បន្ទាយមានជ័យ ៖ យុវជនវ័យក្មេងជាចោរស្ទើរភ្លើងម្នាក់ បានចូលទៅលួចម៉ូតូគេបានហើយបណ្តើរយកទៅធ្វើសោចៃដន្យជួបម្ចាស់ម៉ូតូតាមផ្លូវទាន់ ប្តឹងអាវុធហត្ថឲ្យឃាត់ខ្លួននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នៅចំណុចស្តង់ភ្លើងអានកូផ្លូវដើមពុទ្ទ្រា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទេព វីរៈ ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីឃាត់ខ្លួនហើយជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកបានសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពថា នៅមុនកើតហេតុនោះជនរងគ្រោះឈ្មោះ ស៊ិន សុភាព ភេទ ប្រុស អាយុ ៤៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងកាស៊ីណូហ្គោលដិន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទុកម៉ូតូម៉ាក MSX ពណ៌សមិនបានចាក់សោរកក្នុងបន្ទប់ស្តង់ភ្លើងអានកូ ដោយមានឱកាសល្អចោរវ័យក្មេងបានចូលលួចក៏បណ្តើរចេញពីផ្ទះមកតាមផ្លូវត្រូវបានម្ចាស់គេទាន់ប្តឹងអាវុធហត្ថឲ្យឃាត់ខ្លួនតែម្តង។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យខាងលើ អាចត្រូវចោទពីបទលួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ចំណែកម៉ូតូអាវុធហត្ថបានប្រគល់ទៅឲ្យម្ចាស់ដើមវិញ៕
Source: Kampuchea Thmey Daily
0 Comments