ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ទួរគី ដែលធ្វើឡើងនៅទីស្នាក់ការសភាពាណិជ្ជកម្មអ៊ីស្តានប៊ុល ដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ផ្នែកឯកជនទួរគី ឥស្សរជន និងផ្នែកធុរកិច្ច ទៅពីព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីការស្តាប់នូវបទអន្តរាគមន៍ពីថ្នាក់ដឹកនាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកធុរកិច្ចទួរគីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសំខាន់ថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅទីក្រុងអ៊ីស្តានប៊ុល ដែលជាទីក្រុងប្រវត្តិសាស្ត្រស្ថិតជាប់គ្នាជាមួយសហគមន៍អឺរ៉ុប និងអាស៊ី។
តាមរយៈវេទិកាធុរកិច្ចទួរគី-កម្ពុជា ជាការបង្ហាញពីការរីកចម្រើន នាពេលបច្ចុប្បន្នព្រមទាំងកាលានុវត្តភាព និងសក្ដានុពលសម្រាប់កម្ពុជាផងដែរ។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាលនៃប្រទេសទាំងពីរដែលបានរៀបចំវេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ ទន្ទឹមនឹងនេះក៏សូមស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានឯកឧត្តម លោកជំទាវ លោកលោកស្រីភ្ញៀវជាតិ និងអន្តរជាតិដែលជាតំណាងក្រុមហ៊ុនទាំងអស់ ដែលបានចូលរួមនាពេលនេះ។
ទួរគី និងកម្ពុជា គឺជាប្រទេសដែលមានអរិយធម៌យូរណាស់មកហើយដែលកម្ពុជាគេស្គាល់តាមរយៈចក្រ ភពអង្គរ ហើយទួរគីគេស្គាល់ តាម រយៈប្រភព ប៊ីហ្សេនថាញ់ ប្រទេសយើងទាំងពីរក៏បានគាំទ្របេក្ខភាពគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ។
កិច្ចព្រមព្រៀងចំនួន ៨ ត្រូវចុះអនុស្សរណៈជាមួយគ្នា ទាក់ទងនឹងវិស័យអប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និងវិនិយោគ នៅថ្ងៃទី២១ តុលា ២០១៨ នេះ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពជិតស្និទ្ធប្រសើរថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា រយៈពេល ៥ ឆ្នាំ បន្ទាប់ពីការបើកស្ថានទូតសាធារណរដ្ឋទួរគីនៅកម្ពុជាកាលពីឆ្នាំ ២០១៣ កន្លងទៅ កម្ពុជាព្រមនឹងបើកស្ថានទូតនៅប្រទេសទួរគីនៅឆ្នាំ ២០១៩ ខាងមុខនេះដែរ ហើយទាំងនេះជាការរួមចំណែកក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានឡើងបន្ថែមទៀត។
ក្នុងនោះដើម្បីអោយទំនាក់ទំនងកាន់តែរឹងមាំ កម្ពុជាគឺមិនជួលស្ថានទូតនៅប្រទេសទួរគីទេ គឺចង់មានស្ថានទូតដោយខ្លួនឯង តាមរយៈការទិញដី និងផ្ទះតែម្ដងសម្រាប់ស្ថានទូតកម្ពុជាប្រចាំនៅទួរគីនេះ។ តាមរយៈកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជានឹងខិតខំធ្វើយ៉ាងណាដើម្បីឈានទៅសម្រេចអោយបាននូវកិច្ចព្រមព្រៀងដោយមិនយកពន្ធត្រួតគ្នាដែលនេះគឺជាចំណែកមួយយ៉ាងសំខាន់សំរាប់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ តាមរយៈកំណើនសេដ្ឋកិច្ចកធ្វើឲ្យកម្ពុជាសម្រេចឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងសម្រេចយកបាននូវការដាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។
បច្ចុប្បន្នចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ប្រមាណ ៥លាន ៦ សែននាក់នៅឆ្នាំ ២០១៧ ហើយក្នុងរយៈពេល ៨ ខែក្នុងឆ្នាំ ២០១៨ កម្ពុជាស្វាគមន៍ភ្ញៀវទេសចរមានការកើនឡើងប្រមាណ ១២ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៧ ។
សម្តេចតេជោបន្តថា ក្នុងគោល ដៅទាញយកផលប្រយោជន៍ជាអតិ បរមាពីជំនួបទ្វេភាគី និងឧត្តមភាពនៃប្រទេសយើងទាំងពីរ សូមសំណូមពរអោយមានការពន្លឿននូវសកម្មភាពក្នុងការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរពីទួរគីទៅកម្ពុជា ដើម្បីពង្រីកសកម្មភាពទេសចរណ៍ផងដែរ។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ដែលកើតចេញពីការបោះ ឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨ បានបន្ដដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការសម្រេចអោយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ក្នុងឆ្នាំ២០៣០ ដែលផ្តោតសំខាន់ទៅលើ ការអភិវឌ្ឍធនធានមនុស្សការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់ប្រទេស កម្ពុជាដូចជា៖
១-កត្តាស្ថិរភាពនយោបាយ និងសន្តិសុខក្នុងប្រទេសបានធ្វើឲ្យកម្ពុជាស្ថិតនៅលើនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧ភាគរយ។
២ -កម្ពុជាស្ថិតនៅលើទីយុទ្ធសាស្ត្រក្នុងប្រវត្តិអាស៊ានដែលជាតំបន់បាននិងកំពុងក្លាយទៅជារោងចក្រនៃអាស៊ានហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅក្នុងចំណុចកណ្ដាលនៃតំបន់មេគង្គដែលជាតំបន់មានកំណើនសេដ្ឋកិច្ចតភ្ជាប់ខ្ពស់ជាងគេ សំរាប់ការអភិវឌ្ឍឧស្សាហកម្ម ផលិតកម្មនិងសេវាកម្មជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់។
៣- កម្លាំងពលកម្មដែលមានភាពសម្បូរបែប ដែលក្នុងនោះដែលមានអាយុត្រឹម ៣៥ ឆ្នាំចុះមានចំនួនរហូតដល់ ៧២ ភាគរយនៃចំនួនពលកម្មសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យម និងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជាក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចខ្ពស់នេះ។
៤- កម្ពុជាបានបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគក្នុងស្រុង និងអ្នកវិនិយោគបរទេស ហើយបរទេសអាចវិនិយោគបាន១០០ ភាគរយ តែម្តង។
៥- ទំនិញផលិតនៅកម្ពុជាមិនត្រឹមតែផ្គត់ផ្គង់លើទីផ្សារកម្ពុជាប៉ុណ្ណោះទេ គឺមានការនាំចេញទៅកាន់ទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណជា ២៥ លាននាក់ និងទីផ្សារអាស៊ានជាច្រើនទៀត។
៦-កម្ពុជាបាននិងកំពុងធ្វើសមា ហរណ កម្មនៃការតភ្ជាប់តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗទៀតក្នុងតំបន់ដែលបង្កើតបាននូវប្រព័ន្ធឡូជីស្ទីក និងលើកកម្ពស់ជីវភាពប្រជាជន។
ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកដែលមានបំណងមកវិនិយោគនៅកម្ពុជា សូមចាប់ផ្តើមមកវិនិយោគ ហើយសម្ដេចក៏សូមធានាជូនអ្នកវិនិយោគទាំងអស់នូវសន្តិភាព សន្តិសុខ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕
Source: Kampuchea Thmey Daily
0 Comments