ភ្នំពេញ ៖ តារាសម្តែងមានប្រជាប្រិយភាពកញ្ញា ពេជ្រ ចរណៃ ក្រៅពីជោគជ័យនិងអាចក្តាប់បានទីផ្សារល្បីឈ្មោះនៅលើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះ គេសម្គាល់ឃើញថាមួយរយៈចុងក្រោយនេះ នាងក៏ហាក់មានភាពរីកចម្រើនខាងវិស័យជំនួញដីធ្លី ខណៈកាលពី ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៨ បានប្រកាសបើកគម្រោងដីឡូត៍នៅតំបន់ភ្នំបាសិតដែលទំហំរហូតដល់ទៅ៣០ហិកតា។
ជាការកត់សម្គាល់តារាស្រីកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នមិនត្រឹមតែមានប្រជាប្រិយភាពនិងការគាំទ្រកាន់តែមានសន្ទុះហក់ឡើងតាមរយៈការងារសម្តែងសិល្បៈនិងជាពិសេសលេចធ្លោលើសកម្មភាពការងារមនុស្សធម៌ជួយដល់ក្មេងៗកំព្រា ចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតនៅតាមសហគមន៍នៃតំបន់ជនបទនោះទេ គឺតារាស្រីរូបនេះក៏ទទួលបានការលើកសរសើរផងដែរអំពីអត្តចរិតរួសរាយរាក់ទាក់ភ្ជាប់ជាមួយការធ្វើទង្វើល្អជាគំរូមហាជន។
ដោយឡែកបើក្រឡេកមកមើលពីការបើកមុខជំនួញថ្មីរបស់កញ្ញា ពេជ្រ ចរណៃ តាមរយៈការប្រកាសគម្រោងដីឡូត៍មានប្រមាណ២៣០០ឡូត៍លើផ្ទៃដីទំហំ៣០ហិតាឯណោះវិញត្រូវបានស្រីស្រស់រូបនេះបញ្ជាក់ថានេះជាមុខជំនួញថ្មីនៃការចូលភាគហ៊ុនរវាងនាងនិងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យលោក ភុំ មុនីរ័ត្ន ដែលមានភាគហ៊ុន៣០ភាគរយសម្រាប់នាងនិង៧០ភាគរយទៀតស្ថិតលើម្ចាស់ដោយផ្ទាល់។
កញ្ញា ពេជ្រ ចរណៃ បាននិយាយទៀតថាមូលហេតុដែលធ្វើឲ្យនាងសម្រេចចូលខ្លួននៅក្នុងវិស័យជួញដូរដីធ្លីនេះ គឺដោយសារតែបច្ចុប្បន្ននេះខ្លួនសម្លឹងឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជា កំពុងមានភាពរីកចម្រើន និង ការអភិវឌ្ឃ ហើយប្រជាពលរដ្ឋ ក៏មានចំណាប់អារម្មណ៍ និង កំពុងស្វែងរកនូវការជួញដីធ្លី។អ្វីដែលកាន់តែពិសេសតម្លៃដីឡូត៍សមស្របទៅនឹងជីវភាពរបស់គ្រួសារណាដែលមធ្យម ដោយមានឱកាសអាចចាប់ផ្ដើមទិញឬបង់រំលស់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
យ៉ាងណាមិញក្រៅពីការប្រកាសបើកអាជីពថ្មីលើវិស័យជំនួញដីឡូត៍ហើយនោះតារាសម្តែងស្រីកញ្ញាពេជ្រ ចរណៃ ថែមទាំងបង្ហាញពីឆន្ទៈនៃទឹកចិត្តសប្បុរសធម៌និងបានប្រកាសពីគម្រោងត្រៀមចំណាយថវិកាចំនួន៥ភាគដែលចំណេញពីការលក់ដី ចែកជូនដល់កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋខ្វះខាត ដែលនេះជាទឹកចិត្តដ៏ល្អប្រពៃមួយក្នុងការចូលរួមជួយកិច្ចការងារសង្គម។
សូមបញ្ជាក់ថា ការវិនិយោគដីឡូត៍លក់លើកដំបូងដោយហ៊ុនគ្នាពីសំណាក់កញ្ញា ពេជ្រ ចរណៃ ជាមួយម្ចាស់ក្រុមហ៊ុនខាងលើនេះគឺធ្វើឡើងក្រោយមើលឃើញថា សព្វថ្ងៃទីផ្សារផ្នែកនេះកំពុងមានតម្រូវការ និងដំណើរការល្អ។ គម្រោងដីឡូត៍មួយនេះមានទីតាំងស្ថិតនៅភូមិស្រែតាម៉ែងឃុំទំនប់ធំស្រុកពញាឮខេត្តកណ្តាល៕
Source: Kampuchea Thmey Daily
0 Comments