ភ្នំពេញ ៖ នេះជាលើកទីមួយហើយសម្រាប់តារាចម្រៀងស្រីលំដាប់ជួរមុខប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលបានសម្រេចចិត្តចេញមុខប្រកាសអំពាវនាវស្វែងរកការជួយឧបត្ថម្ភពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយសង្គ្រោះជីវិតបុរសវ័យចំណាស់ម្នាក់ដែលទើបត្រូវបានប្រពន្ធស្លាប់ចោល និងរស់នៅចិញ្ចឹមកូន២នាក់ ខណៈពេលនេះក៏កំពុងធ្លាក់ខ្លួនឈឺហើយគ្មានប្រាក់ព្យាបាល។
បើតាមការប្រាប់ឲ្យដឹងពីសំណាក់តារាចម្រៀងកញ្ញា សុខ ពិសី បានរៀបរាប់ថា ជម្រាបសួរបងប្អូននេះជាលើកទី១ហើយដែលនាងខ្ញុំ សុខ ពិសី សុំការជួយពីបងប្អូន ពូ ពេជ្រ មានជីវភាពក្រខ្សត់ប្រពន្ធគាត់ទើបតែទទួលមរណភាពចោលកូនទាំងពីរ និងរូបគាត់ ហើយចាប់ពីពេលដែលប្រពន្ធគាត់ស្លាប់ទៅ គាត់ត្រូវរត់ម៉ូតូឌុបដើម្បីចិញ្ចឹមកូន ណាមួយផ្ទះសំបែងក៏អត់ទើបក្រុមគ្រួសារខ្ញុំមានចិត្តអាណិតជាខ្លាំងបានផ្តល់ទីកន្លែងស្នាក់នៅ។
តារាចម្រៀងសំឡេងស្រទន់កញ្ញា សុខ ពិសីបានបញ្ជាក់ថា ឥឡូវគាត់ធ្លាក់ខ្លួនឈឺខ្លាំងត្រូវការឈាមច្រើន។ សូមបងប្អូនសប្បុរសធម៌ទាំងអស់មេត្តាជួយផ្តល់ឈាម សង្គ្រោះជីវិតគាត់ផង ហើយក្រុមគ្រួសារខ្ញុំ និងនាងខ្ញុំផ្ទាល់ ក៏បានបរិច្ចាគឈាមរួចហើយដែរ ប៉ុន្តែនៅមិនទាន់គ្រប់ ទោះបីបងប្អូនមានឈាមប្រភេទអ្វី ក៏អាចជួយជីវិតរបស់គាត់បានដែរ។
លើសពីនេះទៅទៀតស្រីស្រស់ សុខ ពិសី បានបន្ថែមទៀតថា គាត់មិនបានជាប់សាច់ឈាម អ្វីជាមួយខ្ញុំបន្តិចទេប៉ុន្តែនាងខ្ញុំនិងក្រុមគ្រួសារមានការអាណិតជាខ្លាំងព្រោះគាត់ជាមនុស្សល្អស្លូតបូត ហើយកូនគាត់ទាំងពីរ ត្រូវការគាត់មើលថែ ខ្ញុំជឿថាបងប្អូនហ្នឹង មេត្តាជួយផ្តល់ឈាមដល់គាត់ផង។
សូមបញ្ជាក់ថា តារាចម្រៀងមានមន្តស្នេហ៍សាច់សខ្ចីដូចបណ្តូលចេកកញ្ញា សុខ ពិធី កន្លងមកត្រូវបានទស្សនិកជនធ្លាប់ដឹងហើយថា ក្រៅតែមានប្រជាប្រិយភាពនិងការគាំទ្រលើអាជីពចម្រៀងនាងក៏ជាតារាស្រីមួយរូបដែលធ្លាប់ចេញច្រៀងដើម្បីស្វែងរកមូលនិធិជួយដល់កុមារនៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ទង្វើនេះទើបស្រីស្រស់រូបនេះតែងទទួលបានការលើកទឹកចិត្តព្រមជាមួយការកោតសរសើរពីទស្សនិកជន៕
Source: Kampuchea Thmey Daily
0 Comments