ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ហើយត្រូវបានរថយន្ដសង្គ្រោះឯកជនដឹកចេញភ្លាមៗ បន្ទាប់ពីផឹកស្រាស្រវឹងហើយបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចខាតអស់ចំនួនមួយផ្ទាំង និងបណ្តាលឲ្យរថយន្តបែកធុងប្រេងខូចខាតផ្នែកខាងមុខទាំងស្រុងទៅមុខលែងរួច កាលវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះដោយមិនបានស្គាល់ឈ្មោះដោយដឹងថា ជាមន្ត្រីរាជការ ដែលជិះរថយន្តម៉ាក ហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AH-5992 បើកក្នុងទិសដៅពីកើតទៅលិច។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុពួកគាត់ឃើញរថយន្តបង្កខាងលើបើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយបើករ៉េចង្កូតមកផ្នែកខាងឆ្វេង ហើយបានបុក ក្បាលនាគពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលពេញទំហឹងបណ្តាលឲ្យខ្ទាតរថយន្ត ទទឹងផ្លូវ នឹងខូចខាត ឃឿនចំនួន១កង់និងបណ្តាលឲ្យ តៃកុងរងរបួសបែកក្បាលដោយបុកនឹងកញ្ចក់រថយន្ត ចំណែកឯរថយន្តវិញ បានផ្ទុះពោងសុវត្ថិភាព និងបែកធុងប្រេង រងការខូចខាតរថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលគ្រោះថ្នាក់ភ្លាមៗជនរងគ្រោះ ត្រូវបានត្រូវបានរថយន្ដសាមុយឯកជនសម្ភពរស្មីដឹកយកមកសង្គ្រោះ ភ្លាមៗផងដែរ លុះមួយសន្ទុះមកស្រាប់តែមានស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះ បានមកមើលថែទាំជនរងគ្រោះភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុកំលាំងនគរបាលប៉ុស្តិ៍បានមកដល់ហើយ មិនទាន់ទាក់ទងហៅជំនាញផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យផង ស្រាប់តែមានជំនាញចរាចរណ៍ រាជធានីភ្នំពេញបានមកស្ទូចរថយន្តបង្កខាងលើយកទៅរក្សាទុកបាត់។ គេសង្ស័យថា ជនរងគ្រោះជាមនុស្សជំនិត ឬ ស្គាល់សមត្ថកិច្ចច្បាស់ណាស់ ទើបសមត្ថកិច្ចនគរបាលចរាចរក្រុងមកលឿនជាងនគរបាលចរាចរខណ្ឌទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments