Ad Code

មន្ត្រីជាន់ខ្ពស់ ​៖ កម្ពុជា​ទទួលបាន​រង្វាន់​ធំ ពី​អង្គប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ប្រ៊ុ​ច​សែ​ល



ភ្នំពេញ ​៖ អ្នកនាំពាក្យ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា កម្ពុជា ទទួល​បាន​រង្វាន់​ដ៏​ធំ​មួយ​ទៀតហើយ ពី​អង្គប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែល​ហ្សិ​ក ហើយ​រង្វាន់​នោះ គឺ​ការធ្វើជា​ម្ចាស់ផ្ទះ​ប្រជុំ​កំពូល​អាស៊ី​- អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ខាងមុខ ហើយ​រង្វាន់​នេះ ក៏បាន​បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ដើរ​តាម​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែលជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ​។

​លោក សុខ ឥសាន បាន​អះអាង​បែបនេះ កាលពី​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ និង​បន្ទាប់ពី​ត្រូវបាន​តំណាង​ប្រទេស​ជាង​៥០ នៅឯ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក បាន​គាំទ្រ​កម្ពុជា​ធ្វើជា​ប្រធាន និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប នៅ​ឆ្នាំ​២០២០​ខាងមុខ ហើយ​បើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺ​រុ​ប​នោះ គ្មាន​និយាយ​អ្វី​ពី​កម្ពុជា​នោះ​ទេ មានតែ​ការសម្រេច​ផ្តល់​សិទ្ធិ និង​គាំទ្រ​កម្ពុជា​ធ្វើ​ម្ចាស់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ប៉ុណ្ណោះ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន បាន​បញ្ជាក់​យ៉ាងនេះ​ថា “​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០១៨ អង្គប្រជុំ​កំពូល​អាស៊ី​- អឺរ៉ុប​លើក​ទី​១២ បានសម្រេច​ជា​ឯកច្ឆ័ន្ទ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រជុំ​កំពូល​អាស៊ី​- អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ខាងមុខនេះ​។ ការដែល​អង្គប្រជុំ​កំពូល​អាស៊ី​- អឺរ៉ុប​ប្រគល់​ភារកិច្ច​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​ការប្រជុំ​កំពូល​អាស៊ី​- អឺរ៉ុប​លើក​ទី​១៣​នេះ គឺជា​តុ​រង្វាន់​ដ៏​មាន​កិត្តិយស និង​មាន​អត្ថ​ន៍​យ៉ាង​ធំធេង​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា ដែល​បាន​ខិតខំ​កសាង និង​អភិ​វ​ឌ្ឍន៍​ប្រទេស​កម្ពុជា​ប្រកបដោយ​សន្តិភាព ស្ថិរភាព​នយោបាយ និង​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ដទៃ​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។

តាម​លោក សុខ ឥសាន “​ការសម្រេចចិត្ត​របស់​មេដឹកនាំ​បណ្តា​ប្រទេស​នៅក្នុង​អង្គប្រជុំ​អាស៊ី​- អឺរ៉ុប​នេះ ក៏បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាននឹងកំពុង​ដើរ​តាម និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ ដែល​ជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្របតាម​សំណូមពរ​របស់​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ​ផងដែរ។ ក្នុង​ការ​សម្រេច​របស់​អង្គប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ​។



សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ថា កម្ពុជា​ត្រូវ​បាន​ប្រទេស​ជាង​៥០ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក បាន​គាំទ្រ​ធ្វើជា​ប្រធាន និង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។ សម្តេច​តេ​ជោ​បញ្ជាក់​ថា នេះ​ជា​មោទនភាព​នៃ​ប្រជា​ជាតិខ្មែរ ហើយ​ការ​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ មិន​រំពឹងថា នឹង​ទទួល​បានការ​សាទរ ពី​ក្រុម​បក្ស​ប្រឆាំង​នោះឡើយ ព្រោះថា សូម្បី​កីឡាករ កីឡាការិនី​ខ្មែរ ដែល​ទទួលបាន​មេដាយ​ជូន​ជាតិ មាតុភូមិ ក្រុម​បក្សប្រឆាំង ក៏​មិនដែល​អបអរសាទរ​នោះដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ទៀត​ថា ការ​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នីមួយៗ មិនមែនជា​រឿង​ងាយស្រួល​នោះទេ គឺ​មានការ​ប្រជែង​គ្នា​ពី​ប្រទេស​ដទៃៗ​ទៀត ហើយនឹង​មាន​ជាង​៥០​ប្រទេស​ចូលរួម​។

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) គឺជា​វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី និង​តំបន់​អឺរ៉ុប ផ្ដោត​សំខាន់​លើ​សសរស្តម្ភ​ចំនួន​៣ រួមមាន​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ ASEM តំណាង​ឲ្យ​៥០​ភាគរយ នៃ GDP របស់​ពិភពលោក ព្រមទាំង​ស្មើនឹង​៦០​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក និង ៦០​ភាគរយ នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ កិច្ចប្រជុំ ASEM លើកដំបូង ត្រូវបាន​ធ្វើឡើង​កាលពី​ខែមីនា ឆ្នាំ​១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។

បច្ចុប្បន្ន ASEM មាន​ដៃគូ​ចំនួន​៥៣ ក្នុងនោះ​មាននៅ តំបន់​អាស៊ី Asia ២១​ប្រទេស រួមទាំង​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស​។ ប្រទេស​ក្នុង​តំបន់​អឺរ៉ុប ចំនួន ៣០​ប្រទេស ក្នុងនោះ ២៨​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​មិនមែនជា​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២​ទៀត គឺ​ន័​រ​វែ​ស និង​ស្វី​ស​។ វេទិកា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លេខាធិការដ្ឋាន​អាស៊ាន និង​សហភាព​អឺរ៉ុប​ផងដែរ​។ សម្រាប់​កម្ពុជា បាន​ក្លាយជា​សមាជិក​នៃ​វេទិកា​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​៥ រៀបចំឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០០៤​។

សម្រាប់​ដំណើរការ​របស់​វេទិកា​នេះ គឺ​ប្រទេស​ជា​សមាជិក ASEM ទាំងអស់ មាន​ភារកិច្ច​ជួយ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​នៃ​ដំណើរការ​របស់ ASEM តាមរយៈ​ការ​ដើរ​តួនាទី​ផ្លាស់​វេន​គ្នា​ជា​ប្រទេស​សម្របសម្រួល​។ បច្ចុប្បន្ន​មាន​ប្រទេស​ជា​អ្នកសម្របសម្រួល​ចំនួន​៤ ក្នុង​នោះ ប្រទេស​ចំនួន​២ មកពី​អាស៊ី និង​ប្រទេស ២​ទៀត​មកពី​អឺរ៉ុប​។ ប្រទេស​សម្របសម្រួល​មាន​តួនាទី​ធ្វើជា​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​របស់ ASEM, ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​សម្របសម្រួល​, ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស ASEM និង​កិច្ចប្រជុំ​កំពូល ASEM, សម្របសម្រួល​ជាមួយ​ដៃគូ និង​ប្រគល់​ឯកសារ​ឱ្យ​ដៃគូ​សម្រាប់​កិច្ចប្រជុំ​នានា និង​យក​សំណូមពរ គម្រោង ផ្ដួចផ្ដើម​គំនិត និង​ឯកសារ​ទៅដល់​ដៃគូ​សម្រាប់​ពិចារណា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu