ត្បូងឃ្មុំ ៖ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀនអន្តរជាតិអាល់រ៉ូសម៉ាន ចំនួន០១ខ្នង មាន២ជាន់ ១០បន្ទប់ ស្ថិតនៅភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ហ៊ុន ម៉ាណែត លើកឡើងថា សមិទ្ធផល ដែលយើងមានថ្ងៃនេះ បានដោយសារការចូលរួមពីតួអង្គសំខាន់ៗ រួមមាន សប្បុរសជនដែលមានទឹកចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមនៅក្នុងការកសាង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលបានជួយសម្របសម្រួល និងជំរុញការកសាងសមិទ្ធផលនៅថ្ងៃនេះ។ តួអង្គសំខាន់មួយទៀត គឺសុខសន្តិភាព និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ដែលបង្កឱកាសឲ្យសប្បុរសជនចូលរួមអភិវឌ្ឍ ជួយប្រជាពលរដ្ឋកម្ពុជា និងផ្ដល់សិទ្ធិសេរីភាពនៅក្នុងជំនឿសាសនាផ្សេងៗនៅកម្ពុជា។ នេះគឺជាស្មារតីនៃការចូលរួមស្មារតីរួមគ្នានៅក្នុងការកសាងនៅក្រោមដំបូលនៃសន្តិភាព។
តាមលោក ហ៊ុន ម៉ាណែត គោលនយោបាយទាំងអស់ ដែលយើងមាននៅថ្ងៃនេះ គឺបានមកពីការចូលរួមពីប្រទេសជាមិត្ត ជាដៃគូ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺយើងជាខ្មែរ យើងរួមគ្នាធ្វើក្រោមដំបូលសុខសន្តិភាពតែមួយ។ យើងបានបញ្ចប់សង្គ្រាម និងកសាងប្រទេស ដោយខ្មែរតែមួយ។ នេះជាស្មារតីជាតិនិយមរបស់យើង ខ្មែរដើម្បីខ្មែរទាំងអស់គ្នា។ លោកបន្តថា នៅពេលដែលយើងមានសុខសន្តិភាព ស្ថិរភាព ដំណើរការអភិវឌ្ឍ ចេះតែទៅមុខ។ ជាក់ស្ដែងតំបន់នេះ ពីមុនយើងគ្មានអីសោះ ប៉ុន្តែថ្ងៃនេះ យើងមានសមិទ្ធផលហើយ២០ទៅ៣០ ឆ្នាំទៅមុខទៀតយើងមានសមិទ្ធផលច្រើនទៀតសម្រាប់កូនចៅជំនាន់ក្រោយ ប៉ុន្តែទាល់តែយើងរួមគ្នាកសាងទៅមុខ។ ដូច្នេះយើងរួមគ្នាបន្តទៀតដើម្បីថែរក្សាសុខសន្តិភាព រួមគ្នាកសាងប្រទេសយើង ក្នុងនាមជាខ្មែរយើង រួមគ្នាការពារខ្មែរយើង។
លោក ហ៊ុន ម៉ាណែត អះអាងថា ខ្មែររួមគ្នានៅក្រោមដំបូលសុខសន្តិភាព ចង់ប្រទេសណាផ្សេងធ្វើអី ទៅមិនរួចទេ។ សំខាន់សម្ដេចតេជោ បានមានប្រសាសន៍ហើយ យើងត្រូវរួមគ្នាឈរឡើង ដើម្បីការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង មិនឱនក្បាលចំពោះនរណាទាំងអស់ ហ្នឹងហើយខ្មែរយើង។ យើងបានកសាងមកដល់ថ្ងៃនេះ មិនមានន័យថា យើងមិនស្វាគមន៍មិត្តភាពជាមួយបណ្តាប្រទេសនោះទេ យើងស្វាគមន៍មិត្តទាំងអស់ ដែលជាមិត្តពិតប្រាកដមិនមែនជាមិត្តក្លែងក្លាយនោះទេ។ មិត្តដែលពិតប្រាកដ គឺជួយដោយចិត្តស្មោះ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ យើងទទួលដើម្បីឲ្យប្រជាពលរដ្ឋយើងមានបាន។ នេះហើយគឺជាគោលគំនិតរបស់យើង។ បើអ្នកជាមិត្តពិតប្រាកដរបស់កម្ពុជាត្រូវអោយច្បាស់ជាមួយគ្នា កុំនិយាយតែមិត្តតាពាក្យពេចន៍ នៅពីក្រោយមានរូបភាពបំផ្លាញយើង បំផ្លាញសន្តិភាព យើងអត់ទទួលទេ។ មិត្តដ៏ល្អមួយទៀត គឺជាមិត្តដែលគោរពគ្នាទៅវិញទៅមក មិត្តខ្លះអាងតែប្រទេសធំមើលងាយយើងណាស់។ វាមិនសំខាន់ថា អ្នកមានប៉ុន្មាននោះទេ សំខាន់យើងធ្វើការជាមួយគ្នាត្រូវគោរពគ្នាទៅវិញទៅមក ព្រោះយើងក៏ជាប្រទេសជាតិមួយដូចគ្នា។ ខ្មែរបានកសាងប្រទេសមកដល់ថ្ងៃនេះដោយសារយើងរួមគ្នាធ្វើ។ ខ្មែរយើងសម្រេចជោគវាសនាដោយខ្លួនឯង មិនអាចឲ្យគេបង្គាប់បញ្ជាបាននោះទេ។ ប្រជាពលរដ្ឋជាង ៨០ភាគរយបានបោះឆ្នោតគាំទ្រសម្ដេចតេជោដឹកនាំប្រទេស។ ដូច្នេះយើងស្តាប់ប្រជាពលរដ្ឋខ្មែរយើងមិនស្តាប់បរទេសនោះទេ។
លោក ហ៊ុន ម៉ាណែត ថ្លែងទៀតថា “អ្នកដែលរាជរដ្ឋាភិបាលត្រូវស្ដាប់ គឺស្ដាប់ប្រជាពលរដ្ឋខ្មែរ។ ប្រជាពលរដ្ឋខ្មែរចង់បានអ្វី គឺចង់បានសេចក្តីសុខ សន្តិភាព។ ដូច្នេះសម្តេចតេជោ ត្រូវធ្វើយ៉ាងណា ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋឲ្យបានដាច់ខាត។ ប្រជាពលរដ្ឋចង់បានកិត្តិយសជាតិខ្មែរ ចង់បានមោទនភាពជាតិខ្មែរ ចង់បានចេញទៅក្រៅស្មើមុខស្មើមាត់នឹងគេ មិនចង់ឲ្យនៅក្នុងគំនាបរបស់នរណាទេ។ យើងជាខ្មែរ យើងចង់បានជាតិខ្មែរយើងថ្កុំថ្កើង បរទេសទទួលស្គាល់ និងគោរពយើងទៅវិញទៅមក។ ដូច្នេះសម្តេចតេជោ ត្រូវដឹកនាំប្រទេសមួយ ដែលមានអធិបតេយ្យភាព ឯករាជ្យជាតិ កិត្តិយសជាតិមិនលន់តួជាមួយបរទេសណាមួយទេ។ យើងធ្វើយើងរួមគ្នាធ្វើ។ ខ្ញុំនិយាយនេះ គឺជាមោទនភាពជាតិខ្មែររួមគ្នានៅថ្ងៃនេះ ហើយចង់ផ្ញើសារទៅអ្នកនយោបាយមួយចំនួន ដែលមានសញ្ជាតិពីរ រស់នៅក្រៅប្រទេសដែលរត់ទៅពឹងបរទេសមកធ្វើបាបខ្មែរ ចង់ឲ្យរដ្ឋាភិបាលខ្មែរយើងលុតជង្គង់តាមគេប្រាប់ថាឆ្វេង ឆ្វេង ស្ដាំ ស្ដាំ ទៅមិនរួចទេ កុំសង្ឃឹមឲ្យសោះ។ ថ្នាក់ដឹកនាំខ្មែរ ដែលមានគំនិតជាតិនិយមបម្រើប្រជាពលរដ្ឋខ្មែរ អត់បម្រើឲ្យបរទេសណានោះទេ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោ គឺមិនខុសទេ គឺយើងធ្វើតាំងពីប្រទេសយើងនៅទន់ខ្សោយ ឥឡូវយើងរឹងមាំ ពេលចេញទៅណា គេទទួលស្គាល់ជាជាតិមួយ ដែលមានកិត្តិយស និងមោទនភាព”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋចំពោះការទុកចិត្ត និងសូមបន្តទុកចិត្តគាំទ្រសម្តេចតេជោ ដើម្បីលោកមានឱកាសដឹកនាំបម្រើប្រជាពលរដ្ឋតទៅទៀត។ ព្រោះកត្តាសំខាន់ ដែលដែលធ្វើអោយយើងមានថ្ងៃនេះ គឺសម្ដេចតេជោដឹកនាំរាជរដ្ឋាភិបាលគោលនយោបាយត្រឹមត្រូវ មានសុខសន្តិភាព។ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋ គឺការបង្កឱកាសឲ្យសម្តេចជោ ដែលជាតួអង្គសំខាន់ ដឹកនាំប្រទេសឲ្យរីកចម្រើនមកដល់ថ្ងៃនេះ និងតទៅមុខដើម្បីកូនចៅជំនាន់ក្រោយរបស់យើង៕
Source: Kampuchea Thmey Daily
0 Comments