Ad Code

ក្រុម​អន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​កាន់តែច្រើន​កំពុងធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក



សាក្សី​និង​អ្នករៀបចំ​បាន​និយាយថា ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​ជាង​១,៥០០​នាក់​ ដែល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ បាន​ឆ្ពោះទៅ​ព្រំដែន​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃអាទិត្យ។

​ជនអន្តោប្រវេសន៍​ដែល​រាប់បញ្ចូល​ទាំង​ក្រុមគ្រួសារ​នៃ​មនុស្សពេញវ័យ​និង​កុមារ​ព្រមទាំង​ស្ត្រី​ដែល​ពកូន​ផងដែរ​នោះបាន​ចាប់ផ្តើម​ដើរ​ក្បួន​កាលពី​ថ្ងៃ​សៅរ៍​ចេញពី​ទីក្រុង​ពោរពេញ​ដោយ​អំពើហិង្សា​ភាគ​ខាងជើង San Pedro Sula ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence បាន​អំពាវនាវ​ឲ្យ​ប្រទេស​អាមេរិក​កណ្តាល​មួយ​នេះ​បញ្ឈប់​ការធ្វើ​ចំណាកស្រុក​។​

ស្ថានទូត​អាមេរិក​នៅ​ប្រទេស​ហុង​ឌូ​រ៉ា​សបាន​និយាយថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ក្រុម​នេះហើយ​ថា ប្រជាជន​ត្រូវបាន​គេ​ផ្តល់ “​ការសន្យា​ខុស​” នៃ​ការចូល​ទៅក្នុង​សហរដ្ឋអាមេរិក​។ ស្ថានទូត​បាន​និយាយថា ស្ថានភាព​នៅ​ប្រទេស​ហុង​ឌូ​រ៉ា​សមាន​ភាពល្អប្រសើរ​។​

រដ្ឋាភិបាល​ហុង​ឌូ​រ៉ា​សបាន​គាំទ្រ​ចំពោះ​ការលើកឡើង​បែបនេះ​ដោយ​និយាយថា ខ្លួន​សោកស្តាយ​ចំពោះ​ស្ថានភាព​នេះហើយ​ថា​ប្រជាពលរដ្ឋ​ត្រូវបាន​គេ “​បញ្ឆោត​”​។​

ស្របពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​រំឭក​ពលរដ្ឋ​បរទេស​ថា ទិដ្ឋាការ​គួរតែ​ត្រូវបាន​ស្នើសុំ​នៅក្នុង​ស្ថាន​កុងស៊ុល​មិនមែន​នៅ​ព្រំដែន​ទេ​ហើយ​បាន​និយាយថា វិធានការ​អន្តោប្រវេសន៍​ត្រូវបាន “​សង្កេតមើល​ជានិច្ច​”​។​

អ្នករៀបចំ​ការដើរ​ក្បួន​ឈ្មោះ Bartolo Fuentes បាន​ប្រាប់​រ៉​យ​ទ័​រថា អ្នកចូលរួម​មិនត្រូវ​បាន​គេ​ផ្តល់​ឬ​សន្យា​អ្វី​ទេ​ប៉ុន្តែ​បាន​រត់គេច​ពី​ភាពក្រីក្រ​និង​អំពើហិង្សា​នៅក្នុង​ប្រទេស​។​

លោក Fuentes ដែលជា​អតីត​សមាជិកសភា​ហុង​ឌូ​រ៉ា​សបាន​និយាយថា ក្រុម​ធ្វើដំណើរ​នេះ​បាន​កើនឡើង​ពី​១,៣០០​នាក់​ដល់​១,៨០០​នាក់​។​

ក្បួន​អន្តោរ​ប្រវេសន៍​ដែល​គេ​ហៅថា “migrant caravan” ដែល​ក្នុងនោះ​មនុស្ស​បាន​ដើរ​ដោយ​ថ្មើរជើង​ឬ​ជិះ​យានយន្ត​បាន​កើនឡើង​ដោយសារតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

ប្រទេស​ហុង​ឌូ​រ៉ា​ស​ដែលមាន​គ្រួសារ​ស្ថិតក្នុង​ភាពក្រីក្រ​ប្រមាណ​៦៤​ភាគរយ​គឺ​ត្រូវបាន​រងគ្រោះ​ដោយ​ក្រុមជើងកាង​ដែល​កំហែង​យកប្រាក់​ពី​ប្រជាជន​និង​អាជីវកម្ម​នានា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu