ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា កំណែទម្រង់អប់រំនៅតែជាស្នូលនៃយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល គ្មានមនុស្សគឺមិនអាចធ្វើអ្វីបាននោះទេ។ ជាមួយនេះសម្តេចបានឲ្យតម្លៃទៅលើគុណភាពគ្រូថា ជាគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀនដើម្បីធ្វើឲ្យគុណភាពបង្រៀនកាន់តែល្អគឺនៅតែជាចំណុចពិសេសក្នុងកំណែទម្រង់វិស័យអប់រំ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមានការបំផុសវប្បធម៌គោរពដឹងគុណគ្រូ ឲ្យក្លាយទៅផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ដែលជាផ្នែកមួយនៃវប្បធម៌បង្រួបបង្រួមជាតិផងដែរ។ ការប្រមាថចំពោះគ្រូគឺជាអំពើអកតញ្ញូ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុង “ទិវាគ្រូបង្រៀន ៥ តុលា” ដែលបានប្រារព្ធធ្វើកាលពីព្រឹកថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានជាតិអប់រំ ។ ទិវាគ្រូបង្រៀនឆ្នាំនេះបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។
សម្តេចតេជោ ហ៊ុន សែន បានសំដែងការសប្បាយរីករាយដែលបានអញ្ជើញចូលរួមអបអរសាទរ ទិវាគ្រូបង្រៀននាពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡាដែលតែងតែរៀបចំពិធីអបអរសាទរទិវាទគ្រូបង្រៀនជាប់ជានិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទិវាគ្រូបង្រៀនឆ្នាំនេះគឺជាលើកទី ២១ ហើយតាមរយៈប្រធានបទឆ្នាំនេះគឺពិតជាមានតម្លៃខ្លាំងណាស់សម្រាប់គ្រូបង្រៀនទាំងអស់ក្នុងការបង្ហាញពីតម្លៃគ្រូបង្រៀនដែលបានចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានផ្តួចផ្តើមគំនិតបង្កើតទិវាគ្រូបង្រៀនដំបូងនៅកម្ពុជាដើម្បីជាការរំឭកគុណគ្រូតាមរយៈការបង្កើតទិវាគ្រូបង្រៀនកាលពីថ្ងៃ ទី ៣ ខែ កញ្ញា ឆ្នាំ ១៩៩៧ ដោយកំណត់យកថ្ងៃទី ៥ ខែ តុលា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាគ្រូបង្រៀននៃព្រះរាជាណាចក្រកម្ពុជា។ ទិវានេះគឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ ឲ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលពួកគាត់ជារៀមច្បងក្នុងការងារអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់ការពារ កសាង និង អភិវឌ្ឍមាតុភូមិលើគ្រប់វិស័យ ដែលពួកគាត់បាន និងកំពុងបំពេញការងារជាអ្នកអប់រំនិងជាសិល្បករផ្ទេរចំណេះដឹងផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើរៀនដើម្បីមានសីលធម៌ល្អនិងរៀន ដើម្បីរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។
សម្តេចតេជោបានបន្តថា រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល ២១ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការគិតគូរយកចិត្តទុកដាក់ខ្ពស់ផ្តល់តម្លៃនិងសេចក្តីថ្លៃថ្នូរជូនគ្រូបង្រៀន។ គ្រូបង្រៀននេះហើយបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ហើយរួមចំណែកសំខាន់ធ្វើឲ្យសង្គមកម្ពុជាបានចាកផុតពីប្រទេសក្រីក្រនិងឈានទៅមុខទៀតជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ជារួមដោយបានមើលឃើញថា ការអភិវឌ្ឍធនធានមនុស្សគឺត្រូវផ្តើមចេញពីគ្រូបង្រៀនដែលជាផ្នែកសំខាន់មួយក្នុងន័យនេះ ការគិតគូរយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ជាកិច្ចការចំពោះមុខមួយរបស់កម្ពុជា។ លើសនេះទៀតក្នុងរយៈពេលកន្លងមកនេះរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីបញ្ហាតម្រូវការគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគិតគូរអំពីការលើកម្ពស់សមត្ថភាពនិងគុណវុឌ្ឍិគ្រូបង្រៀនថែមទៀតផង។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានអនុវត្តគោលការណ៍សំខាន់របស់យើងក្នុងវិស័យអប់រំនេះ គឺ ”អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ”។ សម្តេចតេជោបានបន្តថា ពិតណាស់ថា រហូតមកដល់បច្ចុប្បន្ននេះ ការអប់រំនៅតែជាឤទិភាពមួយក្នុងចំណោមឤទិភាពទាំងឡាយ សម្រាប់អភិវឌ្ឍជាតិខណៈបច្ចុប្បន្ននេះ ទីផ្សារការងារក៏កាន់តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ ចំណេះវិជ្ជាជ្រៅជ្រះ និង បំណិនកម្រិតខ្ពស់ ហើយការលើកកម្ពស់វិស័យអប់រំនេះគឺនឹងធានាបាននូវការផលិតធនធានមនុស្សឲ្យប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់។
សម្តេចតេជោបន្តថា ចំពោះមុខយើងក៏នៅតែបន្តដោះស្រាយនូវបញ្ហាប្រឈមរបស់វិស័យអប់រំនេះ គឺដើម្បីធានាឲ្យមានតុល្យភាព រវាងការពង្រឹងគុណភាពអប់រំ និង ការពង្រីកបរិមាណព្រមទាំងជំរុញឲ្យមានការសិក្សារៀនសូត្រពេញមួយជីវិត ព្រោះការសិក្សារៀនសូត្រ គឺជាការងារមួយគ្មានទីបញ្ចប់។
ជារួមយើងឃើញថាបរិមាណក្នុងវិស័យអប់រំចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឲ្យមានការបង្កើនសាលារៀន គ្រូបង្រៀន (ពិសេសនៅតាមតំបន់ដាច់ស្រយាល) និង ការបង្កើនមូលដ្ឋានសម្ភារៈថែមទៀត ដើម្បីដោះស្រាយកំណើនសិស្សនិស្សិតនេះ ។ ក្នុងស្មារតីនេះយើងពិតជាត្រូវការកម្លាំងសរុបរបស់ជាតិទាំងមូល ដោយរួមគ្នាដោះស្រាយដោយមិនត្រូវទុកឲ្យកូនចៅយើងណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេស ចំពោះក្រុមងាយរងគ្រោះ ដែលត្រូវយកចិត្តទុកដាក់ជាបឋមនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា មានរឿងទី២ដែលសម្តេចបានខិតខំធ្វើនៅពេលនោះ ហើយ ឆ្នាំនេះបានកើតទៅជាទិវាគ្រូបង្រៀនដែលមានរយៈពេល ២១ ឆ្នាំ នោះគឺការបង្កើតទិវារំលឹកគុណគ្រូ។សម្តេចតេជោបានបន្តសម្តេចចង់អោយទិវាគ្រូបង្រៀននេះក្លាយទៅជាទិវាដែលយើងត្រូវធ្វើជាប្រចាំ ។ ទិវានេះយើងបានខិតខំបង្កើតនៅចាំបានថានៅក្នុងឆ្នាំ ១៩៩៧។ ពេលនោះ ខ្ញុំបានធ្វើកិច្ចការពីរដែលសំខាន់។ កិច្ចការទី ១. គឺលើកកម្រិតអាយុគ្រូបង្រៀនទាំងអស់ដែលកាលមុននេះ ត្រូវដាក់អោយចូលនិវត្តន៍នៅក្នុងអាយុ ៥៥ ឆ្នាំ ហើយឡើងដល់ ៦០ ឆ្នាំ ។ វាជាការសោកស្តាយមួយរបស់ខ្ញុំប្រសិនជាពេលនោះស្នើលើកនូវអាយុ(ចូលនិវត្តន៍)អោយដល់ ៦៥ ឆ្នាំគឺជាការល្អបំផុតហើយ ព្រោះនៅក្នុងវ័យ ៦០ (ឆ្នាំ) និង ៦៥ ឆ្នាំ គឺជាវ័យដែលកំពុងខ្លាំងក្លាខ្លាំងណាស់ប៉ុន្តែបែរជាវ័យត្រូវចូលនិវត្តន៍។ បញ្ហានេះ ក៏ជាបញ្ហាមួយដែលសម្តេចស្នើឲ្យមានការពិនិត្យវិនិច្ឆ័យនៅក្នុងក្របខណ្ឌគ្រូបង្រៀន តើយើងអាចគួរធ្វើយ៉ាងម៉េច ដើម្បីបង្កើនអាយុចូលនិវត្តន៍របស់គ្រូបង្រៀនទៅបាន? កាលពីមុនខ្ញុំបានត្រឹមតែលើកពី ៥៥ (ឆ្នាំ) មកដល់ត្រឹម ៦០ (ឆ្នាំ) គ្រប់ៗគ្នា។
នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវពានរង្វាន់លើកទឹកចិត្តសម្រាប់ លោកគ្រូ អ្នកគ្រូ ដែលបានទទួលជ័យលាភីផ្នែកប្រឡង តែងនិពន្ធ និង សូត្រកំណាព្យ ដោយផ្នែកសូត្រកំណាព្យលេខ ១ ទទួលបានថវិកាចំនួន៥លានរៀល , លេខ២ ទទួលបានថវិកា៤លានរៀល និងលេខ ៣ទទួលបានថវិកា៣លានរៀល។ ចំណែកឯផ្នែកតែងនិពន្ធវិញលេខ១ទទួលបាន ៥លានរៀល , លេខ២ទទួលបាន៤លានរៀល និងលេខ៣ ទទួលបាន៣លានរៀល៕
Source: Kampuchea Thmey Daily
0 Comments