ក្រុមបាល់ទាត់អាណាចក្របៃតង ដែលជាម្ចាស់ជើងឯកឆ្នាំចាស់ បានការពារតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្រេច ក្រោយឈ្នះក្រុមអ៊ិនធីកណ្តាលនៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១ទល់០ ប្រចាំរដូវកាល២០១៨ កាលល្ងាចថ្ងៃសៅរ៍ ទី២០ ខែតុលាថ្មីៗនេះ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមអាណាចក្របៃតង រកបានដោយកីឡាករ លឹម ចាន់លាភ នៅនាទីនៅនាទី៦៥។ លទ្ធផលនេះបានធ្វើឲ្យក្រុមមួយនេះលើកពានជាលើកទី២ជាប់ៗគ្នាបន្ទាប់ពីឆ្នាំ២០១៧ ធ្លាប់ឈ្នះម្តងរួចហើយ។ សម្រាប់រដូវកាលទី២នៃពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ដោយមាន២១ក្រុមចូលរួមប្រកួតតាំងពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
លោក ម៉ុក ច័ន្ទករុណា ស្ថាបនិកក្រុមបាល់ទាត់អាណាចក្របៃតង បានលើកឡើងក្រោយឈ្នះជើងឯកថា «ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ពុក ម៉ែ ពូ មីង បង ប្អូន និងក្មួយក្មួយ ដែលតែងតែគាំទ្ររាល់គ្រប់សកម្មភាពរបស់ខ្ញុំ ក្នុងបុព្វហេតុសង្គមជាតិ ជាពិសេសការផ្តល់ឱកាសជារឿយៗដល់យុវជនខ្មែរ ដែលត្រូវបានបន្តជំរុញលើកទឹកចិត្តឲ្យចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និង សាមគ្គីភាព ជៀសឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខនានា និងត្រៀមខ្លួនដើម្បីចូលរួម កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ»។
ក្នុងនាមជាក្រុមជើងឯកអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់៣២លានរៀល ហើយក្រុមជើងឯករងអ៊ិនធីកណ្តាល បាន២០លានរៀល និងលេខ៣ ពិស្ណុការ បាន១៤លានរៀល។ ក្នុងនោះដែរ ស្បែកមាសបានទៅលើខ្សែប្រយុទ្ធជើងចាស់ នុត ស៊ីនួន របស់ TN Kandal, អ្នកចាំទីល្អបានលើ ហាន់ មាន មកពីអាណាចក្របៃតង និងក្រុម Fair Play ធ្លាក់ទៅលើពិស្ណុការអមដោយទឹកប្រាក់៦លានរៀល។
តំណែងគណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានឧបត្ថម្ភទឹកប្រាក់១ម៉ឺនដុល្លារ ដោយ៥០០០ដុល្លារសម្រាប់គណៈកម្មការរៀបចំអាហាសាមគ្គីក្រោយចប់ប្រកួត។ ក្រុមជើងឯក បានបន្ថែម២០០០ដុល្លារ ហើយក្រុមលេខ២ និងលេខ៣ ទទួលបាន ១០០ដុល្លារ ដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments