ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍វិមានទ្រង់ ហៅសហគមន៍(នគរថ្មី) ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខចំនួន៨៣៧គ្រួសារស្មើនឹង៨៣៧ក្បាលដី បានទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ស្របច្បាប់ពីរដ្ឋបាលរាជធានីភ្នំពេញហើយ ក្រោយពីមន្ត្រីជំនាញបានរៀបចំរួចរាល់តាមនីតិវិធីដែលជាដំណាក់កាលចុងក្រោយនៃដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីដែលកំពុងអនុវត្តក្នុងរាជធានី.ខេត្តទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រគល់និងទទួលប័ណ្ណកម្មសិទ្ធិអចលនវត្ថុ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែតុលានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងសហគមន៍វិមានទ្រុងតែម្តង ដោយមានប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់។
លោកឃួង ស្រេង បានមានប្រសាសន៍លើឡើងថា ទម្រាំបានឈានមកដល់ដំណាក់កាលផ្តល់ ប័ណ្ណកម្មសិទ្ធិស្របច្បាប់នេះគឺយើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីភាពសុខដុមនីយ៍កម្មរបស់ប្រជាពលរដ្ឋ ហើយសុំឲ្យបងប្អូនរក្សាប័ណ្ណនេះឲ្យបានល្អ និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាព។
លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា ការចុះបញ្ជីដីធ្លី បានផ្តល់នូវសារប្រយោជន៍២យ៉ាងដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋគឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនប្រជាពលរដ្ឋ ហើយវិញ្ញាបនបត្រសម្គាល់អចលនវត្ថុគឺមានសារសំខាន់សម្រាប់ជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាងការរំលោភបំពានលើដីធ្លី។ ប័ណ្ណនេះ ក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើងដើម្បីយកទៅដាក់ធនាគារ ក្នុងការខ្ចីលុយ យកមកប្រកបរបរអាជីវកម្មផ្សេងៗ។ចំពោះរដ្ឋវិញ ការចុះបញ្ជីដីធ្លីនេះផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំសណ្ដាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប កាត់បន្ថយទំនាស់ដីធ្លី។
ឆ្លៀតក្នុងឱកាស នោះដែរ លោកឃួង ស្រេង ក៏បានរំលឹកឡើងវិញនូវប្រសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងកិច្ចប្រជុំកំពូលមេគង្គ.ជប៉ុនលើកទី១០ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះពីការមិនដោះដូរអធិបតេយ្យភាពជាតិជាមួយបរទេស ការមិនយក សន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយសម្តេចតេជោបានបញ្ជាក់ ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងរស់ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យ និងសន្តិភាពរបស់ប្រទេស៕
Source: Kampuchea Thmey Daily
0 Comments