ភ្នំពេញ ៖ បុរសម្នាក់ដែលបានយកឈ្មោះលោកជំទាវ យ៉ែម សុខន ទៅសំឡុតគំរាមកំហែងមេឃុំ បិតត្រាង និងចៅហ្វាយស្រុកព្រៃនប់ ក្រុងព្រះសីហនុ អោយចុះហត្ថលេខាលើលិខិតចុះបញ្ជីដីធ្លីដោយពុំមានស្នាមមេដៃអ្នកស្នើសុំត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយកាលពីព្រឹកថ្ងៃទី ២០តុលា ឆ្នាំ២០១៨នេះ។
លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងកំពុងធ្វើការសាកសួរជនសង្ស័យនៅឡើយ។
ជនសង្ស័យឈ្មោះ មឿង លីដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីរាជការ រស់ក្រុម១១ ភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៨តុលា ឆ្នាំ២០១៨ នៅភោជនីយដ្ឋានតាឱ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ២៧២ អ យ ឋ ចុះថ្ងៃទី ១៧តុលា ឆ្នាំ២០១៨ របស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានបង្ហាញថា មុនមានការចាប់ខ្លួនជនឈ្មោះ មឿង លីដា ពីបទគំរាមកំហែង និងបទក្លែងឯកសារសាធារណៈនេះ គឺមានដើមបណ្ដឹងចំនួន៤នាក់បានប្ដឹងឈ្មោះមឿង លីដា។ ដើមបណ្ដឹងទី១ឈ្មោះ ច័ន្ទ កល្យាណ ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៧ និង៥៩ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ ទី២ឈ្មោះ សេង សត្ថា ភេទប្រុសអាយុ៤៦ឆ្នាំ។ ទី៣ឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន។ ទី៤ឈ្មោះ អ៊ុំ ឡា ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅបុរីពិភពថ្មីត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ។
អង្គហេតុដែលបណ្ដាលឲ្យមនុស្ស៤នាក់ខាងលើប្ដឹងឈ្មោះ មឿង លីដា ដោយសារតែជននេះបានរៀបចំក្លែងឯកសារបន្លំយកដីរបស់ពួកគទំហំជាង២៧ហិចតានៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ ដោយយកឈ្មោះលោកជំទាវ យ៉ែម សុខន ដាក់ជាម្ចាស់ ប៉ុន្តែលោកជំទាវយ៉ែម សុខន មិនព្រមផ្ដិតមេដៃ ក៏ស្រាប់តែឈ្មោះមឿង លីដា បានយកឯកសារសុំចុះបញ្ជីដីធ្លីគ្មានស្នាមមេដៃនោះទៅបង្ខំអោយមេឃុំបិតត្រាងចុះហត្ថលេខាបោះត្រា ហើយបង្ខំឲ្យចៅហ្វាយស្រុកព្រៃនប់ឈ្មោះ សរ កក្កដា ចុះហត្ថលេខាទទួលស្គាល់ តែចៅហ្វាយស្រុកបានបដិសេធមិនចុះហត្ថលេខា ហើយផ្ដល់ព័ត៌មានមកឲ្យម្ចាស់ដីចំនួន៤នាក់ ឲ្យដឹងពីរឿងមានគេលួចចុះបញ្ជីដីធ្លីលើដីកម្មសិទ្ធិ មានហត្ថលេខាមេឃុំបិតត្រាងឈ្មោះ មាច ចាន់ តែពុំមានស្នាមមេដៃអ្នកស្នើសុំទេ។
ដោយសារភាពមិនប្រក្រតីនេះហើយទើបម្ចាស់ដីបានប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments