Ad Code

ព្រះរាជអាជ្ញា​សាកសួរ​ខ្មាន់កាំភ្លើង​ដែល​បាញ់​ប្រជា​ការពារ​រួចហើយ​ តែ​មិនទាន់​សម្រេច​ចោទប្រកាន់



ភ្នំពេញ ៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ និង​ជា​ថៅកែ​ក្រណាត់​នាំចូល​ពី​បរទេស​ផង ដែល​បាន​បាញ់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ឬ​ស្សី​កែវ​ម្នាក់​ឱ្យ​របួស​បាក់ជើង ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី ១៥​ខែតុលា ឆ្នាំ​២០១៨ ហើយ​ព្រះរាជអាជ្ញា​អម​តុលាការ​ក៏បាន​សាកសួរ​ជនដៃដល់​រួចរាល់​ហើយ​ដែរ​ តែ​មិនទាន់​សម្រេច​ចោទប្រកាន់​នូវ​បទល្មើស​ណាមួយ​ជាក់លាក់​ទេ។

មន្ត្រី​តុលាការ​ ដែល​ភ្ជាប់​ដោយ​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បានអោយដឹងថា មូល​ហេតុដែល​ព្រះរាជអាជ្ញា​ពន្យារ​ពេល​ចោទប្រកាន់​ជនដៃដល់​ដោ​យ​សារ​តែ​របាយការណ៍​របស់សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ គឺ​ចោទ​ពីបទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាត​ដោយ អាវុធ ប៉ុន្តែ​អង្គហេតុ​និង​សកម្មភាព​ពិត ហាក់​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​ទេ។​

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ​មានឈ្មោះ ឡាយ អ៊ឹង​ឃី​ង អាយុ​២៧​ស្នាក់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

ហេតុការណ៍​បាញ់បោះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២៖៣០ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច មុខផ្ទះ​ល្វែង A4 តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ជនរងគ្រោះ​ឈ្មោះ លី រតនៈ ត្រូវរបួស​ជើង​ខាងស្តាំ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ បានចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​មូលដ្ឋាន​។ នៅពេល​សមត្ថកិច្ច ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី ក៏បាន​ប្រទះឃើញ​ក្រុម​ក្មេងស្ទាវ ២​ក្រុម កំពុង​វាយតប់​គ្នា​តែ​នៅពេល​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ ក្រុម​ក្មេងៗ​ក៏បាន​ឡើង​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន។

ភ្លាមៗ នោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ចូល​ទៅ​តាមផ្លូវ​បេតុង (​គ្មាន​លេខ​) មុខ​ផ្ទះ​ល្វែង A4 ដែល​ជា​កន្លែង​កើតហេតុ ទើប​ឃាត់​ម៉ូតូ​ជនសង្ស័យ​បម្រុង​ឆែកឆេរ និង​សួរនាំ​ស្រាប់តែ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល និង​មាន​សភាព​ស្រវឹងស្រា ហើយ​នៅ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម​ម៉ាក Lock ពណ៌​ខ្មៅ ចេញពី​ក្នុងផ្ទះ​បាញ់​ចំនួន​មួយ​គ្រាប់ ក៏​ផ្អើល​នគរបាល​ប្រាប់​ឲ្យ​កម្លាំង​ពួន​ក្រាប រក​កន្លែង​មាន​សុវត្ថិភាព​សិន និង​រាយការណ៍​តាម​វិទ្យុទាក់ទង​សុំ​កម្លាំង​ជួយ​អន្តរាគមន៍​។ បន្តិចក្រោយមក ជនសង្ស័យ​បាន​បន្ត​បាញ់រះ​ជាច្រើន​គ្រាប់ រហូត​អស់​គ្រាប់​ពី​បង់​កាំភ្លើង និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ជើង​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។​

ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ដាក់​ខ្នោះ​បញ្ជូនមក​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu