ភ្នំពេញ ៖ កាលពីរសៀលថ្ងៃ ទី ២១ ខែតុលា ឆ្នាំ២០១៨ ម៉ោងនៅទីក្រុង អីស្តាមប៊ុល ប្រទេសតួកគី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារកំពូលទ្វេភាគីជាមួយលោក រ៉េជីប ថាយ៉ីប អ៊ែដ៏វ៉ានប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។ នៅក្នុង ជំនួបកំពូលទ្វេភាគីនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការជំរុញកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យឈានដល់ ១ ពាន់លាន ដុល្លារនៅក្នុងពេលដ៏ខ្លីខាងមុខ។
នៅក្នុងជំនួបនេះដែរលោកប្រធានាធិបតីតួកគី រ៉េជីប ថាយ៉ីប អ៊ែ ដ៏ វ៉ាន បានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាននៃដំណើរបំពេញទស្សនកិច្ចការងាររបស់ សម្តេចតេជោ ហ៊ុន សែន មកកាន់ប្រទេសតួកគីពិសេសលោកបានចាត់ទុកថានេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយនាយករដ្ឋមន្ត្រីកម្ពុជា។លោក បានបន្តដោយក្តីសង្ឃឹមថាដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។ លោកបន្តថា បច្ចុប្បន្ននេះតួកគីបានបើក ស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅកម្ពុជា នោះគឺជាសូចនាករបង្ហាញពីសារៈសំខាន់ចំពោះកម្ពុជា។
ជាមួយនឹងទិសដៅនៃការជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើងរហូតដល់ ១ ពាន់លានដុល្លារនៅពេលខាងមុខលោកប្រធានាធិបតីនិងសម្តេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ចនៃប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការគ្នាក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាទិភាពចំពោះ មុខរបស់កម្ពុជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការប្រារព្ធរៀបចំខួបអនុស្សាវរីយ៍លើកទី ៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរនៅឆ្នាំ ២០២០ តាមរយៈការរៀបចំនូវសកម្មភាពនានាដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់ពីប្រទេសនីមួយៗទៅវិញទៅមក។
ថ្នាក់កំពូលប្រទេសទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញកំណើននៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរតាមរយៈការបើកឲ្យមានការហោះហើរត្រង់ពីគ្នាទៅវិញទៅមកក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្នឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និង ភ្ញៀវទេសចរសម្រាប់ប្រទេសទាំងពីរនៅថ្ងៃ អនាគតដ៏ខ្លីខាងមុខ។
ដោយសារតែប្រទេសកម្ពុជាទទួលនូវមជ្ឈមណ្ឌលកំចាត់មីនអាស៊ានលោកប្រធានាធិបតីមានប្រសាសន៍ថាតួកគីនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយ ដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ានក្នុងប្រទេសកម្ពុជាពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។
ក្រៅពីកិច្ចព្រមព្រៀងចំនួន ៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅពេលនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ពិភាក្សាទៅលើការមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរ។
ដោយសារតែប្រទេសតួកគីបានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួនក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៣ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ជំរាបជូនលោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជានៅទីក្រុងអង់ការ៉ា ប្រទេសតួកគីក្នុងឆ្នាំ ២០១៩ ខាងមុខតាមរយៈការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ដើម្បីបញ្ជាក់ពីឆន្ទៈរបស់កម្ពុជាលើមូលដ្ឋាននៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើលោកប្រធានាធិបតីបន្តបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសតួកគីនិងជួយ ទិញអង្គរ ផ្លែស្វាយ ពីប្រទេសកម្ពុជាដើម្បីជួយដល់កសិករកម្ពុជា។
ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រសម្តេចតេជោនាយករដ្ឋមន្ត្រីបានគោរពអញ្ជើញដោយផ្ទាល់មាត់ជូនលោកប្រធានាធិបតីក្នុងការអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាដ៏សមស្របនាពេលខាងមុខ។ លោកប្រធានាធិបតីបានឆ្លើយតបទៅនឹងការអញ្ជើញរបស់សម្តេចតេជោក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានិងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួនដែលកម្ពុជាបានស្នើឲ្យតួកគីជួយ។
ជាមួយគ្នានេះ ប្រធានាធិបតីក៏បានសន្យាជួយដល់ប្រទេសកម្ពុជាក្នុងការក្លាយជាអ្នកសង្កេតការណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការឥស្លាម ដែល ប្រទេសតួកគីនឹងធ្វើជាប្រធាននៅឆ្នាំ២០១៩។
សូមបញ្ជាក់ថា សាធារណរដ្ឋតួកគីមានផ្ទៃក្រ ឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡាដែលមានព្រំដែនជាប់នឹងប្រទេសអាមេនីអាសៃបៃហ្សង់ប៊ុលហ្ការីហ្សកហ្សីក្រិកអឺរ៉ង់អីរ៉ាក់និងស៊ីរីនិងមានប្រជាជនរស់នៅជាង៨០លាននាក់។ រដ្ឋធានីរបស់សាធារណរដ្ឋតួកគីគឺអង់ការ៉ា។លើវិស័យសេដ្ឋកិច្ចសាធារណរដ្ឋតួកគីមាន GDP សរុប២ពាន់១៧៣ទីលានដុល្លារអាមេរិកក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២ម៉ឺន៦ពាន់៩០០ដុល្លារ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគីគឺសម្លៀកបំពាក់គ្រឿងម្ហូបក្រណាត់គ្រឿងដែកនិងសម្ភារៈដឹកជញ្ជួនដោយឡែកសម្រាប់ការនាំចូលរួមមានគ្រឿងម៉ាសីុនប្រេងវត្ថុគីមីផលិតផលពាក់កណ្តាលសម្រេចនិងសម្ភារៈដឹកជញ្ជូន។
លើទំនាក់ទំនងការទូតកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយតួកគីនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ១៩៩៤ក្នុងនោះនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៣សាធារណរដ្ឋតួកគីបានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថានឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរនៅសាធារណរដ្ឋតួកគីក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅទីក្រុងអង់ការ៉ានៅឆ្នាំ២០១៩ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments