Ad Code

អង្គការ​សប្បុរសធម៌​ជំរុញ​ឲ្យ​មាន​ជំនួយ​សម្រាប់​ទីក្រុង​ដែល​កំពុង​លិច



អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​នានា​ត្រូវតែ​ផ្តល់​ការវិនិយោគ​សំខាន់ៗ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​ដើម្បី​ជួយសង្គ្រោះ​ទីក្រុង​ឆ្នេរសមុទ្រ​នៅ​ជុំវិញ​ពិភពលោក​ខណៈដែល​ការកើនឡើង​នៃ​ទឹកសមុទ្រ​និង​តំបន់​ទីក្រុង​ដែល​កំពុង​ជន់​លិច​បាន​បង្ក​ការគំរាមកំហែង​មិន​ធ្លាប់មាន​ពីមុនមក​ដល់ផ្ទះ​រាប់លាន​ខ្នង​។​

ទីក្រុង​នានា​ដូចជា​ហ្សា​ការ​តា​ដែល​បាន​លិច​២៥​សង់ទីម៉ែត្រ​ជា​រៀងរាល់ឆ្នាំ​, ទីក្រុង​បាងកក​, ហ៊ូ​ស្តុ​ន​និង​ស៊ា​ង​ហៃ​កំពុង​ប្រឈម​នឹង​ការ​ជន់​លិច​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ទៀត​ដោយសារតែ​ការធ្វើផែនការ​មិនល្អ ព្យុះ​កំណាច​និង​ជំនោរ​ខ្ពស់​បាន​បង្ក​ការបំផ្លិចបំផ្លាញ​។​

អង្គការ​សប្បុរសធម៌ Christian Aid ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​បាន​សិក្សា​លើ​ទីក្រុង​ឆ្នេរសមុទ្រ​ចំនួន​៨​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​លិច​។​
Kat Kramer អ្នកដឹកនាំ​ផ្នែក​អាកាសធាតុ​នៅ​អង្គការ Christian Aid បាន​ប្រាប់ AFP ថា “​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នឹងត្រូវ​បាន​គេ​ឃើញ​នៅ​ទូទាំង​ពិភពលោក​ហើយ​ដូចដែល​អ្នក​បានឃើញ​នៅ​រដូវក្តៅ​នេះ​អញ្ចឹង យើង​ក្តៅ​ណាស់​នៅ​អឌ្ឍគោល​ខាងជើង​។ ទីក្រុង​ធំៗ​ជាច្រើន​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​គឺ​ងាយ​រងគ្រោះ​ខ្លាំង​បំផុត​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​ជា​មូលហេតុ​ដ៏​សំខាន់​ដែល​ពួកគេ​ត្រូវ​ផ្តល់​ការគាំទ្រ​ដើម្បី​សម្រប​ខ្លួន​និង​កសាង​ភាព​ធន់​ទ្រាំ​”​។​
Kramer បន្ថែមថា “​ជីវិត​កំពុង​បាត់បង់​រួចទៅហើយ​ដោយ​ព្រឹត្តិការណ៍​អាកាសធាតុ​អាក្រក់​”​។​

ការអំពាវនាវ​នេះ​គឺ​ស្របគ្នា​ជាមួយនឹង​ការចេញផ្សាយ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ​ដែល​គេ​រំពឹងថា​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នានា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​កំណត់​ការកើនឡើង​នៃ​សីតុណ្ហភាព​សកល​។​

ឯកសារ​ថ្ងៃ​ព្រហស្បតិ៍​បានកំណត់​យក​ទីក្រុង​ហ្សា​ការ​តា បាងកក ឡា​ហ្គោ​ស ម៉ានីល ដា​កា ស៊ា​ង​ហៃ ហ៊ូ​ស្តុ​ន​និង​ឡុង​ដ៍ដែល​បូក​ចូលគ្នា​មាន​ប្រជាជន​សរុប​ជាង​១០០​លាន​នាក់​ថា​ជាទី​ក្រុង​ដែល​ប្រឈម​នឹង​ហានិភ័យ​ជាពិសេស​។​

អង្គការ​នេះ​បាន​គូសបញ្ជាក់​ពី​កត្តា​មូលដ្ឋាន​ជាច្រើន​ដែល​រួមចំណែក​ដល់​ការលិចលង់​ដែល​ភាគច្រើន​បង្កឡើង​ដោយ​មនុស្ស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu