ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២១ តុលា ដែលជាថ្ងៃទី ២ នៃដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងអីស្តង់ប៊ុល សាធារណរដ្ឋទួរគីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញសំណេះសំ ណាលជាមួយសមាគមនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសទួរគីប្រមាណជាង ៦០ នាក់។
ពិធីសំណេះសំណាលដែលធ្វើឡើងនៅសណ្ឋាគារស្នាក់នៅរបស់សម្តេចតេជោក្នុងទីក្រុងអីស្តង់ប៊ុល តំណាងប្រធានសមាគមនិស្សិតខ្មែរនៅទួរគីមានប្រសាសន៍ថា៖ និស្សិតជំនាន់ទី ១ និង ទី២ បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសទួរគីគឺនៅឆ្នាំ១៩៩៥ ចំនួន៤នាក់ និង ឆ្នាំ១៩៩៧ ចំនួន៤នាក់ ។ រហូតមកដល់ពេលនេះ សមាគមនិស្សិតកម្ពុជា-ទួរគី ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពីក្រុមនិស្សិតខ្មែរកំពុងសិក្សានៅប្រទេសទួរគី និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដោយបានទទួលស្គាល់នៅថ្ងៃទី ៤ខែមេសា ឆ្នាំ ២០១៨ ក្នុងគោលបំណងចងក្រងជាបណ្តាញទំនាក់ទំនងរវាងសិស្ស និស្សិត ដែលសិក្សានៅប្រទេសទួរគីអាចជួយគ្នាទៅវិញទៅមកបាន ពង្រឹងទំនាក់ទំនងនិងធ្វើសកម្មភាពនានាដើម្បីបង្ហាញពីតម្លៃវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ឲ្យ ពិភពលោកបានស្គាល់។
បច្ចុប្បន្នសមាគមនិស្សិតកម្ពុជា-ទួរគី មានសមាជិកសរុប ៨១ នាក់និងកំពុងសិក្សាមានចំនួន ៦៨នាក់ ដែលមាននិស្សិតថ្នាក់បណ្ឌិតចំនួន២នាក់ អនុបណ្ឌិត៧នាក់ បរិញ្ញាបត្រ១៨នាក់ វិស័យសាសនាឥស្លាម ៣០នាក់ ថ្នាក់វិទ្យាល័យ១១នាក់ និងរៀនចប់១៣នាក។ ក្នុងចំណោមនេះ សិស្ស និស្សិតអាហាររូបករណ៍រដ្ឋាភិបាលមានចំនួន៣៥ នាក់, អាហារូបករណ៍អង្គការក្រៅរដ្ឋាភិបាលចំនួន ៣០នាក់ និងបង់ថ្លៃ៣នាក់។ និស្សិតដែលបានការសិក្សានៅប្រទេសទួរគីមានជំនាញដូចជា វិស្វកម្មកុំព្យូទ័រ, រដ្ឋបាលអប់រំ, ទំនាក់ទំនងការបរទេស, សំណង់ស៊ីវិល, គ្រប់គ្រងបុគ្គលិក, ច្បាប់, សេដ្ឋកិច្ច, ទេសចរណ៍, ពេទ្យ, ឱសថ, វិទ្យាសាស្ត្រនយោបាយ, ពាណិជ្ជកម្មអន្តរជាតិ, សុខភាពសាធារណៈ និងសាសនាអ៊ីស្លាម។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយជាអនេកដែលបានមកជួបកូនក្មួយយុវជន សិស្ស និងនិស្សិតខ្មែរដែលបានមកបន្តការសិក្សានៅទួរគីថ្ងៃនេះ ព្រោះថាពេលនេះកម្ពុជានិងទួរគីបាននិងកំពុងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីទួរគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគ។
សម្តេចតេជោបានជម្រាបជូនសិស្ស និស្សិតនៅទីនោះថា កម្ពុជាមានកិត្តិយសដែលត្រូវទទួលបានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅឆ្នាំ២០២០ ដែលនេះជាមោទនភាពមួយដ៏ធំបំផុត ព្រោះកិច្ចប្រជុំកំពូលនេះនឹងមានជាង៥០ប្រទេស ដែលនឹងត្រូវមកចូលរួមនៅកម្ពុជា។ កន្លងមកកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន២ដងរួចទៅហើយ គឺនៅឆ្នាំ២០០២ និង២០១២ ។ សម្តេចតេជោ បានថ្លែងថា ភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីគឺត្រូវរក្សាបាននូវស្ថិរភាពនយោបាយនិង សន្តិភាពដើម្បីឈា នទៅសម្រេចកំណើនសេដ្ឋកិច្ច ៧,២%យូរអង្វែង។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនសិស្ស និស្សិតនៅទីនោះអំពីសភាពការណ៍នយោបាយរបស់កម្ពុជា ដោយសម្តេចបានលើកឡើងថា កម្ពុជានិងទួរគីមានស្ថានភាពដូចគ្នាទៅការទម្លាក់រាជរដ្ឋាភិបាល ។ សម្តេចបន្តថា ឆ្នាំ២០១៤ មានរដ្ឋប្រហារមួយទំម្លាក់រាជរដ្ឋាភិបាលទួរគីតែមិនសម្រេចទេ ហើយពេលនោះសម្តេចបានឲ្យពិនិត្យមើលការខុសត្រូវលើនិស្សិតផងដែរ ។ សម្តេចបន្តថា កម្ពុជាមានបក្សនយោបាយ មិនទទួលជ័យជំនះ បានធ្វើបដិវត្តន៍ពណ៌ ចំណែកនៅទួរគីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដែរ ។ នៅកម្ពុជាក៏ធ្វើដូចទួរគីដែរដើម្បីរក្សាសន្តិភាពនិងការពារពលរដ្ឋ ។ ដូច្នេះបានកម្ពុជានិងទួកគីមានការយោគយល់គ្នាលើផ្នែកនយោបាយ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឲ្យសិស្សនិស្សិតទាំងអស់ដែលបានទទួលអាហារូបករណ៍មកសិក្សានៅប្រទេសទួរគីនេះ គោរពច្បាប់ប្រទេសគេ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រមុខជំនាញ និងភាសាបរទេសឲ្យបានច្រើនភាសា ជាពិសេសភាសាអង់គ្លេស ដែលងាយស្រួលក្នុងការស្វែងរកការងារធ្វើដើម្បីអនាគតរបស់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ។
នៅក្នុងឱកាសនេះដែរ ដើម្បីជាការលើកទឹកចិត្តសម្រាប់កូនក្មួយយុវជនសិស្ស និស្សិតទាំងអស់ដែលកំពុងរស់នៅសិក្សារៀនសូត្រនៅក្នុងប្រទេសទួរគីសម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់នូវថវិកាឧបត្ថម្ភដល់និស្សិតទាំង ៦៨ នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ ដុល្លារ។ សម្តេចតេជោបានជូនពរដល់កូនក្មួយចៅៗសិស្សនិស្សិត ទាំងអស់ដែលកំពុងសិក្សានៅទីនេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕
Source: Kampuchea Thmey Daily
0 Comments