Ad Code

អ្នកនាំពាក្យ​ចាត់ទុក​សកម្មភាព​បាតុក​ម្ម​ជា​រឿង​ធម្មតា សំរាប់​សង្គម​ប្រជាធិបតេយ្យ នៅ​គ្រប់​ប្រទេស​នៅលើ​ពិ​ភព​លោក



ភ្នំពេញ​ ៖ អ្នកនាំពាក្យ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ការ​តវ៉ា ឬ​ការ​ធ្វើ​បាតុកម្ម​ណាមួយ​ប្រឆាំង​រដ្ឋាភិបាល វា​ជា​រឿង​ធម្មតា សម្រាប់​សង្គម​ប្រជាធិបតេយ្យ នៅ​គ្រប់​ប្រទេស​នៅ​លើ​ពិ​ភ​លោក ហើយ​រាល់​សំណូមពរ អាច​ត្រូវ​រដ្ឋាភិបាល​យកមក​ពិនិត្យ ពីព្រោះ​ការ​តវ៉ា​គ្រាន់តែ​ជាការ​សម្តែង​មតិ​ប៉ុណ្ណោះ មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​បែបនេះ បន្ទាប់ពី​មាន​ក្រុមបាតុករ​មួយ​ក្រុម​តូច បាន​នាំ​គ្នា​បាតុកម្ម​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក នៅ​គ្រា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​។



តាម​លោក សុខ ឥសាន “​វា​ជា​រឿង​ធម្មតា​ទេ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ វា​តែងតែ​មាន​មតិ​ចម្រុះ មិន​មាន​ការ​ឯកភាព​គ្នា​ទាំងស្រុង​នោះ​ទេ​។ នៅ​តាប​ណ្តា​ប្រទេស​លើ​ពិភពលោក ក៏​តែងតែមាន​ពហុ​មតិ​ដែរ ប៉ុន្តែ​ជា​ការ​កត់សម្គាល់ អ្នក​តវ៉ា​ប្រឆាំង​ហ្នឹង គឺជា​ក្រុម​ជនភាគតិច ហើយ​ការតវ៉ា​វា គ្រាន់តែ​ចាត់ទុកជា​ការ​សម្តែង​មតិ​ប៉ុណ្ណោះ និង​មិនមាន​ផល​ប៉ះពាល់​អ្វី​ទេ ហើយ​សកម្មភាព​ប្រឆាំង​ទាំងនោះ គោរព​តាម​គោលការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​។ បើ​មិន​គោរព​ទេ សមត្ថកិច្ច នឹង​ត្រូវ​បង្ក្រាប​មិន​ខាន​”​។

លោក សុខ ឥសាន អះអាង​ថា “​បើ​គ្រាន់តែ​ចាត់ទុកជា​ការ​សម្តែង​មតិ ដូច្នេះ​វា​មិនមែន​ជា​ការ​ចាប់​បង្ខំ ឲ្យ​សមត្ថកិច្ច និង​រដ្ឋាភិបាល​ត្រូវតែ​ធ្វើតាម​ខ្លួន​នោះ​ឡើយ តែ​រាល់​សំណូមពរ​អាច​ត្រូវ​រដ្ឋាភិបាល​យក​មក​ពិនិត្យ​ប៉ុណ្ណោះ​។ ដូច្នេះ​សកម្មភាព​បាតុកម្ម និង​រាល់​ការប្រឆាំង​ជា​រឿង​ធម្មតា​នៅ​គ្រប់​ប្រទេស​នៅលើ​ពិ​ភព​លោក មិនមែនជា​ហេតុផល​នាំ​ឲ្យ​ខូចខាត​មុខមាត់​របស់​រាជ​រដ្ឋាភិបាល​នោះ​ទេ​។ ផ្ទុយទៅវិញ​ពួក​អ្នក​តវ៉ា និង​ពួក​អ្នកធ្វើ​សកម្មភាព​អនាធិបតេយ្យ​ទៅវិញ​ទេ ដែល​ចង់​បំផ្លាញ​មុខមាត់​ប្រទេសជាតិ​របស់ខ្លួន ដោយសារតែ​ហេតុផល​ផល​ប្រ​យោ​ជ​ន៍​ក្រុម​ខ្លួន ឬ​បក្ស​ពួក​ខ្លួន​។ ក៏​ប៉ុន្តែ​រាល់​ការតវ៉ា និង​ប្រឆាំង​មិនមាន​បានការ ឬ​មាន​ប្រសិទ្ធភាព​អ្វី​ឡើយ​”។

សូម​បញ្ជាក់​ថា នៅ​គ្រា​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នោះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅ​ក្នុង​តំបន់​អឺរ៉ុប យ៉ាងច្រើន​កុះករ បាន​ទៅ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu