ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវេលាម៉ោង ១០ ព្រឹក (ម៉ោងនៅប្រទេសស្វីស)ត្រូវនឹងម៉ោង ៣៖០០នាទី ម៉ោងនៅកម្ពុជាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ក្រុងហ្សឺណែវ ប្រទេសស្វីសហើយដើម្បីចូលរួម«សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ » ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២២ ដល់ទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រោមមូលបទរួម «ការវិនិយោគលើការអភិវឌ្ឍប្រកបដោយចីរភាព»។នេះបើយោងតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីតំណាងអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ,លោក ណី សំអុល ឯកអគ្គរាជទូតអចិន្រៃ្តយ៍របស់ព្រះរាជាណាចក្រកម្ពុជាប្រចាំហ្សឺណែវ ព្រមទាំងវត្តមានអស់លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំហ្សឺណែវប្រទេសស្វីសជាច្រើនរូប។
ដោយឡែកនៅសណ្ឋាគារស្នាក់អាស្រ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងទីក្រុងហ្សឺណែវ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលបំផុតពីសំណាក់ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយក្នុងទីក្រុងហ្សឺណែវនិងតំបន់មួយចំនួ នទៀតក្នុងប្រទេសស្វីស និងក្នុងតំបន់អឺរ៉ុបទាំងមូលផងដែរ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអញ្ជើ ញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,លោកទេសរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសកលសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ «កិច្ចវិនិយោគនៅក្នុងយុគសម័យថ្មី នៃសាកលភាវូបនីយកម្ម និងឧស្សាហូបនីយកម្ម និងកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ក្នុងបរិបទទីផ្សារដែលបានធ្វើសមាហរណកម្ម»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់សម្រាប់ថ្នាក់ដឹកនាំជាមួយក្រុមប្រឹក្សាផ្តល់យោបល់លើការវិនិយោគដែលក្នុងឱកាសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចែករំលែកចក្ខុវិស័យ និងបទពិសោធន៍ពាក់ព័ន្ធនឹងប្រធានបទដូចខាងលើ។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំរបស់ស្ថាប័នអង្គការអន្តរជាតិសំខាន់ៗ មួយចំនួនដូចជា លោក ហ្វ្រានស៊ីស ហ្គារី អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, លោកស្រី អារ៉ានឆា ហ្គងហ្សាឡែស នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ,លោក រ៉ូប៊ែតូ កាវ៉ាល់ហូ អាហ្ស៊ែវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និង លោក ម៉ុឃីសា គីទុយី អគ្គលេខាធិការសន្និសីទ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបជាមួយលោកស្រី មីសែល បាសែឡែត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ ក្រោយបញ្ចប់ ជំនួបសម្តេចតេជោនឹងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងលោកស្រី មីសែល បាសែឡែត លើ «អនុស្សរណៈរវាងរាជរដ្ឋាភិបាលកម្ពុជានិងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សដើម្បីអនុវត្ដកម្មវិធីកិច្ចសហប្រតិបតិ្ដការបច្ចេកទេសស្ដីពីបញ្ហាសិទិ្ធមនុស្ស»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសស្វីសសម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងជួបសំណេះសំណាលជា មួយសមាជិកសហគមន៍ខ្មែរនិងនិស្សិតខ្មែរដែលកំពុងរស់ នៅនិងសិក្សានៅប្រទេសស្វីសផងដែរ៕
Source: Kampuchea Thmey Daily
0 Comments