«ពានរង្វាន់បាល់ទាត់កម្ពុជាប្រចាំឆ្នាំ (Cambodian Football Award» ដែលជាកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា (Metfone Cambodian League 2018) និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល រៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នឹងលេចរូបរាងឡើងជាថ្មីនៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។
យោងតាមការបញ្ជាក់របស់ CNCC ពានរង្វាន់ Cambodian Football Award ឆ្នាំនេះកាន់តែប្រកួតប្រជែងខ្លាំងទៅទៀតនោះ គឺគណៈគ្រប់គ្រងកម្មវិធីបានបន្ថែមពានរង្វាន់ថ្មីៗ ចំនួន៦គ្រឿងទៀតពីលើពានរង្វាន់ ចំនួន៤ដែលមានស្រាប់បង្កើតកាលពីលើកទី១នៅឆ្នាំ២០១៧។សម្រាប់ពានរង្វាន់ដែលមានស្រាប់ មានដូចជា ពានរង្វាន់គ្រូបង្វឹកសម្បូរប្រជាប្រិយភាព កីឡាករសម្បូរប្រជាប្រិយភាព អ្នកគាំទ្រឆ្នើម និងអ្នកថតរូបបាល់ទាត់ឆ្នើម។
រដូវកាលកន្លងទៅ CNCC បានផ្ដល់ពានរង្វាន់ឯកត្តជនចំនួន៤ប៉ុណ្ណោះ ដែលកាលនោះ លោក មាស ចាន់ណា ឈ្នះពានគ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ ខ្សែការពារ លី វ៉ាហេទ ឈ្នះពានកីឡាករដែលមានប្រជាប្រិយភាពជាងគេ លោក ប៊ីវ តុលា ឈ្នះពានអ្នកគាំទ្រលើវិស័យបាល់ទាត់ជាងគេ ហើយលោក សឿន សាយ័ន្តសន្យា ឈ្នះពានអ្នកថតរូបសារព័ត៌មានដែលល្អជាងគេ។
លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការរបស់ CNCC បានធ្លាប់បានបញ្ជាក់ថា «យោងតាមថ្នាក់ដឹកនាំ ការបង្កើតពានរង្វាន់នេះឡើងដើម្បីលើកទឹកចិត្តនិងផ្ដល់តម្លៃដល់កីឡាករ ក្លិបនីមួយៗ គ្រូបង្វឹក មន្ត្រីរៀបចំការប្រកួតនិងអ្នកពាក់ព័ន្ធផងផ្សេងទៀត ដែលតែងតែខិតខំប្រឹងប្រែងកន្លងមកដល់ដើម្បីបាល់ទាត់យើង។ ព្រឹត្តិការណ៍នេះយកលំអានតាមលំអានរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ខណៈយើងរំពឹងថានឹងវិវត្តន៍ឱ្យកាន់តែរីកចម្រើននៅថ្ងៃខាងមុខ»។
សូមបញ្ជាក់ថាស្ថាប័ន CNCC ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្កើតឡើងចាប់ពីដើមរដូវកាលឆ្នាំ២០១៧ មកម្ល៉េះដោយគ្រប់គ្រងទៅលើពានរង្វាន់ចំនួន២គឺពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League) និងពានរង្វាន់សម្ដេចតេជោហ៊ុន សែន (Hun Sen Cup)៕
Source: Kampuchea Thmey Daily
0 Comments