Ad Code

លោក​បណ្ឌិត លី ឆេង និង​លោក នុត ពុធ​ដា​រ៉ា អញ្ជើញ​បើក​ការដ្ឋាន​បុកគ្រឹះ សាងសង់​អគារ សាលាបឋមសិក្សា​ស្ពានថ្ម ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​បតី តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត



ភ្នំពេញ ៖ អគារ​សាលាបឋមសិក្សា​ស្ពានថ្ម ត្រូវបាន​បើក​ការដ្ឋាន​សាង សង់​នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតី​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​ស្ពានថ្ម និង​លោក នុត ពុធ​ដា​រ៉ា ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌដង្កោ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ បាន​មានប្រសាសន៍ថា ​ដោយ​សាលាបឋមសិក្សា​ស្ពានថ្ម ដែល​ស្ថិតនៅ​ខាងមុខ​វត្ត​ចំការ​ខ្សាច់​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​លិច​ទឹក​នៅពេល​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ជន់​ឡើង​ខ្លាំង ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​មិនអាច​សិក្សា​រៀនសូត្រ​បាន ទើប​ឯកឧត្តម​បណ្ឌិត លី ឆេង និង លោកជំទាវ បាន​លើក​គម្រោង​ចាក់ដី​បំពេញ រណ្តៅ​ជម្រៅ ២,៥​ម៉ែត្រ លើ​ផ្ទៃដី​ទំហំ ៨,៦២៥ ម៉ែត្រការ៉េ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​សប្បុរសជន​នានា ប្រមាណ ១០​ម៉ឺន​ដុល្លារ​ សម្រាប់​ការសាងសង់​សាលាបឋមសិក្សា និង​វិទ្យាល័យ​។ ដោយ​មើលឃើញ​ពី​ការខ្វះខាត និង​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់ ឯកឧត្តម​បណ្ឌិត លី ឆេង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​អំណោយ​ដ៏​ថ្លៃ​ថ្លា​ នូវ​អគារសិក្សា​ថ្មី ១​ខ្នង មាន បណ្តោយ​៤០,៤​ម៉ែត្រ ទទឹង ១០​ម៉ែត្រ កម្ពស់ ២​ជាន់ ស្មើនឹង ១០​បន្ទប់ ជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ​សង្កាត់​ស្ពានថ្ម​។

លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​បណ្ឌិត លី ឆេង និង លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ដែល​កន្លងមក​បាន​ជួយ​រំលែក​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នេះ​យ៉ាងច្រើន​ដូចជា សាង​សង់​សាលា​ធម្មសភា និង​ពុទ្ធិកបឋមសិក្សា កឋិនទាន បុណ្យផ្កា​ផ្សេងៗ ក្នុង​វត្ត​ចំការ​ខ្សាច់ និង​ជួយ​សាងសង់​កន្លែង​ប្រជុំ​ស្នាក់ការ​គណបក្ស​ប្រជាជន ឧបត្ថម្ភ​ថវិកា​ដល់​ស្ត្រី​កូនខ្ចី ប្រជាជន​ជួប​ការលំបាក អ្នកមាន​ជំងឺ និង​ទទួលមរណៈភាព ជាដើម។

លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ស្ពានថ្ម បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់​អគារសិក្សា ១​ខ្នង​នេះ ដើម្បី​ទុកជា​សម្បត្តិ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ទៅ​ថ្ងៃ​អនាគត។ អគារសិក្សា​ថ្មី​នេះ ជា​គុណូបការៈ​ដ៏​វិសេសវិសាល​ដែល​មិនអាច​កាត់ថ្លៃ​បាន​ដែល សម្តេច​តេ​ជោ តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​សិស្ស និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​តាម​តំបន់​នានា​ទូទាំង​ប្រទេស ស្របតាម កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា សម្រាប់​ការ​កសាង និង​ការ​ការពារ​មាតុភូមិ​ឆ្នាំ ២០១៨-២០២៣ ថា ​៖ បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស ទឹក ភ្លើង និង​ថ្នល់ ដែលជា​កត្តា​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​…។

លោក​បណ្ឌិត លី ឆេង ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​បញ្ជូន​ក្រុម​ជាង និង សម្ភារៈ មក​សាងសង់​អគារ​សិក្សា​ថ្មី​នេះ​ផង​ដែរ។

សូម​បញ្ជាក់​ថា គម្រោង​សាងសង់​សាលាបឋមសិក្សា និង​វិទ្យាល័យ​ក្នុង​សង្កាត់​ស្ពានថ្ម​នា​ពេល​នេះ ត្រូវ​បាន​ដំណើរការ​សាងសង់​ភ្លាមៗ​បន្ទាប់ពី ឧបដ្ឋានសាលា និង​សាលា​ពុទ្ធិកបឋមសិក្សា​វត្ត​ចំការ​ខ្សាច់ ដែល​បាន​ចំណាយ​ថវិកា​សាងសង់​អស់ ៣៦៩,៥០០​ដុល្លារ​ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៨ កន្លងទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

   

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu