ភ្នំពេញ ៖ បុរសញៀនថ្នាំម្នាក់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួនតាមបណ្ដឹងជាក់ស្តែងរបស់ប្រជាពលរដ្ឋរងគ្រោះម្នាក់ ពីបទប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាម ដែលរស់នៅក្នុងភូមិជាមួយគ្នា ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីម៉ោង១៧កន្លះយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
ជនដៃដល់ ដែលបានចាប់ខ្លួនខាងលើឈ្មោះ តុប ផាន់ណា ហៅសិទ្ឋ អាយុ៣៤ឆ្នាំ គ្មានមុខរបរច្បាស់លាស់ ស្នាក់នៅផ្ទះជួលក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា។
បើតាមសំដីរបស់លោក សន យៀក អាយុ៣៥ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនដឹកសំរាម ស៊ិនទ្រី ស្នាក់នៅផ្ទះជួលភូមិចុងថ្នល់ខាងលិច ជាជនរងគ្រោះបាននិយាយបំភ្លឺប្រាប់សមត្ថកិច្ចថា នៅពេលកើតហេតុ គាត់បានកំពុងតែដើរចេញពីផ្ទះបានបន្តិច ស្រាប់តែឈ្មោះតុប ផាន់ណា យកចបកាប់មកកាប់គាត់ពីក្រោយ នៅពេលនោះគាត់បានយកដៃស្តាំមករងទប់ផ្លែចបកាប់បណ្ដាលឲ្យរងរបួសធ្ងន់(ដេរចំនួន១៨ថ្នេរ) និងបានស្រែកឲ្យប្រពន្ធ និងអ្នកជិតខាងជួយឃាត់ចាប់ខ្លួនគេបានភ្លាមៗនៅកន្លែងកើតហេតុនោះ។
ក្រោយកើតហេតុ និងពេលកំពុងច្របូកច្របល់នោះ ប៉ូលិស បានមកដល់កន្លែងកើតហេតុសួរនាំសាក្សី និងយកវត្ថុតាងបង្កល្មើសរួមទាំងចាប់វាយខ្នោះជនជាប់ចោទទៅសួរនាំនៅប៉ុស្តិ៍ត្រួតពិនិត្យទឹកនោមមានផ្ទុកសារធាតុថ្នាំញៀនផងដែរ ដែលបញ្ជាក់ថា ជននេះបានសេពថ្នាំញៀនខុសច្បាប់។
នៅពេលប៉ូលិសសួរនាំ ជននេះមិនបាននិយាយអ្វីច្រើនទេ គ្រាន់តែប្រាប់ថា ៖ ធ្លាប់មានទំនាស់ពាក្យសំដីជាមួយគ្នាតិចតួចកន្លងមក លុះនៅយប់ថ្ងៃកើតហេតុខឹង ពេកពេលឃើញគូទំនាស់របស់ខ្លួនកំពុងតែដើរម្នាក់ឯងក៏បានយកចបកាប់មកលបកាប់ពីក្រោយបង្កឲ្យភ្ញាក់ផ្អើលដល់ជិតខាងមកចាប់ខ្លួនតែម្តង៕
Source: Kampuchea Thmey Daily
0 Comments