ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់នឹងមួយ រវាងលោកប្រធានាធិបតីទួរគី និង សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី ២១ ខែតុលា រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោករ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋទួរគីបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងអនុស្សរណៈសំខាន់ៗចំនួន៨។
យោងតាមរាយការណ៍របស់អ្នកយកព័ត៌មានពិសេសទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ឯកសារនិងកិច្ចព្រមព្រៀងអនុស្សរណៈសំខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
ទី១-អនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនទួរគី ភាគីកម្ពុជាចុះហត្ថលេខារវាងលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ម៉ូសសិន ដេរ៉េ (Muhsin Dere)អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី។
ទី២-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
ទី៣-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ទួកគី ។
ទី៤-កិច្ចព្រមព្រៀងស្តីពីជំរុញនិងការការពារទៅវិញទៅមកនៃវិនិយោគចុះហត្ថលេខារវាងលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក ម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាទួរគី ។
ទី៥-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡាចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយ លោក ម៉ះម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្ត្រីយុវជននិងកីឡា ។
ទី៦-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាមួយ លោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu)រដ្ឋមន្ត្រីក្រសួងការបរទេស ទួរគី ។
ទី៧-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំចុះហត្ថលេខារវាងឯកឧត្តមប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាមួយ លោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រីក្រសួងការបរទេស ទួរគី ។
ទី៨-កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខា រវាង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាមួយលោក ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្ត្រីក្រសួងការបរទេស ទួរគី។
គួរបញ្ជាក់ថា គម្រោងវិនិយោគរបស់ទួរគីនៅកម្ពុជាមានកម្រិតតិចតួចនៅឡើយ ខណៈគម្រោងវិនិយោគរបស់ទួរគីមានតែ៣គម្រោង ក្នុងនោះមានទុនវិនិយោគជាង១១លានដុល្លារប៉ុណ្ណោះដែលបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
នៅក្នុងជំនួបកំពូលរវាងប្រធានាធិបតីទួរគីនិងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាមេដឹកនាំប្រទេសទាំងពីរកម្ពុជា-ទួរគី បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១ ពាន់លានដុល្លារ នៅក្នុងរយៈដ៏ខ្លីខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments