ថ្ងៃកំណត់បានផុតទៅហើយនៅថ្ងៃចន្ទដោយគ្មានជនជីហាដណាម្នាក់ចាកចេញពីតំបន់ទ្រនាប់តាមការគ្រោងទុកមួយនៅជុំវិញបន្ទាយខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរីតាមការកំណត់ក្រោមកិច្ចព្រមព្រៀងរុស្ស៊ី-ទួរគីទេ។
ក្រុមយុទ្ធជនរ៉ាឌីកាល់ត្រូវបានគេសន្មតឲ្យដកចេញពីតំបន់ទ្រនាប់ដែលជាលក្ខខណ្ឌចុងក្រោយដើម្បីអនុវត្តកិច្ចព្រមព្រៀងរុស្ស៊ី - ទួរគីក្នុងគោលបំណងទប់ស្កាត់ការវាយលុករបស់រដ្ឋាភិបាលលើតំបន់ភាគពាយព្យនៃខេត្ត Idlib ។
ប៉ុន្មានម៉ោងមុនពេលវេលាកំណត់ចូលមកដល់ ក្រុមជីហាដនិយមនៅខេត្តអ៊ីដលីបបានប្តេជ្ញាបន្តការប្រយុទ្ធប៉ុន្តែមិនបានផ្តល់នូវជំហរច្បាស់លាស់លើកិច្ចព្រមព្រៀងដែលបានសម្រេចនៅទីក្រុងសូជីរបស់ប្រទេសរុស្ស៊ីនោះទេ។
ក្រុម Hayat Tahrir al-Sham ដែលជាសម្ព័ន្ធមិត្តដឹកនាំដោយពួកជីហាដនិយមនៃអតីតសម្ព័ន្ធស៊ីរីរបស់ក្រុមអាល់កៃដាបាននិយាយថា “យើងមិនបោះបង់ចោលជម្រើសជីហាដរបស់យើងនិងការប្រយុទ្ធឆ្ពោះទៅរកការអនុវត្តបដិវត្តន៍របស់យើងទេ”។
នៅក្រោមកិច្ចព្រមព្រៀងនេះ អាវុធធុនធ្ងន់ត្រូវដកចេញពីតំបន់ទ្រនាប់ដែលមានរាងដូចក្រចកជើងសេះមួយនេះនៅថ្ងៃទី១០ខែតុលាហើយយុទ្ធជនរ៉ាឌីកាល់ត្រូវចាកចេញត្រឹមថ្ងៃចន្ទ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ខ្លួនមិនបានសង្កេតឃើញជនជីហាដនិយមណាមួយចាកចេញពីតំបន់គ្មានយោធាទេត្រឹមពេលពាក់កណ្ដាលយប់។
យោងតាមក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយនេះបានឲ្យដឹងថា គ្រាប់កាំភ្លើងត្បាល់ដែលបាញ់កាលពីល្ងាចថ្ងៃសៅរ៍ចេញពីតំបន់ទ្រនាប់តាមការគ្រោងទុកនេះបានបង្ហាញថា ផ្នែកដំបូងនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានអនុវត្តពេញលេញនោះទេ។
ប្រធានក្រុមឃ្លាំមើលលោក Rami Abdel Rahman បាននិយាយថា “ជនជីហាដដែលមិនដកថយបានផ្តល់ឲ្យរបបស៊ីរីនិងរុស្ស៊ីបើកប្រតិបត្តិការយោធានៅក្នុងតំបន់គ្មានយោធា”។
ក្រុមឃ្លាំមើលបាននិយាយថា កាលពីល្ងាចថ្ងៃសៅរ៍ គ្រាប់កាំភ្លើងត្បាល់ធុនធ្ងន់ត្រូវបានបាញ់ចេញពីតំបន់ទ្រនាប់ចូលទៅក្នុងទឹកដីរបបស៊ីរីដោយបានសម្លាប់ទាហានចំនួនពីរនាក់៕ AFP
Source: Kampuchea Thmey Daily
0 Comments