មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំចិនលោក Xi Jinping ប្រហែលជានឹងជួបគ្នាក្នុងជំនួបកំពូល G20 នៅខែក្រោយ ខណៈភាគីទាំងពីរស្វែងរកចម្លើយសម្រាប់ទំនាក់ទំនងដ៏តានតឹង។
លោក Larry Kudlow ដែលជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចរបស់លោក Trump បាននិយាយក្នុងកម្មវិធី Fox News Sunday ថា “ប្រធានាធិបតីទាំងពីរប្រហែលជានឹងជួបគ្នានៅកិច្ចប្រជុំ G20 ក្នុងទីក្រុង Buenos Aires”។
ប៉ុន្តែលោកបានបន្ថែមថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសចិនរហូតមកដល់ពេលនេះមិនមានការពេញចិត្តទេ។
លោក Kudlow បានថ្លែងថា “ទំនាក់ទំនងនេះមិនទាន់មានភាពវិជ្ជមាននៅឡើយទេ”។ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Cui Tiankai បានលើកឡើងនូវការសង្ស័យដូចគ្នានេះអំពីទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកទាំងពីរ។
លោកបាននិយាយថា ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំងក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដោយសារតែមានសញ្ញាជម្លោះពីរដ្ឋបាលរបស់លោក Trump ។ លោក Cui បាននិយាយថា ឯកអគ្គរដ្ឋទូតដទៃទៀតនៅរដ្ឋធានីវ៉ាស៊ីនតោនបានចែករំលែកការខកចិត្តរបស់គាត់។
លោកបាននិយាយថា “ពួកគេមិនដឹងថានរណាជាអ្នកសម្រេចចិត្តចុងក្រោយទេនៅក្នុងរដ្ឋបាលនេះ។ ជាការពិតណាស់ លោកប្រធានាធិបតីអាចនឹងធ្វើការសម្រេចចិត្តចុងក្រោយប៉ុន្តែតើនរណាជាអ្នកដើរតួនាទីអ្វី? វាអាចធ្វើឲ្យមានការយល់ច្រឡំខ្លាំង”។
ពីមុនមក មន្ត្រីចិនបានត្អូញត្អែរអំពីការទទួលសញ្ញាចម្រុះពីក្រុមសេដ្ឋកិច្ចរបស់លោក Trump ។
ការធ្វើឲ្យមានក្តីព្រួយបារម្ភចុងក្រោយបង្អស់នេះបានកើតឡើងកាលពីចុងសប្តាហ៍បន្ទាប់ពីមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារភាគហ៊ុនរបស់អាមេរិកដែលក្រុមអ្នកវិភាគបានស្តីបន្ទោសមួយផ្នែកទៅលើភាពមិនច្បាស់លាស់ដែលបង្កឡើងដោយជម្លោះពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក៕ AFP
Source: Kampuchea Thmey Daily
0 Comments