Ad Code

ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មួយ​ខ្នង​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង សមត្ថកិច្ច​ថា​បណ្តាល​មក​ពី​ភ្លើង​ធូប



សៀមរាប​ ៖ ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ថ្ម​ក្រោម​ដែលមាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​ករណី​នេះ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​អះអាង​ថា ​បណ្តាលមកពី​ម្ចាស់ផ្ទះ​អុជ​ធូប​ទុកចោល រួច​ទៅ​ធ្វើ​ការ។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​សៀមរាប ក្រុង​សៀមរាប។

លោក​អនុសេនីយ៍ឯក ម៉ី ស្សាវ​រី នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សៀមរាប​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​​ ថ្ម​ក្រោម​ដែល​មាន​ទំហំ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ហើយ​ករណីនេះ​បណ្តាលមកពី​ម្ចាស់ផ្ទះ​អុជ​ធូប​ទុកចោល រួច​ចាក់សោ​​ផ្ទះ​ទៅធ្វើ​ការ​បាត់។

លោក​បន្តថា ករណីនេះ​ មិនមាន​នរណាម្នាក់​រង​របួស​ឬក៏​រាលដាល​ទៅផ្ទះ​អ្នកជិតខាង​នោះឡើយ​។​លោក​បន្តថា ម្ចាស់ផ្ទះ​មានឈ្មោះ ផាន់ លាំ ភេទ​ស្រី អាយុ​៨០​ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន​៣​នាក់។

ថ្វី​ត្បិត មានការ​ជួយ​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​និង​អ្នកជិតខាង​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មិនអាច​សង្គ្រោះ​បានដែរ គឺ​ដោយសារតែ​ក្នុង​ហេតុការណ៍​នោះ​ភ្លើង​ឆាបឆេះ​លឿន​ពេក​។​

លោក​បន្ថែម​ថា​ សម្ភារៈ​ដែល​ខូចខាត​រួមមាន ​៖ ​សំបុត្រកំណើត​,​ប្លង់ដី​,​ប្រាក់ ៧៥០០​ដុល្លារ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។​ ឯ​ម៉ូតូ​ត្រូវ​បាន​បាត់​ទឹក​ជួយ​ពន្លត់​ទាន់។ ក្នុង​ហេតុការណ៍​នោះ​ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ចំនួន​៣​គ្រឿង ហើយ​រលត់​ទៅវិញ​នៅ​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ដដែល​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu