របស់ ឡ​រា ម៉ម ដែលមាន​ចំណងជើង​ថា «​រាំ​មិន​ឆ្អែត​ទេ​» បាន​ផ្ទុះ​ការ​គាំទ្រ​យ៉ាងខ្លាំង​នៅ​ប្រទេស​ថៃ​។ ពេលដែល​ជនជាតិ​ថៃ​បាន​មើល​បទ​នោះ ពួកគេ​ចូលចិត្ត ហើយក៏​ចែករំលែក​បន្ត ទើប​បទ​ចម្រៀង​នេះ ចាប់ផ្ដើម​ល្បី​នៅ​ប្រទេស​កម្ពុជា​។ ពួកយើង​ត្រូវតែ​ប្រឹងប្រែង​ជាមួយគ្នា​នៅក្នុង​វិស័យ​នេះ ដើម្បី​ធ្វើ​ឲ្យ​បទ​ចម្រៀង Original ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា ឈាន​ទៅមុខ​មួយកម្រិត​ទៀត​”​។​

​ការ​សហការគ្នាជាមួយ​សិល្បករ សិល្បៈ​ការិនី​ក្នុងស្រុក​ផ្សេងៗ​ទៀត ក៏​អាចជួយ​ជំរុញ​ដល់​ការបង្កើត​បទ​ចម្រៀង​ផង​ដែរ ហេតុនេះហើយ បានជា អាល់​ប៊ុ​ម​របស់លោក អូន មួយ​នេះ​មានការ​សហការ​ជា​មួយនឹង កញ្ញា ឡ​រា ម៉ម​។ ចាប់ពីពេលនេះ​ទៅ អូន​ចាប់ផ្ដើម​គិត​សុទិដ្ឋិនិយម​ចំពោះ​អនាគត ហើយក៏​កំពុងតែ​រៀបចំ​អាល់​ប៊ុ​ម​បន្ទាប់​ទៀត​របស់ខ្លួន​។​

«​បទ​ចម្រៀង​ដើម គឺជា​ការ​ផ្លាស់ប្ដូរ​ដ៏​ថ្មី​មួយ ដូចនេះ​គួរ​នាំគ្នា​បន្ត​គាំទ្រ ត​ទៅមុខទៀត​»៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu