Ad Code

អាជ្ញាធរ​អប្សរា​ជួសជុល​ទំនប់​បារាយណ៍ទឹកថ្លា ប្រវែង​១,៦៤០​ម៉ែត្រ



សៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រាជសីហ៍ ធ្វើការ​ជួសជុល​តួ​ទំនប់​បារាយណ៍ទឹកថ្លា​ជ្រុង​ខាងលិច ផ្នែក​ខាងត្បូង ស្ថិតនៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក មាន​ប្រវែង​១៦៤០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយសារ​អាយុកាល ទឹករលក និង​ការហូរ​ច្រោះ​ដោយ​ទឹកភ្លៀង​។

តាម​ការ​បញ្ជាក់​របស់​លោក មាន់ ផានិត មន្ត្រី​បច្ចេកទេស​របស់​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា ការងារ​នេះ​អនុវត្ត​ដោយ​ក្រុមហ៊ុន​រាជសីហ៍​ដែល​ស្ថិត​នៅ​ក្រោម​ការពិនិត្យ​ជាប្រចាំ​ដោយ​ក្រុមការងារ​បច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​បំណង​អភិរក្ស​និង​ថែរក្សា​បារាយណ៍ទឹកថ្លា​ឲ្យ​មាំទាំ​ជាង​មុន​និង​ស្ថិតនៅ​គង់វង្ស​យូរអង្វែង។



លោក ផានិត បន្តថា ចំពោះ​គម្រោង​នៃ​ការជួសជុល​មាន​រយៈពេល​៦​ខែ គិត​ចាប់​ពី​ថ្ងៃ​២៦ ខែកក្កដា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៩​។ ចំពោះ​ការអនុម័ត​យល់ព្រម​ឲ្យ​ប្រើប្រាស់​គ្រឿងចក្រ​ក្នុង​ការ​ជួសជុល​ពង្រឹង​ទំនប់​បុរាណ​នេះ ក្រុម​អ្នក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ធ្វើ​កំណាយ​ដើម្បី​សិក្សា​បន្ថែម​អំពី​វិធីសាស្ត្រ​បង្ហាប់ដី​បុរាណ រចនា​សម្ពន្ធ និង​ប្រភេទ​ដី​ទំនប់​ដើម្បី​ធានាថា ការជួសជុល​នេះ​មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន និង​ធានា​គុណភាព​យូរអង្វែង​។



សូម​បញ្ជាក់​ថា បារាយណ៍ទឹកថ្លា​មាន​ទំហំ​ធំ​ជាង​គេ​ក្នុងចំណោម​បារាយណ៍​ទាំង​បួន​នៅក្នុង​តំបន់​សៀមរាប​-​អង្គរ ដែល​ស្ថិតនៅ​ខាងលិច​ក្រុង​អង្គរធំ មាន​ទទឹង​ប្រវែង​២២០០​ម៉ែត្រ​និង​បណ្តោយ​ប្រវែង​៨០០០​ម៉ែត្រ អាច​រក្សា​ទឹក​រហូតដល់​៥៦​លាន​ម៉ែត្រគូប​។ កន្លងមក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​អភិរក្ស​និង​ជួសជុល​តួ​ទំនប់​បារាយណ៍ទឹកថ្លា​ជាច្រើន​ដំណាក់កាល​មកហើយ​។



លើស​ពី​នោះ បារាយណ៍ទឹកថ្លា​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ស្រែ​និង​ដំណាំ​ផ្សេងៗ​ជាង​មួយ​ម៉ឺន​ហិកតា បញ្ចៀស​បញ្ហា​ទឹកជំនន់​ក្នុង​តំបន់​សៀមរាប​-​អង្គរ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ បង្កើន​ការងារ​ដល់​ប្រជាជន​តាមរយៈ​ការ​លក់​វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ សេវា​ជិះទូក​កម្សាន្ត ផ្គត់ផ្គង់​ទឹក​សម្រាប់​ផលិត​ទឹក​ស្អាត ក្នុង​ក្រុង​សៀមរាប (១៨០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​) ជាពិសេស​ទឹក​បារាយណ៍​បាន​ចូលទៅ​បំពេញ​ទឹក​ក្រោម​ដី​ឲ្យ​រក្សា​បាន​នូវ​តុល្យភាព​និង​រក្សា​លំនឹង​គ្រឹះ​ប្រាសាទ​ឲ្យ​មាន​ភាពរឹងមាំ ពិសេស​ជា​កន្លែង​រក្សា​ពូជ​ត្រី​បាន​យ៉ាង​ល្អ ហើយ​ផ្តល់​ផល​ត្រី​យ៉ាងច្រើន​ជូន​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu