Ad Code

នាយករដ្ឋមន្ដ្រី បញ្ជា​ឲ្យ​បញ្ឈប់​ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី​ចំនួន ២ កណ្តាល និង មណ្ឌលគិរី ដែល​ស្នើ​ដោយ​រដ្ឋមន្ដ្រី​មហាផ្ទៃ​កន្លងមក



​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានប្រកាស​លុបចោល​កា​រ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​បន្ថែមទៀត​ដែល​បំបែក​ចេញពី​ខេត្តកណ្តាល​និង​មណ្ឌល​គី​រី ហើយ​សម្តេច​ក៏បាន​ឲ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ធ្វើ​និរាករណ៍​ចោល​ទាំងអស់​នូវ​អ្វីដែល​បានប្រកាស​អំពី​ការបង្កើត​ខេត្ត​ថ្មី​ពីរ​បន្ថែម​។

ការ​ថ្លែង​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក កាលពី​ព្រឹក​ថ្ងៃទី​៥ ខែតុលា​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ សម្តេច​តេ​ជោ​បាន​ថ្លែង​ថា ​កាលពី​ម្សិលមិញ​(៤​តុលា​)​សម្តេច​បាន​ទូរស័ព្ទ​ទៅ​សម្តេច​ក្រឡាហោម ស ខេង មុន​ថា​ថ្ងៃនេះ​ខ្ញុំ​ឲ្យ​បញ្ចប់​ការសិក្សា​បែងចែក​ខេត្តកណ្ដាល​និង​ខេត្តមណ្ឌលគិរី​ទាំងអស់​។​សម្តេច​បាន​បញ្ជាក់ថា​គ្មាន​ការបង្កើត​ខេត្ត​ថ្មី​ទៀត​ទេ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា «​ហេតុ​អី​?​កាល​ពេល​យើង​បង្កើត​ខេត្ត​ត្បូងឃ្មុំ​នោះ គឺ​វា​ស្ងាត់​ជ្រាប​រហូតដល់​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ខេត្ត​។ ក៏ប៉ុន្តែ​លើក​នេះ​ចំណារ​យល់ព្រម​ពី​នាយករដ្ឋមន្ត្រី​មក បែកចេញ​អស់រលីង​... បើ​និយាយ​ពី​គណបក្ស​ខេត្តកណ្តាល​វិញ​គឺ​ត្រូវ​ធ្ងន់​តែម្តង គេ​សរសេរ​ក្នុងនាម​គណបក្ស​ហើយ​ចុះហត្ថលេខា​...​ឲ្យ​អ្នកណា​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី​។ ចំណារ​ត្រឡប់​ទៅវិញ​អក្សរ​ក្រហម ប្រញាប់​ងាប់​ទៅណា​?... ឯង​មិនទាន់​ទាំង​ធ្វើ​ស្អី​ផង មិនទាន់​ទាំង​សម្រេច​បង្កើត ឬ​មិនបង្កើត​ផង វា​ចែក​គ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ​។ ​ឥឡូវនេះ​រាលដាល​ដល់​ស្ថាប័ន​ព្រោះ​បើ​ត្រូវធ្វើ ធ្វើ​ឲ្យ​បាន​មុន​បោះឆ្នោត​... ។ ឥឡូវ​ឈប់​នៅ​ឲ្យ​ស្ងៀម​បាន​ហើយ មហាផ្ទៃ​បិទ​កុំព្យូទ័រ​ចោល​ឲ្យ​អស់​ថ្ងៃនេះ កុំ​ធ្វើ​អ្វី​បន្ត​ទៅ​ទៀត ខ្ញុំ​គ្មាន​ពេល​ស៊ី​ញ៉េ​គ្មាន​ពេល​អី​ទៀត​ទេ ។ រួចហើយ​មន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​យក​សេចក្តី​ប្រកាស​របស់ខ្ញុំ​ថ្ងៃនេះ​(៥ តុលា​) ចេញ​ស​.​ជ​.​ណ មួយ​បញ្ចប់​តែម្តងទៅ ...​។ ថ្ងៃនេះ​មិន​ចាំ​បាច់ ខេង (​សម្តេច​ក្រឡាហោម​សខេង​)​យក​ទៅ​ឲ្យ​ខ្ញុំ​ស៊ី​ញ៉េ​ទេ​យក​សេចក្តីប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​៥​ខែតុលា​នេះ​ចេញ​ស​.​ជ​.​ណ បញ្ចប់​ការស្រាវជ្រាវ​លើ​ការបែងចែក​ខេត្តកណ្តាល​និង​ខេត្ត​មណ្ឌល​គី​រី​ឲ្យ​ឆាប់​ចប់​»​។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា អា​ក្រុម​ខិលខូច​មួយចំនួន​ដែល​ចាប់ផ្តើម​ផ្គូផ្គង​ហើយ​លុយ​នោះ​តាម​យក​ត្រឡប់មកវិញ​។ សម្តេច​បន្តថា កុំ​បាច់​យក​ហេតុផល​បង្ខិត​សេវា​ទៅជិត​ប្រជាជន បញ្ហា​វា​នៅត្រង់ថា​យើង​ធ្វើ​ឬ​មិន​ធ្វើ​តែ​ប៉ុណ្ណឹង​ទេ​... ។ សម្តេច​បន្តថា សម្តេច​ស្មានតែ​គេ​យល់​ទៅធ្វើ​ការ​ស្រាវ ជ្រាវ​ស្ងាត់ៗ​ដូច​ការ​ខេត្ត​ត្បូងឃ្មុំ តែ​បែរជា​យកទៅ​ផ្សព្វផ្សាយ​មិនបាន ២៤ ម៉ោង​ផង​បែកធ្លាយ ប៉ាត​ណា ប៉ាត​ណី​... ។ ... វា​បាន​ក្លាយទៅជា​សាច់ជ្រូក​បី​ជាន់​សម្រាប់​អាម​ន្ត្រី​ខិលខូច​ទៅទៀត ហើយ​បើ​ខេត្ត​កណ្តា លវា​ទៅ​ម៉ា​គណបក្ស​តែម្តង ...​។ វា​ទៅជា​ឆ្កួត​អស់​តែម្តង​ទៅណា​ព្រោះ​វា​រាលដាល​ទៅដល់​ស្ថាប័ន​ផ្សេងៗ ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ ...​។​

​ ​សូមជម្រាបថា ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ​។ ពាក់ព័ន្ធ​សំណើ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ធ្វើការ​សិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ពីរ ដោយ​ខេត្ត​ថ្មី​ទីមួយ​គឺ​បំបែក​ចេញពី​ខេត្តកណ្ដាល ចំណែក​ខេត្ត​មួយទៀត​គឺ​ដោយ​ពិនិត្យ​លើ​កត្ដា​ភូមិសាស្ត្រ​និង​ប្រជាសាស្ដ្រ​របស់​ស្រុក​កោះ​ញែក​នៃ​ខេត្តមណ្ឌលគិរី​និង​ស្រុក​លំផាត់​នៃ​ខេត្តរតនគិរី​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែសីហា ២០១៨ បាន​ចារ​យល់ព្រម​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​២​ហើយ​។ ប៉ុន្ដែ​ដោយ​បែកធ្លាយ​បញ្ហា​រត់ការ​បែងចែក​តំណែង​តួនាទី​គ្នា​មុន​ការបង្កើត​ខេត្ដ​នោះ ទើប​សម្ដេច​សម្រេច​លុប​ចោល​វិញ​។

​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ​ការសិក្សា​លទ្ធផល​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​នេះ​គឺ​ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ការ​ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​និង​ការ​ផ្ដល់​សេវាសាធារណៈ​ឲ្យ​ខិតជិត​ជូន​ប្រជាពលរដ្ឋ​។



ក្នុង​លិខិត​នោះ​ បញ្ជាក់​ទៀត​ថា ការរៀបចំ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​នេះ នឹង​ធ្វើ​ឲ្យ​ចប់​សព្វ​គ្រប់​នៅ​ខែមករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេល​វេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​។

បន្ទាប់ពី​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​មិនបាន​ប៉ុន្មាន​ម៉ោង​ផង ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានចេញ ស ជ ណ មួយ​សម្រេច​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី​ដែល​គ្រោង​បំបែក​ចេញពី​ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី​-​រតនគិរី​។

នៅក្នុង ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ផ្ញើ​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៨​នេះ​បានបញ្ជាក់​យ៉ាង​ដូច្នេះ «​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សូម​ជម្រាប​ជូន​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជ្រាប ចំពោះ​ករណី​ស្នើសុំ​បង្កើត​ថ្មី​ចំនួន​២​ចេញពី​ខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី រាជរដ្ឋាភិបាល​សម្រេច​បញ្ឈប់​ការសិក្សា​ស្រាវជ្រាវ​ចាប់ពីពេលនេះ​តទៅ​»​។

​បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ការសម្រេច​លុប​នេះ​ដោយសារ​តែ​មាន​ដំណើរការ​នៃ​ការសិក្សា​ត្រូវ​បាន​ទម្លាយ​ឯកសារ​យ៉ាង​ព្រោងព្រាត​ផ្ទុយ​ពី​ការសិក្សា​បង្កើត​ខេត្ត​ត្បូងឃ្មុំ។ មួយវិញទៀត​គ្រា​ដែល​ខេត្ត​មិនទាន់​ទាំង​សម្រេច​បង្កើត ឬ​យ៉ាងណា​ផង​នោះ បែរជា​មាន​អ្នករត់​ការយក​តំណែង​គ្រប់គ្រង​ក្នុង​ខេត្ត​ទាំងនេះ​។ ការបញ្ឈប់​ការស្រាវជ្រាវ​នេះ​ក៏បាន​ធ្វើ​ឲ្យ​មេខ្យល់​រត់ការ​ឡើង​តំណែង​ត្រូវ​ប្រកាច់​ស្អាត​តែម្តង​ព្រោះ​ត្រូវ​សងលុយ​ទៅ​គេ​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu