បាត់ដំបង ៖ ជាពលរដ្ឋស្ទើរតែទូទាំងឃុំសំឡូត បានសំដែងនូវការមិនពេញចិត្តចំពោះទង្វើរបស់លោកអធិការ ដោយសារតែមានការធ្លាយនូវព័ត៌មានថា ត្រូវបានផ្លាស់ប្តូរតំណែងរបស់លោកមេប៉ុស្តិ៍ឃុំសំឡូត តាមបែបស្ងាត់ៗ ហើយជ្រែតំណែងនេះទៅអោយបុគ្គលដែលគេស្គាល់ថា ទើបនឹងចេញពីវរៈ ៣១០ ដែលបញ្ហានេះត្រូវបានប្រភពនានាដាក់ការសង្ស័យថា លោកអធិការមានការស៊ីលុយស៊ីកាក់ផងដែរ។
ថ្មីៗនេះមានការលេចឮនូវព័ត៌មានពីលើ មកថា មេប៉ុស្តិ៍ និងមេរងប៉ុស្តិ៍ នគរបាលរដ្ឋបាល សំឡូត ត្រូវបានលោកអធិការ កោ ស៊ុនកាំង ធ្វើការដោះដូរ និងជ្រែតំណែងនេះយ៉ាងស្ងៀមស្ងាត់ ទៅអោយបុគ្គលផ្សេងទៀត ដែលការដូរចេញនេះ គេមិនបានផ្សព្វផ្សាយអោយសាមីខ្លួនបានដឹង ឬក៏ត្រូវប្រជុំវាយតម្លៃពីក្រុមប្រឹក្សាវិន័យសោះឡើយ ដែលធ្វើអោយមជ្ឈដ្ឋានជាច្រើនចោទប្រកាន់ថា លោកអធិការប្រាកដជាមានការទទួលលាភសក្ការៈអ្វីមួយជាមិនខាន។
យោងតាមការអះអាងពីមន្ត្រីប៉ូលិសមួយចំនួន នៅក្នុងស្រុកសំឡូតដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបអោយដឹងថា លោកអធិការ កោ ស៊ុនកាំង បានធ្វើការស្នើសុំមន្ត្រីប៉ូលិសពីអង្គភាព នគរបាលវរៈការពារព្រំដែនគោកលេខ ៣១០ ប្រចាំស្រុកសំឡូតចំនួន ៤ រូប អោយចូលមកបម្រើការនៅក្នុងអធិការដ្ឋាន ដែលក្នុងនោះ គេស្គាល់ច្បាស់គឺឈ្មោះ ហង់ រៀម និងឈ្មោះ ថាយ ភាណៈ ( សាច់ឈាមលោកអធិកា )។
ប្រភពដដែលបានបន្តថា ចាប់តាំងពីឈ្មោះ ហង់ រៀម ចូលមក គេបានរំអុកទៅលោកអធិការ មិនដឹងថា តាមរយៈភាពជិតស្និទ្ធគ្នា ឬក៏តាមរយៈ ទឹកប្រាក់នោះឡើយ ដើម្បីជ្រែតំណែងជាមេប៉ុស្តិ៍ ទោះជាប៉ុស្តិ៍នោះ ជិតឬឆ្ងាយក៏ដោយ អោយតែក្នុងទឹកដីស្រុកសំឡូត។ បានជាគេហ៊ាននិយាយបែបនេះ ព្រោះជំហានដំបូងគេបានជ្រែទៅមេប៉ុស្តិ៍ តាតោក ប៉ុន្តែដោយសារតែសមាសភាពប៉ុស្តិ៍នេះ មានគ្រឹះរឹងមាំមិនអាចរង្គោះរង្គើ ទើបគេបានចាក់ឆ្កឹះទៅលោកអធិការអោយជ្រែចូលទៅមេប៉ុស្តិ៍ មានជ័យ នៅទីនោះក៏ដូចមុនដែរ គឺមិនបានដូចគ្នា ទើបចុងក្រោយនេះ ឮថាមានការថែមថយលុយកាក់ ទើបជ្រែបានទៅតំណែងមេប៉ុស្តិ៍ សំឡូត ដោយសារសាមីខ្លួន គឺលោកស៊ូ វុន ដែលជាមេប៉ុស្តិ៍បច្ចុប្បន្នមិនទាំងដឹងខ្លួនផង។ ដោយឡែកលោកនាយរងប៉ុស្តិ៍សំឡូតគឺលោក អ៊ន សៅ ក៏ឮថាត្រូវប្តូរទៅរងប៉ុស្តិ៍ កំពង់ល្ពៅ ដោយដាក់ឈ្មោះ នូ ប៊ុនឈឿត មកពីបន្ទាយមានជ័យជំនួសវិញ។
ជួបជាមួយកម្ពុជាថ្មី ផ្ទាល់ លោកមេប៉ុស្តិ៍ និងនាយរងប៉ុស្តិ៍ បាននិយាយថា រឿងការផ្លាស់ប្តូរតួនាទីរបស់លោកគឺខ្លួនលោកផ្ទាល់មិនបានដឹងទេ គឺដឹងពីថ្នាក់ខេត្ត និងខាងនាយកដ្ឋានមក វិញនោះទេ ឮថាលោកត្រូវបានគេដំឡើងទៅជាអធិការរង ទទួលនាទីវិភាគកន្លែងកើតហេតុ ដោយលោកឆ្ងល់ថាការដំឡើងតួនាទីរបស់លោក ហេតុអ្វីបានជាគ្មានការប្រជុំវាយតម្លៃពីក្រុមប្រឹក្សាវិន័យ ឬក៏ប្រាប់លោកអោយបានដឹងសោះអញ្ចឹង ? គឺលោកអធិការបានរៀបចំគម្រោងនេះយ៉ាងស្ងៀមស្ងាត់ ដូច្នេះគឺគេរង់ចាំតែសេចក្តីសម្រេចធ្លាក់មក ដើម្បីធ្វើការប្រកាសតែម្តង បើតាមប្រភពក្រៅផ្លូវការ គេឮថា មានការសូកប៉ាន់អស់ប្រមាណ ៣០០០ ដុល្លារ ផងដែរ ដើម្បីជ្រែជាតំណែង មេប៉ុស្តិ៍។
ដោយឡែកចំពោះឈ្មោះ ថាយ ភាណៈ ដែលត្រូវជាសាច់ឈាមរបស់លោកអធិការ ត្រូវបានគេយកមកអោយកាន់ជាផ្នែកគ្រឿងញៀន ព្រោះបុគ្គលរូបនេះមានជំនាញស្រាប់ដូចជាការប្រើប្រាស់ថ្នាំញៀនជាដើម ហើយតួនាទីក្រុមប្រឆាំងគ្រឿងញៀននៅស្រុកសំឡូតគឺមិនធម្មតានោះទេ ដោយមិនដឹងជាគេបានរៀនសូត្រពីថ្នាក់ណាមកនោះទេ ព្រោះកម្លាំង ក ស របស់គេ គឺគេហ៊ានអោយកាន់គ្រឿងញៀន ដោយគេប្រើភាសាថា « វិធានញុះញង់ »ជាក់ស្តែដូចកាលដែលកម្លាំងប៉ុស្តិ៍ស៊ុង ចាប់បានមុខសញ្ញាម្នាក់ ដោយមានថ្នាំញៀន ២ កញ្ចប់ ជាដើម ដែលលោកអធិការលើកឡើងថា ការដោះលែងអោយទៅវិញនោះ ព្រោះគេគឺជាកម្លំាង ក ស សម្រាប់ប្រើវិធានញុះ។
ជុំវិញការរង្គោះរង្គើនៅក្នុងជួរមន្ត្រីថ្នាក់ក្រោម នៅស្រុកសំឡូត គឺមន្ត្រីជំនាញម្នាក់នៅក្នុងការិយាល័យ បុគ្គលិកនៃស្នងការដ្ឋាន នគរបាលខេត្ត បានលើកឡើងថា តាមច្បាប់របស់ការិយាល័យជំនាញ គឺបានបែងចែកយ៉ាងច្បាស់លាស់ គឺការផ្លាស់ប្តូរតួនាទី និងការដំឡើងឋានន្តរសក្តិ របស់មន្ត្រីនគរបាលជាតិ គឺអធិការត្រូវប្រជុំក្រុមប្រឹក្សាវិន័យនៅក្នុងស្រុកនោះដើម្បីធ្វើការវាយតម្លៃ រួចទើបលោកអធិការធ្វើសំណើបញ្ជូនមកស្នងការដ្ឋាន ទើបស្នងការបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យម្តងទៀត មុននឹងបញ្ជូនឈ្មោះទៅនាយកដ្ឋាន។ ដោយឡែកចំពោះមន្ត្រីខិលខូច ដែលត្រូវសម្រេចប្តូរចេញពីតំណែង នោះគឺមិនចាំបាច់ជូនដំណឹងដល់សាមីខ្លួនអោយដឹងមុននោះឡើយ ប៉ុន្តែបើដូចករណីខាងលើ គឺលោកអធិការ មានគំនិតទុច្ចរិត បាត់ទៅហើយ បានជាគ្មានការប្រជុំវាយតម្លៃ របស់ក្រុមប្រឹក្សាវិន័យ ដោយសម្រេចធ្វើអ្វីស្ងាត់បែបនេះ។
បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំសំឡូត កំពុងប្រតិកម្ម ព្រមទំងចង់បបួលគ្នាធ្វើញត្តិគាំទ្រលោកមេប៉ុស្តិ៍ចាស់អោយមាននាទីនៅដដែល ដោយសារតែការប្រាស្រ័យទាក់ទងល្អជាមួយពួកគាត់ និងរក្សាសុវត្ថិភាពភូមិ ឃុំ បានល្អ ស្របពេលដែលលោក អធិការ សោ ស៊ុនកាំង ធ្វើការបដិសេធថា មិនបានដឹងទេក្នុងការផ្លាស់ប្តូរនេះ៕
Source: Kampuchea Thmey Daily
0 Comments