ភ្នំពេញ ៖ ដើម្បីរក្សាឲ្យបាននូវរបៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋានរបស់ខ្លួនលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរង ធ្វើយ៉ាងណាដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវនានាដែលបងប្អូនប្រជាពលរដ្ឋតែងតែយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មដែលមិនស្តាប់ពីការណែនាំរបស់អាជ្ញាធរនោះ។
ប្រតិបត្តិការដែលអាជ្ញាធរចុះធ្វើជាប្រចាំនោះគឺនៅមហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ៤៧ ផ្លូវ និង ផ្លូវលេខ១០៦-១០៨-១៣០រួមទាំងផ្លូវនានាទៀតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញតែម្តង។
ជាមួយគ្នានោះដែររដ្ឋបាលខណ្ឌតែងតែបានធ្វើការប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងអោយបងប្អូនប្រជាពលរដ្ឋដែលយល់ដឹងពីការឈប់ចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតឲ្យផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសម្រាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់ដូរទៅតាមគំនូសដែលរដ្ឋបាលខណ្ឌបានកំណត់ជូននិងរក្សាអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាពនៅក្នុងមូលដ្ឋាន។
ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នាថ្ងៃទី១៩នេះរដ្ឋបាលខណ្ឌបានធ្វើការដកហូតរទេះដែលម្ចាស់បានចាក់សោទុកចោលនៅលើទ្រូងផ្លូវធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនិងរទេះលក់នំចំនួន០១ទៀតរួមទាំងម៉ូតូកង់បីចំនួន០១គ្រឿង និង រថយន្តតាក់ស៊ីចតនៅមុខស្ថានីយរថភ្លើងចំនួន០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ ដើម្បីឲ្យម្ចាស់មកទទួលនឹងធ្វើកិច្ចសន្យាអប់រំណែនាំផងដែរ៕
Source: Kampuchea Thmey Daily
0 Comments