អំឡុងពេលពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កំពុងតែសម្រាកក្រោយចប់រដូវកាលឆ្នាំ២០១៨ ក្រុមអគ្គីសនីកម្ពុជា បានបង្ហាញពីបញ្ជីឈ្មោះកីឡាករយុវជនចំនួន៤៤៨នាក់ ដើម្បីចូលរួមហ្វឹកហាត់ធ្វើតេស្តសមត្ថភាព មុនជ្រើសរើសយកអ្នកខ្លាំងចូលរួមក្នុងក្រុមយុវជនថ្នាលរបស់ក្លិបនៅក្នុងពេលឆាប់ៗ។
បេក្ខជនដែលបានដាក់ពាក្យទាំងអស់នេះ នឹងធ្វើការកោះហៅជាបន្តបន្ទាប់ពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៩ នេះតទៅ នៅទីលានកីឡដ្ឋានបាល់ទាត់អគ្គីសនីកម្ពុជា ក្នុងរាជធានីភ្នំពេញ ម្តុំទួលសង្កែ។ ការជ្រើសរើសកីឡាករនេះគឺស្របនឹងផែនការដែលក្លិបបានដាក់គម្រោងបង្កើនការអភិវឌ្ឍន៍ផ្នែកយុវជនឲ្យកាន់តែខ្លាំងក្នុងយុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ ដើម្បីស៊ីហ្គេម នាឆ្នាំ២០២៣ ទៀតផង។
លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមអគ្គីសនីកម្ពុជា ធ្លាប់បានលើកឡើងថា «ឥលូវនេះយើងងាកមកចាប់អារម្មណ៍យុទ្ធសាស្ដ្រ ៥ឆ្នាំទៅមុខរបស់យើង ដោយផ្ដោតលើការអភិវឌ្ឍន៍យុវជន បានន័យថា យើងអភិវឌ្ឍន៍ពី U17 ទៅ ដែលជាការអភិវឌ្ឍន៍មួយ ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២។ យ៉ាងហោចណាស់មើលសិនក្រុមយើងបានតែម្នាក់ សម្រាប់ក្រុមជម្រើសជាតិ នាកីឡាស៊ីហ្គេម ឆ្នាំ២០២៣ វាគឺជាជោគជ័យរបស់យើងដែរ»។
ក្រុមបាល់ទាត់អគ្គីសនីកម្ពុជា ជាក្លិបតែ១គត់ក្នុងលីគកំពូលកម្ពុជា ដែលប្រកាសមិនប្រើប្រាស់កីឡាករបរទេសដើម្បីជួយក្រុម ពោលគឺក្លិបនេះប្រើប្រាស់តែធនធានកីឡាករខ្មែរសុទ្ធតែប៉ុណ្ណោះ។ បើមើលលទ្ធផលប្រកួតកន្លងមកក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមអគ្គីសនីកម្ពុជា បានប្រកួតឈ្នះតែ២លើកហើយស្មើគ្នា៣លើកនិងចាញ់១៧លើកមាន៩ពិន្ទុប៉ុណ្ណោះដោយឈរលេខរៀងទី១១ ពោលគឺនៅពីលើក្រុមបាតតារាងវេស្ទើនភ្នំពេញ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ វិញក្រុមនេះបានធ្លាក់ចេញតាំងពីវគ្គជម្រុះបឋមថ្នាក់ជាតិម្ល៉េះ ក្រោយចាញ់ក្រុមភ្នំពេញក្រោន ទាំង២ជើង៦ទល់១។ កន្លងមកក្លិបមួយនេះធ្លាប់បានដាក់គោលដៅនឹងប្រជែងយកពាន នៅឆ្នាំ២០២០ ខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments