ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ទោះបីជាព្រះមហាក្សត្រជាទីគោរពសក្ការរបស់ប្រជាជនកម្ពុជា ទ្រង់បានសោយរាជ្យសម្បត្តិអស់រយៈពេល១៤ឆ្នាំហើយក្ដី តែពពួកខ្ញុំកញ្ជះបរទេសមួយចំនួនតូច មិនលើកលែងឲ្យព្រះអង្គដែរ ដោយបានតាំងខ្លួនជាអ្នកចាំដាក់ពិន្ទុ ហើយថាព្រះអង្គទ្រង់មិនចង់សោយរាជ្យសម្បត្តិទៀត ប៉ុន្តែទោះជាបែបណា ពាក្យសំដីរបស់ពួកគេសាបដូចទឹកមាត់អស់ទៅហើយ ដោយសារប្រជាជនកម្ពុជាស៊ាំនឹងសំដីអត់ន័យនេះទៅហើយ ពីព្រោះពួកគេគ្មានអ្វីក្រៅពីបន្ទាបបន្ថោកជាតិសាសន៍កម្ពុជាខ្លួនឯង ដើម្បីបម្រើនយោបាយបរទសនោះឡើយ។
លោក សុខ ឥសាន លើកឡើងបែបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា និងនៅក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីលោក មាស នី អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល បាននិយាយតាមវិទ្យុមួយថា ការគ្រងរាជសម្បត្តិរយៈពេល១៤ឆ្នាំរបស់ព្រះមហាក្សត្រ ទ្រង់មិនបានអនុវត្តព្រះរាជតួនាទីរបស់ព្រះអង្គបានពេញលេញដូចរដ្ឋធម្មនុញ្ញបានចែងនោះទេ ហើយបើប្រៀបធៀបការគ្រងរាជសម្បត្តិរបស់សម្ដេចព្រះនរោត្ដម សីហនុ ដែលជាព្រះរាជបិតារបស់ព្រះអង្គ គឺទ្រង់មិនបានបំពេញព្រះរាជតួនាទីដូចព្រះបិតារបស់ព្រះអង្គឡើយ។
អ្នកនាំពាក្យរូបនោះ លើកឡើងថា នៅក្នុងឱកាសខួបលើកទី១៤ឆ្នាំ នៃការទ្រង់ឡើងគ្រងរាជ្យសម្បត្តិ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រជារាស្ត្រខ្មែរទូទាំងប្រទេស និងមន្ត្រីអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់បានសម្ដែងនូវការអបអរសាទរ និងបានថ្វាយព្រះពរព្រះអង្គសូមទ្រង់មានព្រះជន្មាយុយឺនយូរដល់ជាងរយព្រះវស្សា។ ក៏ប៉ុន្តែទោះបីព្រះមហាក្សត្រមានលក្ខណសម្បត្តិល្អប្រពៃយ៉ាងណា ក៏ពពួកខ្ញុំកញ្ជះបរទេសមួយចំនួនតូច ដែលតាំងខ្លួនឯងជាអ្នកចាំដាក់ពិន្ទុ ក៏មិនលើកលែងឲ្យព្រះអង្គដែរ ហើយទោះបីព្រះអង្គទ្រង់បានសោយរាជ្យសម្បត្តិអស់រយ:ពេល១៤ឆ្នាំហើយក្ដី ក៏ពួកគេនៅតែថាព្រះអង្គមិនចង់សោយរាជ្យដែរ។
លោក សុខ ឥសាន ទី១, នៅពេលព្រះអង្គទ្រង់បានប្រតិបត្តិត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ពួកគេនាំគ្នាថា ព្រះអង្គមិនបានបំពេញព្រះរាជតួនាទីបានពេញលេញតាមរដ្ឋធម្មនុញ្ញនោះទេ ទី២,នៅពេលព្រះអង្គទ្រង់យាងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ពួកគេថា ព្រះអង្គមិនអាចគង់ជាអាជ្ញាកណ្ដាលក្នុងការផ្សះផ្សាជាតិបាន ដោយក្នុងគំនិតរបស់ពួកគេ គឺចង់ឲ្យព្រះអង្គជួយយឹតយោងពួកមេបក្សប្រឆាំង ដែលបានប្រព្រឹត្តល្មើសច្បាប់ ឲ្យបានរួចខ្លួនទើបត្រូវចិត្តពួកគេ ទី៣, នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានឡើងរាយការណ៍តាមកាលកំណត់ក្នុងរដ្ឋធម្មនុញ្ញ ពួកគេហ៊ាននិយាយបំពានថា ព្រះមហាក្សត្រមិនបានទ្រង់ធ្វើសវនាការជាមួយរាជរដ្ឋាភិបាលឡើយ ទី៤,ពួកគេគ្រាន់តែជាចៃរបស់បរទេសសោះ ប៉ុន្តែនៅស្រុកខ្មែរ ពួកគេបានតាំងខ្លួនជាអធិរាជចាំដាក់ពិន្ទុខាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឲ្យកម្ពុជា ចង់ថាល្អ គឺល្អ ចង់ថាអាក្រក់ គឺអាក្រក់។
លោក សុខ ឥសាន អះអាងថា ទោះពួកគេចង់តាំងខ្លួនឯងជាស្អីក៏ដោយ ចង់និយាយមិនល្អពីប្រទេសជាតិកម្ពុជាយ៉ាងណាក៏ដោយ ក៏ពាក្យសំដីរបស់ពួកគេសាបដូចទឹកមាត់យ៉ាងដូច្នេះដែរ ដោយសារប្រជាជនកម្ពុជា ស៊ាំនឹងសំដីដ៏អត់ន័យរបស់ពួកគេយូរឆ្នាំមកហើយ គ្មានអ្វីក្រៅពីបន្ទាបបន្ថោកជាតិសាសន៍កម្ពុជាខ្លួនឯង និងបម្រើនយោបាយបរទេសឡើយ។
សូមបញ្ជាក់ថា លោក មាស នី ដែលជាអ្នកវិភាគឯករាជ្យរបស់វិទ្យុអាស៊ីសេរី លើកឡើងថា ការគ្រងរាជសម្បត្តិរបស់សម្ដេចនរោត្ដម សីហមុនី កន្លងទៅ ព្រះអង្គមិនសូវបានឆ្លើយតបចំពោះសំណើរបស់ពលរដ្ឋ ដែលជួបបញ្ហាសង្គម ឬខ្វល់ខ្វាយពីបញ្ហាអ្វីមួយឡើយ ហើយព្រះអង្គមិនបានជួបសវនការជាមួយរដ្ឋាភិបាលឲ្យបានពេញលេញ ដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនោះដែរ៕
Source: Kampuchea Thmey Daily
0 Comments