គិតត្រឹមថ្ងៃអាទិត្យ មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួនក្នុងសហគមន៍ Florida Panhandle ដែលត្រូវកម្ទេចដោយសារព្យុះសង្ឃរា Michael ខណៈក្រុមជួយសង្គ្រោះបាននិយាយថា ពួកគេរំពឹងទុកថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្តទៀតហើយអ្នករស់រានមានជីវិតត្រូវជួបប្រទះនឹងការដាច់ភ្លើងនិងកង្វះស្បៀងអាហារនិងទឹកស្អាត។
ការស្លាប់មនុស្ស១៨នាក់នៅក្នុងរដ្ឋចំនួន៤ត្រូវបានគេស្តីបន្ទោសទៅលើព្យុះសង្ឃរានេះខណៈ ក្រុមជួយសង្គ្រោះបានប្រើប្រាស់សត្វឆ្កែហិតក្លិននិងឧបករណ៍ធុនធ្ងន់ដើម្បីស្វែងរកតាមផ្ទះដែលដួលរលំនៅក្នុងទីក្រុងតូចៗដូចជា Mexico Beach និង Panama សម្រាប់ជនរងគ្រោះបន្ថែម។
រហូតមកដល់ពេលនេះ មនុស្សម្នាក់ត្រូវបានគេបញ្ជាក់ថាស្លាប់នៅក្នុងទីក្រុង Mexico Beach ដែលទទួលរងការវាយប្រហារដោយផ្ទាល់ពីព្យុះដ៏ធំមួយនេះ។
ចៅហ្វាយក្រុង Mexico Beach លោក Al Cathey បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា “ពលរដ្ឋជាង២៥០នាក់មិនបានចាកចេញពីផ្ទះទេនៅពេលព្យុះ Michael វាយប្រហារកាលពីថ្ងៃពុធមុនក្នុងនាមជាព្យុះប្រភេទ៤ដែលជាព្យុះមានឥទ្ធិពលបំផុតមួយដែលធ្វើឲ្យមានការបាក់ដីនៅទ្វីបអាមេរិកចាប់តាំងពីកំណត់ត្រាត្រូវបានរក្សាទុក”។
ចៅហ្វាយក្រុងរូបនេះបានប្រាប់សារព័ត៌មាន ABC News ថា មនុស្សចំនួន៤៦នាក់ដែលស្ថិតនៅក្រៅទីក្រុងមានប្រជាជនប្រហែល១,០០០នាក់មួយនេះនៅតែបាត់ខ្លួនគិតត្រឹមថ្ងៃអាទិត្យ។ ក្រុមអ្នកស្ម័គ្រចិត្តស្វែងរកនិងជួយសង្គ្រោះបានកំណត់ទីតាំងមនុស្សរាប់រយនាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួនកាលពីសប្ដាហ៍មុននៅទូទាំងតំបន់ Panhandle ។
នៅទីក្រុង Panama ដែលជាសហគមន៍មួយរងការវាយប្រហារធ្ងន់ធ្ងរបំផុត, ប្រមុខផ្នែកអគ្គិភ័យលោក Alex Baird បាននិយាយថា ក្រុមរុករកនិងជួយសង្គ្រោះឥឡូវនេះកំពុងស្ថិតក្នុង “ស្ថានភាពស្តារឡើងវិញ” បន្ទាប់ពីបានបោះបង់ចោលក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់ថែមទៀត។
អគ្គិសនីនិងសេវាទូរស័ព្ទត្រូវបានស្ដារឡើងវិញបន្តិចម្តងៗប៉ុន្តែវាអាចចំណាយពេលច្រើនសប្តាហ៍មុនពេលអគ្គិសនីត្រូវបានស្ដារឡើងវិញទៅកាន់តំបន់ដែលខូចខាតខ្លាំងបំផុតរបស់រដ្ឋនេះ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments