ភ្នំពេញ ៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃអង្គការសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (អាយកាប់-ICAPP) នឹងអញ្ជើញចូលរួមមហាសន្និបាត ICAPP លើកទី១០ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះបើតាមសេចក្តីប្រកាសរបស់គណបក្ស។
សេចក្តីប្រកាសរបស់គណបក្សចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា មហាសន្និបាត ICAPP នេះ ផ្ដោតលើប្រធានបទសំខាន់ៗចំនួនពីរ គឺទី១, តួនាទីគណបក្សនយោបាយនៅក្នុងការកាត់បន្ថយភាពតានតឹងអន្តរជាតិ និងការប្រយុទ្ធប្រឆាំងភាពជ្រុលនិយម និងទី២, សារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងបណ្ដាគណបក្សនយោបាយនៅអាស៊ី ក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយសេដ្ឋកិច្ច និងសង្គមរវាងរដ្ឋ និងរដ្ឋ។
ក្រៅពីនេះ គណៈប្រតិភូ នឹងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី៣១ ដើម្បីពិភាក្សាអំពីប្រធានបទមួយចំនួន ទាក់ទិននឹងសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក ផ្ដោតលើគោលដៅរួម ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន។ គណៈប្រតិភូ នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំមួយចំនួនទៀតដូចជា ទី១, កិច្ចប្រជុំលើកទី៤ នៃសម្ព័ន្ធយុវជន ICAPP ទី២, កិច្ចប្រជុំលើកទី៤ នៃវេទិកាសារព័ត៌មាន ICAPP ទី៣, កិច្ចប្រជុំលើកទី៥ នៃសម្ព័ន្ធស្ត្រី ICAPP និងទី៤, កិច្ចប្រជុំលើកទី១ នៃគណៈកម្មការសម្របសម្រួលរវាងគណបក្សនយោបាយនៅអាស៊ី ទ្វីបអាមេរិកឡាទីន និងទ្វីបអាហ្វ្រិក (ICAPP-COPPPAL-CAPP)។
នៅក្នុងមហាសន្និបាតនេះដែរ គណៈប្រតិភូកម្ពុជា នឹងផ្ដល់របាយការណ៍វឌ្ឍនភាពអំពីការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council.ACC) ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានស្ថាបនិកកិត្តិយស។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី មានគម្រោងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNESCO ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌ ការអភិរក្សកេរ្តិ៍ដំណែលវប្បធម៌ និងប្រវត្តិសាស្ត្រ នៅក្នុងទ្វីបអាស៊ី ហើយក្រុមប្រឹក្សាវប្បធម៌អាស៊ីមានអគ្គលេខាធិការដ្ឋាននៅកម្ពុជា។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាសមាជិកដ៏សកម្មរបស់អង្គការ ICAPP ចាប់ពីឆ្នាំ២០០៥ មក ហើយ ICAPP គឺជាក្រុមគណបក្សនយោបាយដ៏ធំជាងគេមួយនៅលើពិភពលោក ដែលមានគណបក្សនយោបាយចំនួន៣៥២ ជាសមាជិកមកពី៥២ ប្រទេសនៅអាស៊ី។ ICAPP មានគោលបំណងជំរុញកិច្ចពិភាក្សា ដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការណ៍ក្នុងតំបន់តាមរយៈបណ្តាគណបក្សនយោបាយ៕
Source: Kampuchea Thmey Daily
0 Comments