Ad Code

លោក Mahathir និយាយថា ជនជាតិ​អ៊ុយ​ហ្គ័​រ​ ត្រូវ​ដោះលែង​ដោយសារ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស



នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​ម៉ាឡេស៊ី​បាន​ដោះលែង​ជនជាតិភាគតិច​មូស្លីម​អ៊ុយ​ហ្គ័​រ​ចំនួន​១១​នាក់​ដែល​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ បន្ទាប់ពី​ការរត់​ហែក​គុក​ពី​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន​ព្រោះ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ។

ដោយ​ដកស្រង់​សម្តី​មេធាវី​របស់​បុរស​ទាំង​នោះ​, Reuters បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ម៉ាឡេស៊ី​បាន​ដោះលែង​អ្នកទោស​ទាំង​១១​នាក់​ពី​មន្ទីរឃុំឃាំង​និង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទួរគី​ដោយ​មិន​ខ្វល់​ពី​សំណើ​របស់​ប្រទេស​ចិន​ដែល​ឲ្យ​ប្រគល់​ពួកគេ​ទៅកាន់​ទីក្រុង​ប៉េកាំង​ឡើយ​។​

លោក Mahathir បាន​និយាយ​នៅក្នុង​ការធ្វើ​អត្ថាធិប្បាយ​ខ្លីៗ​ទៅកាន់​អ្នកយកព័ត៌មាន​ក្នុង​រដ្ឋសភា​ថា “​ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស​ទេ​នៅក្នុង​ប្រទេស​នេះ​ដូច្នេះ​ពួកគេ​ត្រូវបាន​ដោះលែង​”​។​

ការដោះលែង​នេះ​ទំនងជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ដែល​ត្រូវបាន​ធ្វើតេស្ត​រួចទៅហើយ​ចាប់តាំងពី​លោក Mahathir ទទួលបាន​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ខែឧសភា​ហើយ​បាន​លុបចោល​គម្រោង​ដែលមាន​តម្លៃ​ជាង​២០​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចិន​។​

ប្រទេស​ចិន​ដែល​បាន​ស្នើសុំ​ធ្វើ​បត្យាប័ន​ពួកគេ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​សូម​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុងការ​ដោះលែង​ជនជាតិ​អ៊ុយ​ហ្គ័​រទាំង​១១​នាក់​និង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទួរគី​។​

មេធាវី​របស់​ពួកគេ​បាន​និយាយថា ព្រះរាជអាជ្ញា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ជនជាតិ​មូស្លីម​ភាគច្រើន​បាន​ទម្លាក់​ការចោទប្រកាន់​ប្រឆាំង​ជនជាតិ​អ៊ុយ​ហ្គ័​រលើ​មូលដ្ឋាន​មនុស្សធម៌​។​

គួរ​បញ្ជាក់ថា បុរស​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​និង​ចោទប្រកាន់​ពីបទ​ចូលទៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​បន្ទាប់ពី​ការ​ហែក​គុក​កាលពី​ខែវិច្ឆិកា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu