Ad Code

ហេតុការណ៍​ចម្លែក​ផ្ទុះ​នៅ​លើ​អាកាស​ បន្ទាប់មក​មាន​បំណែក​ៗ​ដែក​ធ្លាក់​មក​ដី​នៅ​ស្រយង់



ព្រះវិហារ ​៖ ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ស្រុក​គូលែន​មានការ​ភ្ញាក់ផ្អើល​ទៅ​នឹង​សំឡេង​ផ្ទុះ​ឮសូរ​ខ្លាំង​គ្រាំងៗ​ពីលើ​អាកាស ​ហើយ​បាន​ស៊ើបសួរ​តៗ​គ្នា​ ទើប​ដឹងថា​ មាន​បំណែក​ៗ​ដែក​យន្តហោះ​ធ្លាក់​មក​ដី​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែតុលា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​ឃុំ​ស្រយង់​ ស្រុក​គូលែន​ ដោយ​មិន​បង្កឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ។

ហេតុការណ៍​នេះ​ កើត​ឡើងជា​លើក​ទី​ពីរ​​ហើយ ​នៅ​លើ​ទឹកដី​ស្រុក​គូលែន​ដូចគ្នា​ដែល​លើកទីមួយ​កើត​ទ្បើង​នៅ​ឆ្នាំ​2012​ បន្ទាប់ពី​កើតមាន​ជម្លោះព្រំដែន​ប្រាសាទ​ព្រះវិហារ​ជាមួយ​ភាគី​ថៃ។

ស្នងការ​នគរបាល​ខេត្ត ព្រះវិហារ​លោក​ឧត្ដមសេនីយ៍ទោ​យិន​ចំណាន​បាន​ថ្លែង​ឱ្យដឹង​នៅថ្ងៃនេះ​ថា​ពិត​ជាមាន​ហេតុការណ៍​នេះ​កើតឡើង​ប្រាកដ​មែន ហើយ​ពុំមាន​បង្ក​ឱ្យ​មនុ​ស្ស​ណា​ម្នាក់​គ្រោះថ្នាក់​នោះទេ​។​

លោកស្នងការ​បន្តថា ​មិនទាន់​សន្និដ្ឋាន​ជា​បំណែក​អ្វី​នៅ​ទ្បើ​យ​ទេ ​រង់ចាំ​គណៈកម្មាធិការ​ខេត្ត​ចុះ​ស្រាវជ្រាវ​សិន។

មុន​កើតហេតុ​លោក​បានឮ​សំឡេង​ផ្ទុះ​ខ្លាំង​ហាក់​ដូច​ជា​មាន​ចម្ងាយ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ បន្ទាប់មក​ថ្នាក់ក្រោម​បាន​រាយការណ៍​មក​ភ្លាមៗ​ថា​ មាន​បំណែក​ដែក​ធ្លាក់​ពីលើ​អាកាស​មក​ដី​ស្ថិតនៅ​ឃុំ​ស្រយង់​ស្រុក​គូលែន​។​

លោកស្នងការ​នគរបាល​ខេត្ត​ថ្លែង​បញ្ជាក់ថា ​ខណៈពេល​នេះ​សមត្ថកិច្ច​ស្រុក​គូលែន​កំពុង​គ្រប់គ្រង​បំណែក​ទាំងនោះ​យ៉ាង​មាន​សុវត្ថិភាព​ដើម្បី​ស្រាវជ្រាវ​និង​ពិសោធន៍​។​

ហេតុការណ៍​នេះ​កើត​ទ្បើង​ជា​លើក​ទី​ពីរ​ហើយ​នៅ​ស្រុក​គូលែន​ដែល​លើកទីមួយ​កើតឡើង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

អភិបាលស្រុក​គូលែន​លោក​ប៉ាង​យៀ​ត​បានឱ្យដឹងថា ​មុនពេល​ធ្លាក់​បំណែក​មក​ដីកា​ល​ពី​វេលា​ម៉ោងជាង​06​ព្រឹក​នេះ​ លោក​បានឮ​សូរ​សំឡេង​ផ្ទុះ​នៅ​លើ​អាកាស​យ៉ាង​ទ្រហឹង​ផ្ទួនៗ​គ្នា​ និង​សន្និដ្ឋាន​ថា ​វា​អាចជា​បំណែក​យន្ត​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​។​ យ៉ាងណាក៏ដោយ​គ្មាន​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​ចំពោះ​ហេតុការណ៍​អាក្រក់​នេះ​ទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu