ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទទួលទេយ្យទាន និងថវិកាមួយចំនួនពីសម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្លដើម្បីយកទៅជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយប្រការផ្សេងៗនៅក្នុងរាជធានីភ្នំពេញ។
ពិធីប្រគល់-ទទួលទេយ្យទាននេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨នេះ
នៅវត្តលង្កាព្រះកុសុមារាម ក្រោមវត្តមាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល។
លោក មាន ចាន់យ៉ាដា បានមានប្រសាសន៍ថា ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា សូមគោរព និងកោតសរសើរចំពោះទឹកព្រះទ័យរបស់សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល និងព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គ ក្នុងការបរិច្ចាគទេយ្យទានផ្ទាល់ខ្លួន ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments