Ad Code

ចោរប្លន់​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស ​តាម​ភ្ជង់​ប្លន់​ម៉ូតូ​យុវជន​ម្នាក់​យក​ទៅ​បាត់



​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថ​កិច្ច​ប៉ូលិស​ពីរ​នាក់​ជិះ​ម៉ូតូ​ដេញ​ម៉ូតូ​ជនរងគ្រោះ​ធ្វើជា​តាម​ឆែកឆេរ​រក​គ្រឿងញៀន​ហើយ​បង្ខំ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ទៅជា​មួយ​ខ្លួន លុះ​ដ​ល់​កន្លែង​ស្ងាត់​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ឲ្យ​ជនរងគ្រោះ​ចុះចេញ​ពីលើ​ម៉ូតូ​ហើយ​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បាត់ស្រមោល កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ​ខែតុលា​ ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចំណុច​ មុខ​វត្ត​ស្ងួន​ពេជ្រ​ក្នុង​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



ជនរងគ្រោះ​មានឈ្មោះ​សុខ​ ឡេង​ អាយុ​១៩​ឆ្នាំ ​មុខរបរ​ធ្វើការ​រោងចក្រ​ស្នាក់នៅ​ភូមិ​បែក​ចាន​ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល។

តាម​ការ​រៀបរាប់​ពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​និច​ពណ៌ស​លាយ​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ1GH-4337 ​បាន​ជិះ​ចេញពី​បែក​ចាន​គោលបំណង​ទៅ​ទិញ​ម្ជូរ​នៅ​ម្ដុំ​លក់​សាច់ក្រក​ដោយ​ធ្វើដំណើរ​ពី​លិចទៅ​កើ​ត ខ​ណៈ​មកដល់​ចំណុច​កើតហេតុ​ខាង​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៨​ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​បានធ្វើ​កម្ម​ភាព​ជិះ​ដេញ​ឲ្យ​ឈប់​។

ប្រភព​នេះ​បន្ដ​ថា ​ពេលនោះ​ដោយសារ​តែ​រូប​គាត់​មិន​ហ៊ាន​ឈប់​កន្លែង​ងងឹត​បាន​ព្យាយាម​បើក​មក​កន្លែង​ភ្លឺ​ដែល​មាន​មនុ​ស្ស​អ៊ូអរ​ស្រាប់​តែ​ជនសង្ស័យ​បាន​បើ​កបំ​បុក​ម៉ូតូ​ឲ្យ​ដួល​រួច​ធ្វើជា​ឆែក​រក​គ្រឿងញៀន​ តែ​រូបគាត់​គ្មាន​គ្រឿងញៀន​នោះទេ​ ហើយ​ជនសង្ស័យ​ទាំង​នោះ​បាន​បង្ខំ​រូប​គាត់​ឲ្យ​ឡើង​ម៉ូតូ​យក​ទៅ​ខណ្ឌ​រូប​គាត់​ក៏​ព្រម​ឡើង​ម៉ូតូ​ព្រោះ​គាត់​គ្មាន​គ្រឿងញៀន​ ហើយ​ក៏​គ្មាន​ខុស​អ្វី​ដែរ​សុខចិត្ត​ឡើង​ម៉ូតូ​ទៅជា​មួយ​ ខ​ណៈ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​កន្លែង​ស្ងាត់​ផង​នោះ​បាន​ឲ្យ​គាត់​ចុះ​រួច​ដក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​រួច​ជិះ​គេច​ខ្លួនបាត់​ស្រមោល​តែម្ដង​។

ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​កន្ទោក​ដើម្បី​ឲ្យ សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu