ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បង្ហាញលទ្ធផលបណ្ដោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ សម្រាប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ក្នុងនៅក្របខ័ណ្ឌទូទាំងប្រទេសប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន៩,៩១៩នាក់។
សម្រាប់រយៈពេល៤ថ្ងៃនេះ ចាប់ពីផ្តើមចុះឈ្មោះ តួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន២៨,៤៣២នាក់ ហើយអ្នកដែលបានលុបចេញពីបញ្ជីមានចំនួន៣,៦៦៧នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួន២៩៩នាក់។ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ www.necelect.org.kh ដើម្បីពិនិត្យមើលតារាងសម្អិត ប្រចាំថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
ចំណែកប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ អាចទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (app)។ ជាមួយគ្នានោះ គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងកែទិន្នន័យផងដែរ ប្រសិនបើមានកំហុសឆ្គង។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕
Source: Kampuchea Thmey Daily
0 Comments