Ad Code

ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី នឹងសិក្សា​ពី​ចំណុចខ្សោយ​ក្រោយ​ខកចិត្ត​នៅ​ឆ្នាំ​២០១៨​នេះ ដើម្បី​ត្រៀម​ទទួល​រដូវ​កាល​ថ្មី



ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី បាន​សម្លឹង​ឃើញ​ចំណុចខ្សោយ​របស់ខ្លួន ក្រោយ​ក្រុម​​មិនអាច​ដណ្តើម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ឆ្នាំ​២០១៨​នេះ ពោលគឺ​ត្រឹម​ឈរ​កៅអី​ជើងឯក​រង ខណៈ​តំណែង​ជើងឯក​បាន​ទៅ​ក្រុម​ណាហ្គា​វើ​ល​។

​លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បាន​លើកឡើងថា «​មួយ​រដូវ​កាល​បាន​បញ្ចប់​។ ឆ្លងកាត់​នូវ​រឿងរ​រ៉ាវ​ជាច្រើន ចុងក្រោយ​យើង​មិនអាច​ការពារ​តំណែង​ជើងឯក​របស់​យើង​បាន​។ នេះ​ជា​កីឡាបាល់ទាត់ យើង​នឹងសិក្សា​ពី​ចំណុច​ខ្វះខាត​ដើម្បី​ត្រឡប់​មកវិញ​នៅ​រដូវ​កាល​ក្រោយ​អោយ​ប្រសើ​រជាង​នេះ​»​។



អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​នេះ​បាន​បន្ត​ថា «​អរគុណ​ដល់​ក្រុមការងារ គ្រូបង្វឹក បុគ្គលិក កីឡាករ​ទាំងអស់​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ក្លិប​កាន់តែ​ខ្លាំងក្លា អរគុណ​ថ្នាក់ដឹកនាំ​ក្លិប​ដែល​បាន​ចំណាយ​ថវិកា និង​ពេលវេលា​ផ្ទាល់​ដើម្បី​ដឹកនាំ​ក្លិប​អោយ​កាន់តែ​ជោគជ័យ​ថែមទៀត​។ ចុងក្រោយ​អរគុណ​ដល់​ក្រុមហ៊ុន​ដែលជា​ដៃគូ​ឧបត្ថម្ភ​ទាំងអស់​ដែល​បាន​ជួយ​សហការ​ជាមួយ​ក្លិប​។ ជាពិសេស​ចុងក្រោយ​អរគុណ​ដល់​អ្នកគាំទ្រ​យើង​ទាំងអស់​ដែល​តែងតែ​ជួយ​ផ្តល់​កម្លាំងចិត្ត​។ អរគុណ​ផង​ដែរ​ដល់​អ្នកគាំទ្រ​គ្រប់​ក្រុម​ទាំងអស់​ ដែល​មក​ចូលរួម​គាំទ្រ​បាល់ទាត់​លីគ​។ សូម​ជូនពរ​អោយ​អ្នក​ទាំងអស់គ្នា​ទទួលបាន​ក្តី​សុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច 🙏 ជួបគ្នា​រដូវ​កាល​២០១៩»​។

សម្រាប់​រដូវ​កាល​ឆ្នាំ ២០១៨ នេះ​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​១៥​លើក ស្មើគ្នា​៤​លើក និង​ចាញ់​៣​លើក មាន​៤៩​ពិន្ទុ​ក្នុង​ដៃ ពោល​គឺ​ចាញ់​ក្រុម​ជើងឯក​ណាហ្គា​វើ​ល​៧​ពិន្ទុ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ណាហ្គា​វើ​ល​។

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែល​មាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២ប្រចាំទ្វីបអាស៊ី AF Cup ផងដែរ​តែធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាមពូល​ដូចគ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu