ភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅលោកសាន់ ប៊ុនណា បានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី១៦ខែតុលានេះថា ជារៀងរាល់ថ្ងៃ លោកតែងតែចុះទៅណែនាំដល់បងប្អូនអាជីវករឲ្យយកសំរាមបោះចូលទៅក្នុងធុងហើយបញ្ឈប់ការយកសំរាមបោះចោលពាសវាលពាសកាលដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន។
លោកសាន់ ប៊ុនណា បានបន្តទៀតថា ការចុះណែនាំដល់បងប្អូនអាជីវករដែលកំពុងលក់ដូរក្នុងផ្សារបន្លែច្បារអំពៅគឺ គណៈកម្មការផ្សារយើងខ្ញុំបានទទួលបញ្ជាពីលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ឲ្យតាមបណ្តាផ្សារក្នុងមូលដ្ឋានខណ្ឌច្បារអំពៅឲ្យចូលរួមលុបបំបាត់សំរាមកុំឲ្យមានតាមដងផ្លូវពាសវាលពាសកាលដោយមិនបានទុកដាក់បានត្រឹមត្រូវនោះ។
លោកប្រធានផ្សារបានបន្តថា ទីតាំងរាប់រយកន្លែងក្នុងផ្សារបន្លែច្បារអំពៅគឺត្រូវបានគណៈកម្មការផ្សារបានយកស្លាកបំរាមទៅដាក់នៅតាមទីតាំងរួចរាល់ដើម្បីឲ្យបងប្អូនអាជីវករនិងអ្នកចូលទៅទិញឥវ៉ាន់ចូលរួមលុបបំបាត់សំរាមកុំឲ្យមាននៅតាមកន្លែងលក់ដូរហើយបើមានគឺត្រូវបោះចូលទៅក្នុងធុងដែលមានស្រាប់។
លោកប្រធានផ្សារបន្លែបានធ្វើការផ្សព្វផ្សាយតាមរយៈមេក្រូ ដោយសុំឲ្យបងប្អូនប្រជាពលរដ្ឋល្មមភ្ញាក់រលឹកហើយ ព្រោះសំរាមនេះហើយដែលងាយនិងផ្តុំដោយមេរោគចម្លងខ្លាំងណាស់។ ដូច្នេះគួរតែនាំគ្នាចូលរួមថែរក្សាបរិស្ថាននិងប្តេជ្ញាកុំឲ្យមូលដ្ឋានរបស់យើងគ្មានសំរាមសូម្បីតែបន្តិច៕
Source: Kampuchea Thmey Daily
0 Comments