ក្រុមឃ្លាំមើលសិទិ្ធស៊ីវិលរបស់ប្រទេសនូវែលហ្សេឡង់បានលើកឡើងក្តីព្រួយបារម្ភអំពីច្បាប់ថ្មីដែលអនុញ្ញាតឲ្យមន្ត្រីគយទាមទារលេខកូដសម្រាប់ឧបករណ៍អេឡិចត្រូនិកដូចជាកុំព្យូទ័រយួរដៃឬទូរស័ព្ទចល័តជាដើមនៅតាមព្រំដែន។
ការខកខានមិនបានធ្វើតាមបទបញ្ជាដែលគេហៅថា “ច្បាប់ឆែកឆេរឌីជីថល” នេះដែលបានចូលជាធរមាននៅសប្តាហ៍នេះអាចនាំឲ្យមានការពិន័យជាប្រាក់ចំនួន៥,០០០ដុល្លារនូវែលហ្សេឡង់ (៣,២៤០ដុល្លារអាមេរិក) រួមបញ្ចូលទាំងការរឹបអូសនិងការបំផ្លាញឧបករណ៍ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាសេរីភាពស៊ីវិលនូវែលហ្សេឡង់បានពិពណ៌នាអំណាចនេះថា “ហួសហេតុពេក” និងមិនសមាមាត្រ។
ប្រធានក្រុមប្រឹក្សានេះលោក Thomas Beagle បាននិយាយថា វាជាការឈ្លានពានដ៏ហួសហេតុមួយលើភាពជាឯកជនដើម្បីផ្តល់ឲ្យមន្ត្រីគយនូវលទ្ធភាពទទួលបានព័ត៌មានលើស្មាតហ្វូនដែលអាចរាប់បញ្ចូលទាំងទិន្នន័យនានាដូចជា កំណត់ត្រាវេជ្ជសាស្ត្រ អ៊ីមែលនិងសំបុត្រផងដែរ។
មន្ត្រីគយត្រូវមានមូលហេតុសមហេតុផលដើម្បីសង្ស័យថា មានបទល្មើសត្រូវបានប្រព្រឹត្ត។
យ៉ាងណាក្តី លោក Beagle បាននិយាយថា ប៉ូលិសនិងសេវាស៊ើបការណ៍សម្ងាត់ត្រូវប្រឈមនឹងឧបសគ្គកាន់តែតឹងតែងមុនពេលពួកគេអាចទាមទារលេខកូដបាន។
លោកបាននិយាយថា “ភាពពិតនៃច្បាប់នេះគឺថា វាផ្តល់ឲ្យគយនូវអំណាចដើម្បីចាប់យកនិងបង្ខំឲ្យដោះសោទូរស័ព្ទទំនើបរបស់មនុស្សទាំងដោយគ្មានយុត្តិកម្មឬការអង្វរករ”។
គយនូវែលហ្សេឡង់បាននិយាយថា មន្ត្រីនៅក្នុងប្រទេសជាច្រើនអាចទាមទារឲ្យមានការចូលមើលឧបករណ៍អេឡិចត្រូនិកប៉ុន្តែច្បាប់ថ្មីនេះត្រូវបានគេជឿថាគឺជាលើកដំបូងហើយដែលការផ្តល់លេខកូដត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងច្បាប់មួយ។
អ្នកនាំពាក្យគយលោក Terry Brown បាននិយាយថា នូវែលហ្សេឡង់បានស្វាគមន៍ភ្ញៀវទេសចរអន្ដរជាតិចំនួន៦.៦លាននាក់នៅឆ្នាំ២០១៧ហើយបានឆែកឆេរឧបករណ៍អេឡិចត្រូនិកត្រឹមតែ៥៣៧គ្រឿងប៉ុណ្ណោះ៕ AFP
Source: Kampuchea Thmey Daily
0 Comments