Ad Code

ស្ពាន​ឈើ​ប្រវែង​១៨៣​ម៉ែត្រ​នៅ​ប្រាសាទ​បេង​មាលា​ កំពុង​ជួសជុល​ឡើងវិញ​ហើយ



សៀមរាប​ ៖​ ប្រាសាទ​បេង​មាលា​ បើ​ទោះ​បី​ស្ថិតនៅ​ឆ្ងាយ​ពី​តំបន់​អង្គរ​ ហើយ​មាន​ការ​បែកបាក់​ច្រើន ក៏ប៉ុន្តែ​នៅ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​លើ​ស្ថាបត្យកម្ម​សំណង់ ទេសភាព ពិសេស​ស្ពានឈើ​សម្រាប់​ដើរ​ទស្សនា​ប្រាសាទ។

ប៉ុន្តែ​ដោយសារ​កត្តា​អាយុកាល អាកាសធាតុ បាន​ធ្វើឱ្យ​ស្ពានឈើ​ ដែល​សង់​ឡើង​កាលពី​ឆ្នាំ​២០០២ រង​នូវ​ការ​ពុក​ផុយ​ដោយ​អន្លើ​ ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់ ហើយ​ស្ថានភាព​ស្ពាន​តូច​ចង្អៀត ពិបាក​ទេសចរ​ធ្វើដំណើរ​ និង​ដើរ​ជៀស​គ្នា​ផង​នោះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សា​មេ​ត​ បាន​រុះ​ស្ពាន​ចាស់​ធ្វើ​ថ្មី​ទាំងស្រុង មាន​ទំហំ​ធំ​ជាង​មុន និង​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​ស្ពាន​សរុប​២៦៣​ម៉ែត្រ។

​លោក​ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ដំណើរការ​ជួសជុល​ស្ពានឈើ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួលខុសត្រូវ​លើ​បច្ចេកទេស​ជួសជុល រីឯ​ក្រុមហ៊ុន ខាំ សា​មេ​ត ជា​អ្នក​ផ្តល់​ថវិកា​ទិញ​សម្ភារៈ។ ក្នុង​ការ​ជួសជុល​យើង​ប្រើ​ឈើ​អស់​ចំនួន​ជាង​៨០​ម៉ែត្រ​គូប មាន​ឈើ​បី​ប្រភេទ គឺ​ផ្ចឹក គគីរ និង​រាំង ដែល​ធន់​នឹង​អាកាសធាតុ ហើយ​ធានា​គុណភាព​បាន​យូរ​ឆ្នាំ។

លោក​រដ្ឋា បន្ត​ទៀត​ថា ការ​ជួសជុល​នេះ​ធ្វើឡើង​ក្នុង​បំណង​ការពារ​សុវត្ថិភាព​អ្នកទស្សនា​ ដែល​កើន​ឡើងជា​លំដាប់ ការពារ​មិន​ឱ្យ​ទេសចរ​ចុះ​ជាន់​លើ​ថ្ម​នាំ​ឱ្យ​រអិល ​ឬ​ធ្លាក់​នាំ​គ្រោះថ្នាក់​ដល់​ខ្លួន ហើយ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ និង​សម្រួលការ​ធ្វើដំណើរ​ជៀស​គ្នា​ថែមទៀត។ ចំពោះ​ការសាងសង់​វិញ ក្រុមការងារ​បុរាណ​វិទូ​និង​ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​យកចិត្តទុកដាក់​ខ្ពស់​និង​សិក្សា​យ៉ាង​ល្អិតល្អន់ ទាំង​ប្លង់ រួមទាំង​បញ្ចៀស​ហានិភ័យ​ផ្សេងៗ​ដល់​ថ្ម​ប្រាសាទ​ដោយ​ការ​មិន​ជីកដី​ដាំសសរ បើ​កន្លែង​ប៉ះ​ថ្ម គឺ​ប្រើ​សំបក​កង់ឡាន​ទ្រាប់​ពីលើ​ជៀសវាង​ការ​កកិត​។ ដោយឡែក សម្រាប់​ស្ពាន​ចាស់ ដែលមាន​ទំហំ​សមល្មម និង​មាន​ភាព​មាំទាំ​នៅឡើយ ក៏​ក្រុមការងារ​បន្ត​ការយកចិត្តទុកដាក់​ថែទាំ​ពង្រឹង​បន្ថែមទៀត​ដែរ​។​

​សូមបញ្ជាក់ថា ស្ពានឈើ​ដែលជា​សោ​ភ័​ណ្ឌ​ភាព​មួយ​នៃ​ប្រាសាទបេង​មាលា​នេះ កើតឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ក្រុមហ៊ុន​ភាពយន្ត​ហូលីវូដ​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​ធ្វើ​ស្ពានឈើ​ចូល​ទៅ​ក្នុង​ប្រាសាទ​សម្រាប់​ជញ្ជូន​សម្ភារៈ​ក្នុង​ការ​ថត​ភាពយន្ត ​និង​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ​ឲ្យ​ស្គាល់​ពី​ប្រាសាទ​បេង​មាលា​ផង។ ក្រោយមក​ដោយ​កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​កើន​ឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ខ្លះ​ជាន់​ថ្ម​ប្រាសាទ​ពេល​ដើរ​ទស្សនា ហើយ​មើល​ឃើញ​ពី​ប្រយោជន៍​នៃ​ស្ពានឈើ​នេះ​អាច​សង្គ្រោះ​ដល់​ប្រាសាទ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​បន្ត​ពង្រីក​ធ្វើ​ស្ពានឈើ​នេះ​ជា​បន្ត​ភ្ជាប់​ជាមួយ​ស្ពាន​ចាស់​រហូត​មក​សព្វថ្ងៃ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu